បក្សភ្លើងទៀន​នឹង​ពិនិត្យ​ឡើងវិញ​ពាក់ព័ន្ធ​ការតែងតាំង​លោក សុន ឆ័យ ជា​អនុ​ប្រធានបក្ស តាម​សំណើ​ក្រសួងមហាផ្ទៃ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងថ្ងៃហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន អះអាងថា គណបក្សខ្លួននឹងពិនិត្យឡើងវិញពាក់ព័ន្ធការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្ តាមសំណើក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងចេញលិខិតមួយថា ការតែងតាំងនេះជាការអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស។

ការអះអាងនេះធ្វើឡើងក្រោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង តាមរយៈលិខិតចុះថ្ងៃទី២៥ ខែឧសភានេះ បានស្នើគណបក្សភ្លើងទៀនឱ្យពិនិត្យឡើងវិញចំពោះការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្ស ដោយអះអាងថា បក្សនេះបានអនុវត្តផ្ទុយពីប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់ទុកនៅក្រសួងមួយនេះ។

លិខិតដដែលបញ្ជាក់ថា ការតែងតាំងនោះក៏ផ្ទុយពីលិខិតជូនដំណឹងលេខ៥៧៩ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយថែមទៀតផង។

អនុប្រធាន​​ និង​ជាអ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្ស មិនត្រូវបានប្រកាសពេលសមាជរបស់គណបក្សឡើយ ខណៈលោកត្រូវបានតែងតាំងដោយគណៈកម្មការនាយករបស់បក្ស​។

យ៉ាងណា លោកថា គណបក្សភ្លើងទៀន មិនបានអនុវត្តផ្ទុយនឹងប្រការនៃលក្ខន្តិកៈរបស់ខ្លួនដែលតម្កល់នៅក្រសួងមហាផ្ទៃឡើយ ពោលគឺគ្រាន់តែមិនទាន់បានបញ្ជូនកំណត់ហេតុផ្លូវការនៃការតែងតាំងនោះទៅក្រសួងមហាផ្ទៃប៉ុណ្ណោះ។

បែបនេះក្តី លោកអះអាងថា បក្សភ្លើងទៀនបានរៀបចំឯកសាររួចរាល់​ហើយ ហើយនឹង​បញ្ជូន​កំណត់ហេតុនោះទៅក្រសួងមហាផ្ទៃនៅថ្ងៃចន្ទ ទី៣០ ខែឧសភា។

លោកថា៖ «យើងនឹងពិនិត្យឡើងវិញ! ឥលូវហ្នឹងយើងកំពុងមមាញឹករឿងកិច្ចការបោះឆ្នោត។ អ៊ីចឹងរួចរាល់ យើងនឹងពិនិត្យឡើងវិញនូវអ្វីដែលយើងត្រូវកែសម្រួល ត្រូវស្របទៅតាមច្បាប់ស្តីពីការគណបក្សនយោបាយហ្នឹង។ បើមានការខ្វះចន្លោះអី យើងនឹងបំពេញបែបបទហ្នឹងឱ្យត្រឹមត្រូវស្របតាមច្បាប់»។ ​

បើតាមលោក ថាច់ សេដ្ឋា ចំណុចដែលក្រសួងមហាផ្ទៃចាត់ទុកថាគណបក្សភ្លើងទៀនបានអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស​ គឺត្រង់ប្រការ២០ ដែលសំដៅលើការធ្វើសមាជ ហើយប្រការ៣០ គឺទាក់ទិននឹងការតែងតាំង។ ដោយឡែក មួយចំណុចមួយទៀត គឺសេចក្ដីជូនដំណឹង ឬ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ គឺពាក់ព័ន្ធនឹងការជូនដំណឹងពីការបំពេញបែបបទប្រវត្តិរូប ជាដើម។

យ៉ាងណា មន្រ្តីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលរូបនេះលើកឡើងថា ក្រសួងមហាផ្ទៃចាត់ទុកបក្សភ្លើងទៀនធ្វើផ្ទុយពីលក្ខន្តិកៈ ​ត្រង់ចំណុចបក្សនេះមិនបានផ្ញើរបាយការណ៍កំណត់​ហេតុប្រជុំតែងតាំងលោក សុន ឆ័យ ទៅក្រសួង ស្របពេល​យុទ្ធនាការឃោសនានៅមូលដ្ឋាន មន្ត្រីបក្សបានប្រកាសពីសមាសភាព លោក សុន ឆ័យ ជាអនុប្រធានគណបក្សជាបន្តបន្ទាប់។

​អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា ជាទូទៅ ការតម្រូវឱ្យគោរពតាមលក្ខន្តិកៈ ឬគោលការណ៍អ្វីមួយទៅតាមនីតិវិធីច្បាស់លាស់ គឺជារឿងត្រឹមត្រូវ។ លោកថា ជាក់ស្តែង គណបក្សនយោបាយត្រូវដឹងពីគោលការណ៍នៃការដក ឬដាក់តួនាទី ទៅតាមរបៀបរបប ដើម្បីកុំឱ្យប៉ះពាល់ប្រយោជន៍ក្នុងបក្ស ឬប៉ះពាល់ដល់ដំណើរការរៀបចំណាមួយ ព្រមទាំងត្រូវពិនិត្យមើលពីចំណុចខ្វះខាតរបស់ខ្លួនបើមាន។

យ៉ាងណា លោកថា បើទោះនេះជាកិច្ចដែលច្បាប់តម្រូវ ក្រសួងមហាផ្ទៃគួរបញ្ជាក់ និងផ្តល់ឱកាសបើកទូលាយឱ្យសាម៉ីបក្សបានកែតម្រូវនូវចំណុចចន្លោះប្រហោងប្រកបដោយការយោគយល់ បើសិនរកឃើញថាពិតជាមានចំណុចខ្វះខាតមែននោះ។

លោក កន សាវាង្ស ថា៖ «ទោះជាយ៉ាងណាក៏ដោយ ការសម្របសម្រួលនៅក្នុងនីតិវិធី ដែលមានលក្ខណៈខ្វះខាតតិចតួច ឬក៏វាមិនធំដុំទេ ឧបមាថាត្រឹមអក្ខរាវិរុទ្ធ ឬត្រឹមព័ត៌មានអីតិចតួច សង្ឃឹមថាក្រសួងមហាផ្ទៃអាចនឹងបើកទូលាយនៅក្នុងការអនុវត្តនៅក្នុងសិទ្ធិនយោបាយ ឬក៏ការបង្ហាញការយោគយល់គ្នារវាងក្រសួងជាមួយនឹងគ្រប់គណបក្សនយោបាយ»។

លោក សុន ឆ័យ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ​គណបក្សភ្លើងទៀន បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ​កាលពីឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២​ លោក សុន ឆ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមនិងគាំទ្រ «គណបក្សភ្លើងទៀន» ឱ្យបានគ្រប់ៗគ្នា ដោយថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ រូបលោកបានសម្រេចចូលជាសមាជិកនៃគណបក្សភ្លើងទៀន។

មួយថ្ងៃបន្ទាប់ពីលោកប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សភ្លើងទៀន នៅថ្ងៃទី២ ខែមីនា គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក សុន ឆ័យ ជាមន្ត្រីជាន់ខ្ពស់ទំនាក់ទំនងជាមួយនឹងអង្គទូត និងអង្គការជាតិ-អន្តរជាតិសម្រាប់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ហើយក្រោយមក លោកក៏ត្រូវបានបក្សតែងតាំងជាអនុប្រធានគណបក្សភ្លើងទៀនផងដែរ។

លោក សុន ឆ័យ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌលរាជធានី​ភ្នំពេញ និង​ជា​​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស​សង្គ្រោះ​ជាតិដែលតុលាការរំលាយ​​។ លោក សុន ឆ័យ ក៏ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបក្នុង​ចំណោម១១៨រូបផ្សេងទៀតដែលត្រូវ​បាន​តុលាការដក​ហូតសិទ្ធិ​មិនឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំងមួយនេះកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។

នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះ​មហាក្សត្រ នរោត្ដម ​សីហមុនី បាន​ត្រាស់​បង្គាប់​ផ្ដល់​នីតិ​សម្បទា​ ឬផ្ដល់សិទ្ធិធ្វើ​នយោបាយ​ដល់លោក សុន ឆ័យ ឡើងវិញ តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពី​មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបាន​ដាក់​លិខិតស្នើ​សុំទៅ​ក្រសួងមហាផ្ទៃ ក្នុងឆ្នាំដដែលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ