សហជីព​គ្រោង​ប្ដឹង​ទៅ​អ្នកបញ្ជាទិញ ករណី​ថៅកែ​មិន​យក​កម្មករ​ចូល​ធ្វើការ​វិញ​តាម​សេចក្ដី​បង្គាប់​របស់​ក្រសួង

ថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធ ប្រជុំសម្រេចបញ្ឈប់កម្មករ៣នាក់ដែលជាបេក្ខជនសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន ក្នុងខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

សហជីព​មួយ​គ្រោងប្ដឹង​ទៅអ្នកបញ្ជាទិញ​ ករណីថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ «អេស​វ៉ាយ​អេច​ជេ ហ្គាម៉ិន» មិនទទួល​យក​កម្មករ​ចូល​ធ្វើការងារវិញ​តាម​សេចក្ដីបង្គា​ប់​របស់​ក្រសួង​ការ​ងារ។

ថៅកែរោង​ចក្រកាត់ដេរ​សម្លៀក​បំពាក់ «អេសវ៉ាយអេចជេ ហ្គាម៉ិន» ស្ថិត​នៅ​ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល បានបញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ឯករាជ្យប្រចាំរោងចក្រនេះ​ចំនួ​ន៣នាក់ពីការងារ ក្នុងនោះ​មាន​អ្នកស្រី ប្រាក់ តុលា លោក នី តុលា និងអ្នក​ស្រី ហ៊ុល សុឃីម ក្រោយពួកគេបង្កើតសហជីពក្នុងរោងចក្រ។

កាលពីថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២២ នាយកដ្ឋាន​វិវាទការងារ​ បានចេញសេចក្ដីបង្គាប់មួយ​ឱ្យថៅកែរោង​ចក្រ «អេសវ៉ាយអេចជេ ហ្គាមិន» ទទួលយកថ្នាក់ដឹកនាំសហជីពឯករាជ្យ​ប្រចាំរោងចក្រ​នេះ​ចំនួន​២នាក់ឱ្យ​ចូល​ធ្វើការ​វិញ ក្នុងនោះ​មានអ្នក​ស្រី ប្រាក់ តុលា និងលោក នី តុលា ហើយបន្ទាប់មក នៅ​​ថ្ងៃទី១៧ ខែឧសភានេះ ក្រសួងបានចេញ​សេចក្តីបង្គាប់​ឱ្យ​ថៅកែ​​ទទួល​យក​អ្នក​ស្រី ហ៊ុល សុឃីម ចូលធ្វើការងារវិញផងដែរ ក្រោយពីរកឃើញថា ការបញ្ឈប់នោះធ្វើឡើងដោយខុសច្បាប់។

ប្រធានផ្នែកវេចខ្ចប់ និងជាប្រធានសហជីពឯករាជ្យប្រចាំរោងចក្រ អេសវ៉ាយអេចជេ ហ្គាមិន អ្នកស្រី ហ៊ុល សុឃីម ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះ​ថា រហូតមកដល់ពេល​នេះ ថៅកែរោងចក្រមិនទាន់ឱ្យពួកគាត់ទាំង៣នាក់ចូលធ្វើការងារវិញនៅឡើយទេ។

អ្នកស្រីថា៖ «ក្រុមហ៊ុនគេថា គេអត់ទទួលយកទេ គេថាប្ដឹងទៅដល់ណាប្ដឹងទៅ! សំខាន់គេអត់ទទួលយក! គេថាប្ដឹងទៅដល់ណាប្ដឹង​ទៅ គេអត់​ខ្វល់»

ប្រធានសហព័ន្ធសហជីព​ឯករាជ្យ លោក រី សិទ្ធីណែត បានលើកឡើងថា​ សហជីពរបស់លោកកំពុងស្រាវជ្រាវ​រក​អ្នក​បញ្ជាទិញ​ទំនិញ​ពី​រោង​ចក្រ​នេះ ដើម្បីដាក់បណ្ដឹងសុំឱ្យ​ជួយ​​អន្តរាគមន៍ទៅភាគីរោង​ចក្រ ​​ដើម្បីឱ្យ​​កម្មករទាំង៣នាក់នោះបានចូល​ធ្វើកា​រ​ងារ​​វិញ។

លោកបន្ថែមថា៖ «យើងនឹងរៀបចំឯកសារប្ដឹងទៅម្ចាស់ខោអាវដែលរោងចក្រ អេសវ៉ាយអេចជេ កំពុងដេរឱ្យ។ យើងស្រាវជ្រាវ ពេល​ដែលពួកគាត់ផ្ដល់​ស្លាកហ្នឹង​ដល់​ពួកខ្ញុំ​ហើយ។ អ៊ីចឹងពួកខ្ញុំកំពុងស្រាវជ្រាវថា ​រោងចក្រហ្នឹងដេរយកទៅលក់នៅប្រទេស​​ណា! Brand របស់ម៉ាកអី! អ៊ីចឹងការងារបន្តរបស់ពួកយើង គឺដាក់បណ្ដឹងទៅភ្ញៀវ»

ជំនួយការអគ្គនាយកក្រុមហ៊ុន អេសវ៉ាយអេចជេ លោក ព្រំ កុសល ប្រាប់វីអូឌី​តាមប្រព័ន្ធតេឡេក្រាមថា រោងចក្រមិនអាចទទួលយកកម្មករទាំងនោះចូលធ្វើការវិញបាន ដោយសារពួកគេ​ធ្វើការងារមានបញ្ហាកំហុសធ្ងន់ និង​មានកំហុសច្រើនដងពាក់ព័ន្ធបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ព្រមទាំង​បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរាប់ពាន់ដុល្លារថែមទៀត។

លោកបន្ថែមថា៖ «ចង់សហជីព​ប្ដឹងអីប្ដឹងទៅ ជាសិទ្ធិរបស់គាត់។ ក្នុងពេលនេះ ខណៈនេះ គឺក្រុមហ៊ុនអត់មានជាប់ពាក់ព័ន្ធជាមួយសហជីពទេ។ សូមផ្ដាំទៅគាត់វិញថា មុននឹងគាត់ប្ដឹងហ្នឹង សុំឱ្យគាត់មើលពីច្បាប់មាត្រាទីប៉ុន្មាន កឋាខណ្ឌទី​ប៉ុន្មាន ដែល​អាច​ប្ដឹង​ទៅ​ភ្ញៀវ ដែល​ប្ដឹងទៅឱ្យច្បាប់ជួយបុគ្គលម្នាក់ហ្នឹង។ សួរថាគាត់ចេះច្បាប់ឬគាត់មិនចេះច្បាប់ អាហ្នឹងគាត់ដឹង​ខ្លួន​ឯង​ហើយ»

ក្នុងសេចក្ដីបង្គាប់​របស់​នាយកដ្ឋានវិវាទការងារ​ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាល​ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីពិនិត្យអង្គហេតុ និងអង្គច្បាប់លើសំណុំរឿង​បញ្ឈប់​កម្ម​ករ​នេះ ខាង​ថៅកែរោងចក្រ​ អេស​វ៉ាយ​អេច​ជេ អនុវត្ត​ពុំត្រឹមត្រូវតាមស្មារតីច្បាប់ស្តីពីសហជីព ត្រង់មាត្រា៤៣ និងមាត្រា៦៧។

នាយកដ្ឋានវិវាទការងារ បានតម្រូវឱ្យថៅកែរោងចក្រទទួលយកកម្មករដែលបានបញ្ឈប់ឱ្យចូលធ្វើការងារធម្មតាវិញ ព្រមទាំង​រម្លឹកពីប្រាក់​ឈ្នួល​ផង​ដែរ ដោយគិតចាប់តាំងពីថ្ងៃដែល​ក្រុមហ៊ុនបញ្ឈប់ពួកគេ​ពី​ការងារ​រហូតដល់ថ្ងៃទទួល​ចូល​ធ្វើការ​ងារ​វិញ។

យ៉ាងណា នាយកដ្ឋានវិវាទការងារ បានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីសម្រេចនេះ និយោជក និង​កម្មករ​ដែល​ត្រូវ​បានបញ្ឈប់​ពីការងារ ឬសហជីពរបស់កម្មករនោះ មាន​រយៈ​ពេល​២ខែ ដើម្បីធ្វើការ​តវ៉ា​ទៅរដ្ឋមន្ត្រីក្រសួងការងារ ហើយរដ្ឋមន្ត្រីអាចលុបចោលឬ​កែសម្រួល​សេចក្ដីសម្រេចនេះបាន។

កាលពីថ្ងៃទី១២ ខែឧសភា តំណាង​សហជីព និង​កម្មករ​មួយចំនួនបាន​ជំរុ​ញ​ទៅ​ក្រសួងការងារឱ្យមានចំណាត់ការចំពោះថៅកែ​រោងចក្រ​ដែល​មិន​ព្រម​ទទួល​យក​កម្មករឱ្យចូលធ្វើការងារវិញ ដោយ​ចាត់ទុកករណីនេះថា ជាការរើសអើងសហជីព។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មិនបានឆ្លើយតបជុំវិញករណីនេះទេ នៅថ្ងៃអង្គារនេះ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មាន​​រោង​ចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ ខណៈ​រោងចក្រខ្លះទៀតត្រូវបាន​​បិទ​​ទ្វារ ដោយសារ​ថៅកែមិន​បាន​ទូទាត់​​​ប្រាក់​​ជូន​កម្មករតាមច្បាប់ស្តីពីការងារ។

មួយ​ទៀត​​នោះ សហជីពថា សំណុំរឿងមួយចំនួន​​​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយនិង​សម្រេចឱ្យកម្មករ​ឈ្នះ​​ហើយ គឺមិនត្រូវបានថៅកែឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ឡើយ ដែល​ករណីនេះ សហជីពចាត់ទុក​ថា ជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​​ការកេងប្រវ័ញ្ចកម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់​ដោយ​ច្បាប់ផងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ