ជនជាតិភាគតិច​នៅ​ខេត្តស្ទឹងត្រែង​ចោទ​ក្រុមហ៊ុន SK ថា​ឈូសឆាយ​ដំណាំ​និង​យក​ដីធ្លី​ពួកគេ

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកសេសាន ខេត្តស្ទឹងត្រែង បង្ហាញទីតាំងដីដែលអះអាងថាត្រូវបានក្រុមហ៊ុន SK រំលោភយក។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ចោទក្រុមហ៊ុនឯកជនមួយថាបានដាក់គ្រឿងចក្រឈូសឆាយផលដំណាំ និងរំលោភយកដីធ្លីរបស់ពួកគេ។

ជនជាតិដើមភាគតិចគ្រឹង លោក ភុក កាតែង ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ជនជាតិដើមភាគតិចគ្រឹង៥០គ្រួសារ រស់នៅភូមិរំពាត់ ឃុំតាឡាត់ ស្រុកសេសាន ត្រូវបានក្រុមហ៊ុន អេសខេ (SK) ដាក់គ្រឿងចក្រឈូសឆាយដំណាំ និងរំលោភយកដីធ្លីអស់ជាច្រើនហិកតាជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២២នេះ។

ជនជាតិដើមភាគតិចគ្រឹងរូបនេះ ឱ្យដឹងថា ដីស្រែរបស់លោក១ហិកតាត្រូវបានគ្រឿងចក្ររបស់ក្រុមហ៊ុនឈូសឆាយអស់កាលពីដើមខែឧសភានេះ។ លោកអះអាងថា ពួកគាត់កាន់កាប់អាស្រ័យផលលើដីមានជម្លោះនោះតាំងពីឆ្នាំ២០១៣ និងចាប់មានជម្លោះជាមួយក្រុមហ៊ុននៅឆ្នាំ២០១៩ រហូតមកដល់បច្ចប្បន្ននេះ។

លោកបន្ថែមថា៖ «ប្រជាជនយើងកំពុងរងទុក្ខលំបាក រឿងក្រុមហ៊ុនគេឈូសឆាយដីអស់ហើយ។ ខ្ញុំ២ហិកតា! ឥលូវគេឈូសយកអស់១ហិកតាហើយ នៅតែមួយហិកតាទេ។ មេឃុំ មេស្រុក អត់មានគិតគូរជួយដោះស្រាយប្រជាពលរដ្ឋទេ មិនដឹងជាគេគិតយ៉ាងម៉េច។ គេរុះរើផ្ទះសម្បែងយើង គេឈូសឆាយផលដំណាំ ដីស្រែដីចម្ការយើងពិតប្រាកដមែន»

លោក សឿង គឹមអន នៅភូមិរំពាត់ ឃុំតាឡាត់ ឱ្យដឹងថា ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយផលដំណាំពលរដ្ឋអស់ជាច្រើនហិកតា ដូចជា ដំឡូងមី ស្វាយចន្ទី និងស្រូវ ជាដើម។ លោកថា គ្រួសារលោកត្រូវបានក្រុមហ៊ុនឈូសឆាយស្រូវអស់២ហិកតា និងដំឡូងមី២ហិកតា។

ជនជាតិដើមភាគតិចគ្រឹងរូបនេះបន្តថា អ្នកភូមិបានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំនិងស្រុកជាច្រើនដងហើយ ក្រោយក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយដីធ្លីរបស់ពួកគេ ប៉ុន្តែអាជ្ញាធរទាំងនោះមិនបានជួយដោះស្រាយឡើយ។

លោក សឿង គឹមអន ឱ្យដឹងថា ពួកគាត់ជាអតីតពលរដ្ឋរស់នៅតាមដងទន្លេសេសាន ដែលត្រូវបានបណ្តេញចេញពីភូមិ ក្រោយពេលមានការសាងសង់ទំនប់សេសានក្រោម២។ លោកថា ពួកគាត់បានរងគ្រោះ២ដងហើយ ដោយលើកទី១ ត្រូវអាជ្ញាធរបណ្តេញចេញពីលំនៅឋាននៅមាត់ទន្លេ និងលើកទី២ នៅកន្លែងថ្មីនេះ ត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លីអាស្រ័យផលទៀត។

លោកបន្ថែមថា៖ «ដីស្រែដីចម្ការរបស់ពួកយើង គេឈូសអស់ហើយ។ ពលរដ្ឋយើងក្រីក្រ គាត់បាននាំគ្នាធ្វើស្រែ ដាំដំឡូង ដាំស្វាយចន្ទី គឺត្រូវគេឈូសឆាយអស់ហើយ។ កន្លែងដីយើងសោះ គេគំរាមចាប់ គេមិនឱ្យយើងធ្វើអី និងបានដេញពលរដ្ឋចេញ២ឬ៣ដងហើយ ប៉ុន្តែពួកខ្ញុំអត់ចេញ។ ខ្ញុំសូមអំពាវនាវអាជ្ញាធរថ្នាក់លើ ជួយដោះស្រាយផង ពួកខ្ញុំក្រីក្រណាស់ មិនធ្វើយ៉ាងម៉េចទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីមេឃុំតាឡាត់ លោក សឿន ខង និងតំណាងក្រុមហ៊ុន អេសខេ បានទេ ពាក់ព័ន្ធការចោទប្រកាន់នេះ។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ លោកថា ប្រសិនបើដូចការលើកឡើងរបស់ពលរដ្ឋមែន គឺពួកគេអាចដាក់សំណើសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន ឬទៅសាលាខេត្តផ្ទាល់ក៏បាន ដើម្បីអាជ្ញាធរពិនិត្យដោះស្រាយ។

លោកបន្ថែមថា៖ «ជាយោបល់ខ្ញុំ សុំឱ្យបងប្អូនប្រជាពលរដ្ឋដាក់សំណើមួយចូលអាជ្ញាធរមូលដ្ឋានមក ហើយបើសិនជាខ្លាចយឺតនៅមូលដ្ឋាន គាត់អាចដាក់ផ្ទាល់មកខេត្តមួយមក ដើម្បីយើងខ្ញុំមានមូលដ្ឋានរាយការណ៍ដាក់ជូនថ្នាក់ដឹកនាំលោកចេញគោលការណ៍សម្រាប់ឱ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតមើល ថារឿងហ្នឹងវាយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហាហ្នឹង»

នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេ៣ លោក លាង ប៊ុនលាភ មានប្រសាសន៍ថា ពលរដ្ឋជនជាតិដើមភាគតិចនៅឃុំតាឡាត់ ស្រុកសេសាន ភាគច្រើនបានរងផលប៉ះពាល់ពីគម្រោងទំនប់សេសានក្រោម​២ ហើយពួកគេបានទៅរស់នៅលើដីស្រែចម្ការនៅកន្លែងផ្សេងទៀត ដើម្បីគេចពីការជន់លិចដោយទឹកទំនប់។ លោកថា ករណីក្រុមហ៊ុនបណ្តេញឱ្យពួកគេចេញពីដីស្រែចម្ការ និងឈូសឆាយផលដំណាំពលរដ្ឋ ជារឿងមិនត្រឹមត្រូវ។

លោក លាង ប៊ុនលាភ ស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយបញ្ហានេះទៅតាមច្បាប់ ដែលជនជាតិដើមភាគតិចត្រូវទទួលបានជាប្រយោជន៍។

លោកបន្ថែមថា៖ «បើសិនជាគាត់ជាជនជាតិដើមភាគតិច យើងត្រូវដោះស្រាយជូនគាត់ទៅតាមគោលការណ៍ដីទាំង៥ចំណុច ដែលគាត់ត្រូវទទួលបាន ដែលមានចែងក្នុងច្បាប់របស់យើង កុំឱ្យមានការដកហូតដីពីគាត់ ឬធ្វើឱ្យគាត់បាត់បង់ផលប្រយោជន៍របស់គាត់ ដើម្បីចៀសវាងកើតមានភាពអយុត្តិធម៌លើពួកគាត់»។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ចេញផ្សាយកាលពីឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សជិត៥០០០នាក់ត្រូវបានបម្លាស់ទីលំនៅឋាន ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម​២ ដែលគ្រួសាររបស់ពួកគេបានរស់នៅទីនោះរាប់ជំនាន់មកហើយ និងបង្កផលប៉ះពាល់ដល់មុខរបររបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតដែលរស់នៅទាំងផ្នែកខាងក្រោមនិងផ្នែកខាងលើនៃទន្លេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ