តុលាការ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ចាងហ្វាង​កាសែត ខ្មែរថាមស៍

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan ។ រូបភាព៖ បណ្ដាញសង្គម

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ បានបើកសវនាការជំនុំជម្រះកំបាំងមុខលើបទ «​រុកកួន​ខាង​ផ្លូវភេទ» របស់ចាងហ្វាងកាសែត ខ្មែរថាមស៍ ខណៈទាំងជនជាប់ចោទ លោក T. Mohan និងមេធាវីការពារក្ដី ពុំបានបង្ហាញខ្លួនក្នុងសវនាការឡើយ។

ករណីខាងលើនេះទាក់ទងនឹងការចោទប្រកាន់ដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៩កន្លងទៅ ដោយអតីតបុគ្គលិកស្រីម្នាក់ អ្នកនាង April Reposar ដែលធ្លាប់បានលើកឡើងថា ខ្លួនបានសម្រេចដាក់ពាក្យសុំលាឈប់ពីការងារហើយត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ដើម្បីគេចពីការស្នើសុំផ្ដល់ប្រាក់ជាថ្នូរនឹងការចង់រួមដំណេកជាមួយនាង។ ទោះជាយ៉ាងណា លោក T. Mohan បានច្រានចោលការចោទប្រកាន់នេះ។

ចៅក្រម កុយ សៅ នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ បានចាប់ផ្ដើមសវនាការដោយអានអង្គហេតុដែលកើតឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ហើយថាអ្នកនាង April Reposar​ និងលោក T. Mohan បានចូលរួមពិធីជប់លៀងមួយរៀបចំឡើងដោយអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅសណ្ឋាគារ Raffles Le Royal នៅរាជធានីភ្នំពេញ។

នៅពេលនោះ លោក T. Mohan ត្រូវបានចោទប្រកាន់ថាបានលួងលោមផ្ដល់ផ្ទះ​ល្វែង (Apartment) ដល់អ្នកនាង April Reposar​ ដោយនិយាយថា នាង​ត្រូវតែ​មានវត្តមានគ្រប់​ពេល​ដែល​លោក​ត្រូវការ។ លោកចៅក្រម​បាន​ឱ្យដឹងទៀត​ថា អ្នក​ទាំង​ពីរ​បាន​បន្ត​ជជែក​គ្នា​តាមរយៈបណ្ដាញសង្គម WhatsApp ដោយលោក T. Mohan នៅតែបន្តស្នើរួមដំណេកជាមួយនាង។

យោងតាមសារណារបស់មេធាវីការពារអ្នកនាង April Reposar ដែលត្រូវបានអាននៅក្នុងតុលាការ បានឱ្យដឹងថា ដើមបណ្ដឹងក៏បានទាមទារសំណងជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារផងដែរ។

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៥០ បានបញ្ញតិ្ដថា «អំពើរុកកួនខាងផ្លូវភេទ គឺជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឱ្យ ធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ» ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ដល់ ៣ (បី) ខែ។

ថ្លែងនៅក្នុងសវនាការ លោក ហំ ភា ជាមេធាវីរបស់ដើមបណ្ដឹង បានរៀបរាប់ដោយលម្អិតថា លោក T. Mohan បានព្យាយាមលួងលោមកូនក្ដីរបស់ខ្លួនឱ្យរួមដំណេកជាមួយលោក ហើយដោយសារតែរងនូវសម្ពាធ ការភ័យខ្លាច និងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន អ្នកនាង April Reposar ក៏សម្រេចលាឈប់ពីការងារនោះ។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត មិនមានយោបល់បន្ថែមលើករណីនេះនោះទេ។

លោក ហំ ភា បន្ថែមថា លោកមិនដឹងពីមូលហេតុដែលជនជាប់ចោទ និងមេធាវីការពារក្ដី ពុំបានបង្ហាញខ្លួនក្នុងសវនាការឡើយ។ ទោះជាយ៉ាងណា លោកថា សវនាការនៅតែបន្តជំនុំជម្រះដោយកំបាំងមុខ ហើយជនជាប់ចោទអាចជំទាស់នឹងសាលក្រមបាន។

ទាក់ទិននឹងករណីនេះ លោក T. Mohan មិនបានឆ្លើយតបនឹងសំណួរដែលផ្ញើតាមរយៈអ៊ីមែលកាលពីព្រឹកថ្ងៃអង្គារឡើយ ប៉ុន្តែលោកធ្លាប់បានបដិសេធកាលពីពេលកន្លងទៅ នូវការចោទប្រកាន់ដោយអ្នកនាង April Reposar ដោយបានហៅការចោទប្រកាន់ពីសំណាក់អតីតបុគ្គលិករបស់លោកថាជារឿងប្រតិដ្ឋ និងចង់បង្ខូចកិត្តិយសលោកតែប៉ុណ្ណោះ ខណៈលោកបន្ថែមថា នាងជាអ្នកស្នើសុំដោយស្ម័គ្រចិត្តធ្វើជាដៃគូជីវិតរបស់លោកទៅវិញទេ។

គួរបញ្ជាក់ថា លោកចៅក្រម កុយ សៅ គ្រោង​នឹង​ប្រកាស​សាលក្រមលើករណីនេះ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ខាងមុខ។

ជាមួយគ្នានេះ អ្នកនាង April Reposar ក៏បានបញ្ជាក់ឱ្យដឹងតាមរយៈអ៊ីមែលពីប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារថា ខ្លួនមានការព្រួយបារម្ភបន្តិចបន្តួចដែរ ប៉ុន្តែអ្នកនាងចង់ឃើញសវនាការនេះដំណើរការទៅមុខ។

អ្នកនាងថា៖ «ខ្ញុំចង់ឈ្នះរឿងក្ដីនេះ ព្រោះអ្វីដែលខ្ញុំលើកឡើងសុទ្ធតែជាការពិត។ គាត់​បាន​ធ្វើ​ឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់ខ្ញុំ ដែលគ្មានអ្វី​អាចយកមក​ប៉ះប៉ូវ​វិញបានឡើយ។ ខ្ញុំក៏សង្ឃឹមផងដែរថា គាត់នឹងមិនធ្វើសកម្មភាពនេះចំពោះស្ត្រីដែលងាយរងគ្រោះដទៃទៀតនោះទេ»៕


រាយការណ៍បន្ថែមដោយលោក Michael Dickinson
បកប្រែចេញពីអត្ថបទដើមជាភាសាអង់គ្លេស៖ Sexual Harassment Trial Held Against Khmer Times Publisher

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ