រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​១ថ្ងៃមុន​និង​១ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

រដ្ឋាភិបាលអនុញ្ញាតឱ្យ​កម្មករនិយោជិតឈប់សម្រាក១ថ្ងៃមុនថ្ងៃបោះឆ្នោត​ និង​១​ថ្ងៃ​ក្រោយ​​​ថ្ងៃ​បោះឆ្នោត ដើម្បី​ឱ្យពួកគាត់អាច​​​ទៅ​បោះឆ្នោត​​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការ​ឈប់សម្រាក​របស់​កម្មករ​និយោ​ជិត ដើម្បី​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៥នេះ។

ជាការ​ឆ្លើយតប​តាមរយៈ​​លិខិត​របស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទៅ​រដ្ឋមន្ត្រីក្រសួងការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដែលវីអូឌីទទួលបាននៅថ្ងៃអង្គារនេះ បាន​ឱ្យដឹងថា រដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍​ឱ្យ​កម្មករ​និយោជិត​ឈប់សម្រាក ១ថ្ងៃមុន​ថ្ងៃបោះឆ្នោត និង​១ថ្ងៃក្រោយ​ថ្ងៃបោះឆ្នោត ដោយ​រក្សា​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍​ផ្សេង​ៗនៅដដែល។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បញ្ជាក់បន្ថែមយ៉ាងខ្លី​​នៅថ្ងៃអង្គារ​​នេះថា សេច​ក្តីសម្រេច​នេះត្រូវអនុវត្តទាំងម្ចាស់​​រោងចក្រសហគ្រាស និងកម្មករនិយោ​ជិតដែលធ្វើការ​​ក្នុង​​វិស័យ​ឯកជន។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការឱ្យ​កម្មករនិយោជិតបាន​ឈប់​សម្រាក​១ថ្ងៃ​មុន និង​១ថ្ងៃក្រោយ​ថ្ងៃបោះឆ្នោ​ត​នេះ មិន​ជាបញ្ហាសម្រាប់ពលរដ្ឋ​ដែលរស់​នៅជិតកន្លែងបោះឆ្នោតរបស់ពួកគេ​ ប៉ុន្តែសម្រាប់អ្នកទៅបោះឆ្នោតនៅតាមខេត្តឆ្ងាយៗ គឺពួកគេអាចនឹងបញ្ហាលំបាកជាមួយនឹងពេលវេលាក្នុងការធ្វើដំណើរទៅមក។

មេសហជីពរូបនេះចង់ឱ្យនិយោជកជួយសម្រួលបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យអ្នកដែលទៅ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​បានសម្រាក​ច្រើន​ជាង​នេះ ដោយលោកបារម្ភថា អ្នកនៅខេត្ត​ឆ្ងាយអាចនឹងមិនទៅបោះឆ្នោតច្រើន។

លោកបន្ថែមថា៖ «ខ្ញុំគិតថា សម្រាប់អ្នក​មាន​ផ្ទះ​ជិត និង​ផ្ទះឆ្ងាយ​ល្មម វាមិនអីទេ​ប៉ុណ្ណឹងនោះ​ ទៅមួយថ្ងៃមកមួយថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកនៅខេត្តឆ្ងាយ អាចនឹងយឺតយ៉ាវ ដោយសារតែវាស្ទះមធ្យោបាយធ្វើដំណើរ ឬក៏បញ្ហាស្ទះចរាចរណ៍។ អ៊ីចឹងខ្ញុំគិតថា​ ក្រសួងការងារ និងក្រុមហ៊ុន គួរតែផ្តល់ការអនុញ្ញាតឱ្យឈប់សម្រាកច្រើនជាង​នេះ ​ចំពោះ​អ្នក​ទៅ​បោះឆ្នោត​ជាក់ស្តែង​ដែល​មិន​មាន​ពេល​គ្រប់​គ្រាន់។ កាលណាមិនមានសម្រួលឱ្យទេ ធ្វើឱ្យពួកគាត់មិនចង់ទៅបោះឆ្នោត ធ្វើឱ្យបាត់បង់ចំនួន​អ្នក​ទៅ​បោះឆ្នោត​ច្រើន»

កម្មករបម្រើការងារនៅរោងចក្រ W&D ក្នុងរាជធានីភ្នំពេញ លោក សឿង ប្រុស ដែលត្រូវទៅបោះឆ្នោត​នៅខេត្តកំពត និយាយថា ការដែលរដ្ឋាភិបាលកំណត់ឱ្យកម្មករឈប់ត្រឹម៣ថ្ងៃទៅបោះ​ឆ្នោតនេះ គឺមានរយៈពេលខ្លីសម្រាប់រូបលោក និងពលរដ្ឋផ្សេងទៀតដែលរស់​នៅតាមបណ្តាខេ​ត្ត​ឆ្ងាយៗ។

លោក​ថា៖ «អ្នកខ្លះទៀតនៅបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន អ៊ីចឹងរយៈពេល៣ថ្ងៃ​ ទៅមក វាតក់ក្រហល់​ពេក។ បើសិនជារដ្ឋាភិបាលឱ្យសម្រាក​២ថ្ងៃទៀត ​ល្អ​ហ្មង»

កម្មករម្នាក់​ទៀតបម្រើការងាររោងចក្រ​កាត់ដេរ​ ខ្វាន់ទុំ ស្ថិតនៅ​រាជធានីភ្នំពេញ​ លោក​ ស៊ុន ហេង ដែលត្រូវទៅបោះឆ្នោតនៅស្រុកកំណើតក្នុងខេត្តកំពង់ចាម​ និយាយថា ការឈប់សម្រាករយៈពេល៣ថ្ងៃ រាប់ទាំងថ្ងៃ​បោះឆ្នោតនេះ គឺ​​គ្រប់គ្រាន់សម្រាប់លោក។

លោកបន្ថែមថា៖ «បើសម្រាប់ខ្ញុំ ពេលវេលា៣ថ្ងៃហ្នឹង​ វាគ្រប់គ្រាន់ហើយ ខ្ញុំគិតថាវាអត់អីទេ។ សម្រាប់​ការធ្វើដំណើរមួយថ្ងៃ ហើយទៅបោះឆ្នោតមួយថ្ងៃ យើងត្រលប់មកវិញមួយថ្ងៃ​ អាហ្នឹងយើងគ្រប់គ្រាន់ហើយ»។

ក្រៅពីការជូនដំណឹង​ពីការ​ឈប់សម្រាកសម្រាប់ទៅបោះឆ្នោតនេះ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏បានចេញសេចក្ដីជូនដំណឹងមួយ​​នៅថ្ងៃទី២៤ ខែឧសភា​នេះ ដោយ​​បានរម្លឹកដល់​ម្ចាស់​រោងចក្រ​សហគ្រាស ត្រូវបើកប្រាក់ឈ្នួលជូនកម្មករនយោជិតឱ្យបានមុនថ្ងៃបោះ​ឆ្នោត ហើយ​ក្នុងករណី​គ្មានលទ្ធភាព​បើកប្រាក់​ឈ្នួលឱ្យកម្មករ​ទាន់ពេល​ទេ ត្រូវអនុញ្ញាតឱ្យ​កម្មករខ្ចីប្រាក់ឈ្នួលមួយភាគជាមុនសិន។

ក្រសួងការងារបានបញ្ជាក់ទៀត​​ថា ការឈប់សម្រាករបស់កម្មករនិយោជិតនេះ គឺពុំតម្រូវឱ្យ​បង្ហាញ​​ឯកសារពាក់ព័ន្ធផ្សេងៗពេលត្រឡប់ចូលធ្វើការងារវិញឡើយ ប៉ុន្តែបើកម្មករនិយោជិតឈប់​លើសពីការកំណត់នេះ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រសហគ្រាស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ