សាលាដំបូង​រាជធានីភ្នំពេញ​សម្រេច​ឱ្យ​ចាងហ្វាង​កាសែត ខ្មែរថាមស៍ រួចផុត​ពី​បទចោទ

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan ។ រូបភាព៖ បណ្ដាញសង្គម

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ បានសម្រេចឱ្យ​ចាងហ្វាង​កាសែត ខ្មែរថាមស៍ រួចផុតពីបទ «​រុកកួន​ខាង​ផ្លូវភេទ» ក្នុង​សំណុំ​រឿងទាក់ទងនឹងការចោទប្រកាន់ថា ព្យាយាមលួងលោមអតីតបុគ្គលិកស្រីម្នាក់ដើម្បីសុំរួមភេទ។

ការសម្រេចឱ្យរួចផុតពីបទចោទនេះ ត្រូវបានប្រកាសដោយចៅក្រម កូយ សៅ បន្ទាប់ពីលោកបានធ្វើការ​ពិចារណា​យ៉ាង​ល្អិតល្អន់​លើសេចក្ដីសន្និដ្ឋានរបស់​មេធាវី​ដើម​បណ្ដឹង និង​ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីសប្ដាហ៍មុន បានបើកសវនាការជំនុំជម្រះកំបាំងមុខលើសំណុំរឿង «​រុកកួន​ខាង​ផ្លូវភេទ» របស់ចាងហ្វាងកាសែត ខ្មែរថាមស៍ ខណៈទាំងលោក T. Mohan ជាជនជាប់ចោទ និងមេធាវីការពារក្ដី ពុំបានបង្ហាញខ្លួនក្នុងសវនាការឡើយ។

ករណីខាងលើនេះទាក់ទងនឹងការចោទប្រកាន់ដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៩កន្លងទៅ ដោយអតីតបុគ្គលិកស្រីម្នាក់ អ្នកនាង April Reposar ធ្លាប់បានលើកឡើងថា ខ្លួនបានសម្រេចដាក់ពាក្យសុំលាឈប់ពីការងារ ហើយត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ដើម្បីគេចពីការស្នើសុំផ្ដល់ប្រាក់ជាថ្នូរនឹងការចង់រួមភេទជាមួយនាង ហើយក្នុងនោះ ដើមបណ្ដឹងក៏បានទាមទារសំណងជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារផងដែរ។

លោក ហំ ភា ជាមេធាវីរបស់ដើមបណ្ដឹង បានឱ្យដឹងថា ខ្លួននឹងពិភាក្សាជាមួយកូនក្ដី អ្នកនាង April Reposar ដើម្បី​សម្រេច​ថានឹង​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត។

លោកបន្ថែមថា៖ «ខ្ញុំ​គិត​ថា [សាលក្រម] មិន​អាច​ទទួល​យក​បាននោះ​ទេ ព្រោះ​យើងក៏​បាន​ដាក់​ភស្តុតាង​មួយ​ចំនួនក្នុងសំណុំរឿងនេះផងដែរ។ ទោះ​ជា​យ៉ាង​ណា ​កូន​ក្តីមានសិទ្ធិ​​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍»។

ទាក់ទិននឹងករណីនេះ អ្នកនាង April Reposar បានឱ្យដឹងតាមរយៈអ៊ីមែលមួយកាលពីថ្ងៃចន្ទថា អ្នកនាងមិនមានការភ្ញាក់ផ្អើលជាមួយនឹងសាលក្រមនេះឡើយ ដោយសារអ្នកនាងដឹងថា លោក T. Mohan មានទំនាក់ទំនងច្រើន ។

អ្នកនាងបន្ថែមថា លោក T. Mohan ពុំ​បានដាក់​មេធាវី​ការពារ​ក្តី​​ឡើយ។

អ្នកនាងថា​៖ «​ច្បាស់ណាស់ ប្រព័ន្ធ​យុត្តិធម៌​ប្រាកដ​ជាគ្មានឯករាជ្យ»។

លោក T. Mohan មិនបានឆ្លើយតបនឹងសំណួរដែលផ្ញើតាមរយៈអ៊ីមែលឡើយ។

ទោះជាយ៉ាងណា លោកធ្លាប់បានបដិសេធកាលពីពេលកន្លងទៅ នូវការចោទប្រកាន់របស់អ្នកនាង April Reposar ដោយបានហៅការចោទប្រកាន់ពីសំណាក់អតីតបុគ្គលិករបស់លោកថាជារឿងប្រតិដ្ឋ និងចង់បង្ខូចកិត្តិយសលោកតែប៉ុណ្ណោះ៕


រាយការណ៍បន្ថែមដោយលោក Michael Dickinson
បកប្រែចេញពីអត្ថបទដើមជាភាសាអង់គ្លេស៖ Khmer Times Publisher Acquitted of Sexual Harassment Charge

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ