កម្មករ​រោងចក្រ វីងស្តារស៊ូ នៅ​កំពង់ស្ពឺ​ចូល​ធ្វើការងារ​វិញ​ក្រោយ​ថៅកែ​ព្រមាន​កាត់លុយ​ទាំងស្រុង

រោងចក្រ​ផលិត​ស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិត​ក្នុងឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

កម្មករ-កម្មការិនីបម្រើការងារ​នៅរោងចក្រ​ផលិត​ស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) ស្ថិត​ក្នុងឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាននាំគ្នាចូលធ្វើការងារវិញនៅថ្ងៃពុធនេះ ក្រោយថៅកែព្រមានកាត់លុយទាំងស្រុងនៅអំឡុងពេលតវ៉ារយៈពេលជាង១សប្តាហ៍។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កម្មករ-កម្មការិនីរាប់ពាន់នាក់របស់រោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៣ ជាង៣ម៉ោង នៅត្រង់ចំណុចហួសពីផ្សារត្រាំខ្នាប្រមាណ៦គីឡូម៉ែត្រ ឆ្ពោះទៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោយពីតវ៉ាទាមទារប្រាក់ថ្លៃបាយ ប្រាក់ថ្លៃឈ្នួលរថយន្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត ជាងមួយសប្ដាហ៍ មិនទទួលបានដំណោះស្រាយ។

កម្មការិនីផ្នែកដេរ កញ្ញា ស៊ុន សុភាព ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា កម្មករសុំឱ្យថៅកែផ្ដល់ថ្លៃរថយន្តឈ្នួល និងប្រាក់ថ្លៃបាយបន្ថែម ដោយសារតែទំនិញនៅទីផ្សារឡើងថ្លៃ និងម្ចាស់រថយន្តឈ្នួលសុំឡើងថ្លៃដែរ ខណៈប្រេងសាំងកំពុងហក់ឡើងខ្ពស់។

កញ្ញាបន្ថែមថា៖ «យើងទាមទារឱ្យឡើងថ្លៃឡានឈ្នួល ដោយសារតែពេលនេះប្រេងឡើងថ្លៃ ឥលូវម្ចាស់ឡានឈ្នួលគេសុំឡើង៤៥ ០០០រៀល កាលពីមុនថ្លៃឈ្នួលតែ៤០ ០០០រៀលទេ។ ហើយបើនិយាយពីទំនិញវិញក៏ឡើងថ្លៃដែរ រកលុយមកទិញស្នើមិនគ្រប់គ្រាន់ ព្រោះយើងធ្វើការបានតែជាង២០០ដុល្លារទេក្នុងមួយខែ។ ហើយម្យ៉ាងទៀត រោងចក្រនេះមិនដូចរោងចក្រគេផ្សេងៗទេ រោងចក្រគេផ្សេង គេឱ្យលុយដុល្លារ រោងចក្រនេះឱ្យលុយខ្មែរ»

កម្មករម្នាក់ទៀត លោក សៀង ប្រុស និយាយថា ក្រុមកម្មករក៏ទាមទារឈប់បង់លុយទៅឱ្យសហជីពមួយចំនួននៅក្នុងរោងចក្រនេះផងដែរ។ លោកថា នៅក្នុងរោងចក្រ វីង ស្ដារ ស៊ូ មានសហជីពប្រហែល៥សហជីព ដោយសហជីពមួយចំនួនមិនការពារផលប្រយោជន៍របស់កម្មករ ប៉ុន្តែយកលុយពីកម្មករម្នាក់២០០០រៀលរៀងរាល់ខែ។

កម្មកររូបនេះបន្តថា កម្មករសម្រេចចូលធ្វើការងារវិញទាំងបង្ខំចិត្ត ខណៈសំណើទាមទាររបស់ពួកគេមិនទាន់ដោះស្រាយបានមួយចំណុចណាមួយឡើយ។

លោកបន្ថែមថា៖ «យើងបានដាក់សំណើទៅខាងលើហើយ ប៉ុន្តែគ្រាន់តែគេមិនទាន់បានផ្ដល់ដំណឹងឱ្យកម្មករវិញ ថាគេសម្រេចយ៉ាងម៉េចនៅឡើយ។ ហើយកម្មករចូលធ្វើការងារវិញនេះ ជាលក្ខណៈថា រង់ចាំស្ដាប់ដំណឹងពីថ្នាក់លើដែរទេ។ បើក្រុមហ៊ុនយល់ព្រមតាមសំណើរបស់កម្មករ យើងនៅធ្វើការរហូតទៅ ប៉ុន្តែអត់យល់ព្រមទេ អាហ្នឹងកម្មករអាចផ្ទុះការតវ៉ាទៀតក៏មិនដឹង»

វីអូឌី មិនអាចសុំការឆ្លើយតបពីភាគីរោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ បានទេ ពាក់ព័ន្ធករណីនេះ។

ប៉ុន្តែបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ គឺក្រុមហ៊ុនផលិតស្បែកជើង វីង ស្តារ ស៊ូ បានតម្រូវឱ្យកម្មករទាំងអស់ចូលធ្វើការងារតាមកន្លែងនិងតាមក្រុមវិញ ដោយក្រុមហ៊ុនសម្រេចរក្សាប្រាក់ឈ្នួល៥០ភាគរយអំឡុងពេលធ្វើកូដកម្មរយៈពេល៥ថ្ងៃ និងសំណើផ្សេងៗរបស់កម្មករ ក្រុមហ៊ុននឹងបន្តចរចាដោះស្រាយជាបន្តបន្ទាប់ទៀត។

ក្រុមហ៊ុននេះក៏បានទទូចដល់ក្រុមកម្មករទាំងអស់ឱ្យបន្តការអត់ធ្មត់ និងដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកតាមគោលការណ៍ច្បាប់ ជាជាងការធ្វើកូដកម្មដែលធ្វើឱ្យខាតប្រយោជន៍ទាំងសងខាង។

ក្រុមហ៊ុនព្រមានថា ប្រសិនបើកម្មករមិនចូលធ្វើការងារតាមការកំណត់ទេ គឺក្រុមហ៊ុននឹងកាត់ប្រាក់ឈ្នួល១០០ភាគរយអំឡុងពេលធ្វើកូដកម្មនេះ។ មួយទៀត ក្រុមហ៊ុននឹងអនុវត្តតាមដីកាសម្រេចរក្សាការពាររបស់សាលាដំបូងខេត្តកំពង់ស្ពឺ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ លោក ចឹង បូរិន មានប្រសាសន៍ថា ករណីក្រុមកម្មករធ្វើកូដកម្មនេះ គឺធ្វើឡើងខុសនីតិវិធី ដោយសារពួកគេមិនបានជូនដំណឹងមុនត្រឹមត្រូវឡើយ។

យ៉ាងណាលោកថា ក្រោមការសម្របសម្រួលពីមន្ទីរការងារ និងអាជ្ញាធរពាក់ព័ន្ធ គឺកម្មករបានចូលធ្វើការងារវិញ ក្រោយពីថៅកែព្រមផ្តល់ប្រាក់ឈ្នួល៥០ភាគរយអំឡុងពេលធ្វើកូដកម្មរយៈពេល១សប្តាហ៍។

លោកបន្ថែមថា៖ «ឥលូវនេះ ពួកគាត់សះជាគ្នាវិញហើយ។ ពួកគាត់ចូលធ្វើការងារវិញអស់ហើយ។ ការតវ៉ានេះ ពីដំបូងឡើយ ពួកគាត់យល់ច្រឡំរឿងថ្ងៃឈប់សម្រាក ថ្ងៃអាទិត្យ អត់លើកថ្ងៃ ក្រោយគាត់តវ៉ាទាមទារឱ្យខាងរោងចក្ររក្សាលុយទាំងអស់អំឡុងពេលពួកគាត់ធ្វើកូដកម្ម។ ឥលូវខាងរោងចក្រសម្រេចរក្សា៥០ភាគរយ ហើយកម្មករព្រមចូលធ្វើការងារវិញ»

បើតាមកម្មកររោងចក្រ រោងចក្រផលិតស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) មានកម្មករជាង១ម៉ឺននាក់បានផ្ទុះការតវ៉ាព្រមគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ