កម្មករ​រោងចក្រ ឃែនធើរេន ស្នើ​ក្រសួងការងារ​ជួយ​ដោះស្រាយ​វិវាទ​ការងារ ក្រោយ​ថៅកែ​បិទទ្វារ​រោងចក្រ

កម្មករ-កម្មការិនីបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកញត្តិទៅដាក់នៅក្រួសួងការងារសុំអន្តរាគមន៍ដោះស្រាយវិវាទការងារនៅរោងចក្រនេះ ​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងកម្មករប្រមាណ៥០នាក់បម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ក្នុង​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បានដាក់ញត្តិនៅក្រសួងការងារ ដើម្បីស្នើឱ្យជួយដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។

កម្មករ-កម្មការិនីបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល បាន​នាំគ្នាតវ៉ានិងដាក់វេនគ្នាដេកយាម​មុខ​រោង​ចក្រជិត១ខែហើយ ដើម្បីការពារមិនឱ្យមានការដឹកសម្ភារផ្សេងៗចេញពីរោងចក្រ និងទាមទារឱ្យថៅកែចេញមុខដោះស្រាយសំណងជូនកម្មករតាមផ្លូវច្បាប់។

ក្នុងញត្តិដាក់ទៅក្រសួងការងារបានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់​ ឃែនធើរេន គឺមានលោក YAP FUNG KONG ជាជនជាតិម៉ាឡេស៊ី ជាតំណាង​ក្រុមហ៊ុន។

ញត្តិដដែលបន្តថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ នាយកក្រុមហ៊ុន លោក CHHOONG WEIPIAU និងបុគ្គលិកផ្នែករដ្ឋបាល បានលាឈប់ពីការងារអស់ ដោយមិនបានទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមច្បាប់ស្តីពីការងារឡើយ ខណៈអគារផលិតកម្មបានបិទដំណើរការទាំងស្រុង។

ប្រភពដដែលឱ្យដឹងថា រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា និងចក្ររោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) មានថៅកែតែមួយ គឺលោក CHHOONG WEIPIAU ហើយចក្ររោងចក្រ ខ្វលីធី តេក្សស្ទីល នៅដំណើរការអាជីវកម្មធម្មតា។

ក្រុមកម្មករអះអាងថា កន្លងមក ក្រុមហ៊ុនទាំង២តែងតែផ្លាស់ប្ដូរទំនិញ និងផ្លាស់ប្ដូរសម្ភារគ្នាទៅវិញទៅមក ហើយមុនពេលលាឈប់ពីការងារ គឺនាយកក្រុមហ៊ុន លោក CHHOONG WEIPIAU បានដឹកជញ្ជូនសម្ភារមានតម្លៃមួយចំនួន ដូចជា ម៉ាស៊ីនភ្លើង ម៉ាស៊ីនដេរថ្មីៗ និងសម្ភារផ្សេងៗទៀត រួមទាំងកម្មករមួយចំនួនផងទៅរោងចក្រ ខ្វលីធី តេក្សស្ទីល។

ប្រធានសហ​ជី​ព​ចលនា​កម្មក​រប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់វីអូឌីនៅកន្លែងតវ៉ាថា ករណីថៅកែរោងចក្រ ឃែនធើរេន បានបិទដំណើរការផលិតកម្មនេះ គឺមិនបានជូនដំណឹងដល់កម្មករឡើយ។

អ្នកស្រី សាន់ សុផា បម្រើការងារនៅរោងចក្រ ឃែនធើរេន ២២ឆ្នាំ ឱ្យដឹងថា រយៈពេលកម្មករតវ៉ាជិត១ខែនេះ គឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានសន្យាជួយដោះស្រាយ និងស្វែងរកថៅកែមកទទួលខុសត្រូវ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែពុំមានដំណោះស្រាយដដែល។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ខាងក្រសួងការងារ គាត់នឹងជួយអន្តរាគមន៍ស្វែងរកមុខថៅកែដែលជាជនខិលខូច ដែលមករកស៊ីនៅស្រុកខ្មែរយើងនេះ ដោយធ្វើយ៉ាងណាកុំឱ្យរោងចក្របិទទ្វារ ថៅកែរួចខ្លួន ឯកម្មករខ្មែររងគ្រោះ។ អ៊ីចឹងសុំក្រសួងស្វែងរកថៅកែមកទទួលខុសត្រូវ ព្រោះពួកខ្ញុំធ្វើការ១០ទៅ២០ឆ្នាំហើយ។ អ៊ីចឹងឱ្យថៅកែហ្នឹងមកទូទាត់សំណងតាមផ្លូវច្បាប់ជូនពួកខ្ញុំទៅ។ ពួកខ្ញុំអត់ទាមទារអ្វីលើសពីផ្លូវច្បាប់ទេ ខ្ញុំទាមទារដែលជារបស់គាត់ខ្ញុំ ទាមទារអ្វីដែលជារបស់ខ្ញុំ»

កម្មការិនីវ័យ៥០ឆ្នាំ អ្នកស្រី យិន សាវុន បម្រើការងារនៅរោងចក្រ ឃែនធើរេន ៨ឆ្នាំ និយាយថា ករណីថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយទូទាត់ប្រាក់ឈ្មួលនិងអត្ថប្រយោជន៍ជូនកម្មករនេះ បានធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាពគ្រួសារ ដោយខ្វះលុយបង់ថ្លៃបន្ទប់ជួល ទឹកភ្លើង ជាដើម។ លើសពីនេះ មិនមានប្រាក់សម្រាប់ចំណាយប្រចាំថ្ងៃក្នុងគ្រួសារ គ្មានលុយសម្រាប់​សងបំណុលធនាគារ និងប្រឈមអត់ការងារ ខណៈពួកគាត់ភាគច្រើនមានវ័យកាន់តែចាស់។

អ្នកស្រីបន្ថែមថា៖ «ទី១ ពួកខ្ញុំអត់មានបង់ថ្លៃផ្ទះជួលគេ! មួយអត់លុយសម្រាប់ធ្វើដំណើរទៅបោះឆ្នោតនៅពេលខាងមុននេះ។ ថៅកែ វានៅក្នុងស្រុកទេ តែវាបិទទ្វារមិនឱ្យយើងធ្វើការ ហើយវាមិនដោះស្រាយសំណងជូនយើង។ កម្មករធ្វើការយូរៗឆ្នាំហើយ ខ្ញុំធ្វើការអាយុ៥០ឆ្នាំហើយ ឱ្យខ្ញុំទៅរកការងារធ្វើនៅណាបាន? បើវាបិទទ្វារ វាដោះស្រាយឱ្យពួកខ្ញុំទៅ តែនេះបិទ រត់ចោលពួកខ្ញុំបាត់»

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ មាន​ប្រសាសន៍​ថា ក្រោយទទួលបានបណ្ដឹងពីក្រុមកម្មករ ក្រសួងនឹងកោះហៅភាគីពាក់ព័ន្ធមកដោះស្រាយក្នុងសប្តាហ៍នេះ។

លោកបន្ថែមថា៖ «បងប្អូនកម្មករគាត់បានដាក់ញត្តិមកសុំអន្តរាគមន៍ពីឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង។ ហើយយើងនឹងទទួលបានចំណាររបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលលោកនឹងចារមក យើងនឹងទទួលពិនិត្យ ហើយនិងមានការអញ្ជើញភាគីពាក់ព័ន្ធ ជាពិសេសបងប្អូនកម្មករយើង និងភាគីពាក់ព័ន្ធ ដើម្បីយើងដោះស្រាយករណីហ្នឹង»

មន្ត្រីសម្ព័ន្ធ​​សហ​ជី​ព​ចលនា​កម្មក​រ លោក ស៊ុត ចិត្រ ប្រាប់ វីអូឌី កាលពីថ្ងៃទី១៦ ខែឧសភានេះថា នេះមិនមែនជាលើកទី១ទេ ដែលជនបរទេសមករកស៊ីនៅកម្ពុជា ហើយបានធ្វើបាប​កម្មករខ្មែរ តាមរយៈការបិទទ្វាររោងចក្រដោយមិនផ្តល់សំណងត្រឹមត្រូវជូនកម្មករ។ លោកស្នើដល់អាជ្ញាធរកម្ពុជា ជាពិសេសក្រសួងការងារ ត្រូវស្វែងរកថៅកែមកទទួលខុសត្រូវលើការទូប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករទៅតាមផ្លូវច្បាប់ ដើម្បីកុំឱ្យកម្មកររងទុក្ខលំបាកបន្តទៀត។

មន្ត្រីសហជីពរូបនេះលើកឡើងថា ករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករនេះ គឺជារឿង​ខុសច្បាប់ ដែលថៅកែ​ត្រូវ​​ដោះស្រាយសំណងជូនកម្មករចំនួន ៥ចំណុច រួមមាន​ ប្រាក់​ឈ្នួលចុង​ក្រោយ ប្រាក់​ជូន​​ដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។

បើតាមកម្មករ គឺដើមឡើយ រោងចក្រនេះមានកម្មករសរុបចំនួនជាង​១ ០០០​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ជាង​​៣០០នាក់​ប៉ុណ្ណោះ ដោយភាគច្រើនពួកគាត់មានវ័យចំណាស់ និងមានអតីតភាពការងារច្រើនឆ្នាំ ចន្លោះពី១០ឆ្នាំ​ ទៅ២០ឆ្នាំ៕

កម្មករ-កម្មការិនីបម្រើការងារនៅ​រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​​​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកញត្តិទៅដាក់នៅក្រួសួងការងារសុំអន្តរាគមន៍ដោះស្រាយវិវាទការងារនៅរោងចក្រនេះ ​ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ