ពលរដ្ឋ​ចោទ​អាជ្ញាធរ​ស្រុកអង្គរបូរី​ថា​គប់គិត​គ្នា​ឱ្យ​ឈ្មួញ​លុប​ប្រឡាយ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នកភូមិ

គ្រឿងចក្រដែលពលរដ្ឋអះអាងថាបានចាក់ដីលុបប្រឡាយមួយកន្លែងនៅស្រុកអង្គរបូរី ខេត្តតាកែវ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋមួយចំនួន​នៅឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ចោទអាជ្ញាធរស្រុកថាបានគប់គិតគ្នាឱ្យឈ្មួញប្រើគ្រឿងចក្រលុបដី​ប្រឡាយ​ចំនួន​២ ធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ពួកគេ។

លោក ញឹក ឈាវ ដែលអះអាងថា​ជា​តំណាង​ពលរ​ដ្ឋនៅឃុំព្រៃផ្គាំ​ ​ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា មេឃុំ និងអភិបាលស្រុកអង្គរបូរី​ បាន​គប់គិត​គ្នាឱ្យឈ្មួញដី​ឈ្មោះ ​​ម៉ុន ថា ចាក់ដីលុប​ប្រឡាយ​​អូរអណ្ដែង និងប្រឡាយភ្លឺភ្លោះ ដើម្បី​ធ្វើជាកម្ម​​សិទ្ធិ​ផ្ទាល់​ខ្លួន។

តំណាងពលរដ្ឋរូបនេះ ឱ្យដឹងថា បុគ្គលឈ្មោះ ម៉ុន ថា បាន​ចាក់​លុប​ប្រឡាយនោះ​ប្រហែល​៥០ម៉ែត្រ ធ្វើឱ្យប៉ះពាល់ដល់ការ​អាស្រ័យ​ផល និង​ការធ្វើស្រែរបស់ពលរដ្ឋមួយចំនួននៅក្នុងឃុំ។ លោកថា ពេលដែលឈ្មួញបានចាក់ដីលុប​ប្រឡាយ​ទាំង​នោះ បាន​ធ្វើឱ្យទឹកជន់​លិច​ដី​ស្រែ​ពលរដ្ឋប្រមាណ៥០គ្រួសារ និងដីស្រែប្រហែល១០ហិកតា។

លោកបន្ថែមថា៖ «ខាងអភិបាលស្រុក និងមេឃុំហ្នឹង គេត្រូវគ្នាជាមួយអាម្ចាស់ដីហ្នឹង ដោយសារគេបាន​លុយបាន​កាក់​ពីម្ចាស់​ដី។ អ៊ីចឹងប្រជាជនគេមិនព្រម! ពួកខ្ញុំទាមទារយកតែផ្លូវទឹក​ដដែល​ហ្នឹង​វិញ​ទេ វាបានប្រើប្រាស់ទាំងអស់គ្នា បានទាំងខ្ញុំ និងបានប្រជាជនទាំងអស់គ្នា»

វីអូឌី មិនអាចសុំការឆ្លើយតបពីបុគ្គលឈ្មោះ ម៉ុន ថា ដែលពលរដ្ឋប្រាប់ថា​ជាឈ្មួញដី និងមេឃុំព្រៃផ្គាំ បានទេ ពាក់ព័ន្ធករណីនេះ។

ចំណែក ​ក្រុមប្រឹក្សាឃុំ​ព្រៃផ្គាំ លោក ឈួង គឿន មានប្រសាសន៍ថា ពិត​ជាមា​នការចាក់ដីលុប​ប្រឡាយ​​របស់​រដ្ឋ​ពិត​មែន ប៉ុន្តែ​អ្នក​ចាក់​លុប​នោះ​បានសុំច្បាប់ត្រឹមត្រូវ​ពីមន្ត្រីជំនាញ និង​បាន​ដាក់​លូឱ្យ​វិញ​ទំហំ​១ម៉ែត្រ។ លោកថា ការលុប​ប្រឡាយដោយ​ការ​ដាក់​លូ​ត្រឹម​១ម៉ែត្រ​នេះ ត្រូវបានអ្នកភូមិ​ផ្ទុះការ​តវ៉ា ក្រោយ​ពី​ទឹកហូរ​មិន​ទាន់ ​ធ្វើ​ឱ្យលិចស្រែរ​បស់​ពួក​គេ ហើយ​ថាសំណុំរឿង​នេះបាន​បញ្ជូន​ទៅ​អាជ្ញាធរ​ស្រុក​ដោះ​ស្រាយ​បន្ត​ហើយ។

លោកបន្ថែមថា៖ «រឿង​នេះ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដល់​ស្រុក​ហើយ ប៉ុន្តែខាងស្រុកគាត់អត់ទាន់ឃើញដោះស្រាយម៉េច​សោះ។ អ្នកចាក់លុប​ហ្នឹង​ គាត់​កាយ​រួច​ គាត់​ដាក់​លូ ហើយគេបានធ្វើច្បាប់ជាមួយមន្ត្រីជំនាញហ្នឹងដែរ ប៉ុន្តែដល់ពេលគាត់ដាក់លូតូចពេក បង្ហូរចេញមិនទាន់»

អភិបាលស្រុកអង្គរបូរី លោក ឌឹម គឹមសាន បានច្រានចោល​ការ​ចោទ​របស់ពលរដ្ឋ​ ដែល​​ថា ​អាជ្ញាធរស្រុកគប់គិតគ្នាឱ្យ​ឈ្មួញ​​លុប​ប្រឡាយ​​នោះ​​។ លោក​​ថា ករណីនេះ​ លោកបាន​ដោះស្រាយចប់​មួយ​ខែ​ហើយ ដោយ​ឱ្យ​អ្នកចាក់ដី​លុប​ប្រឡាយនោះ​បញ្ឈប់​សកម្ម​ភាព។

លោកបន្ថែមថា៖ «រឿងនេះអត់មានអីជាប់ពាក់ព័ន្ធជាមួយខ្ញុំផង។ រឿងហ្នឹង យើងបានទប់ស្កាត់និងដោះស្រាយរួចតាំងពី១ខែហើយតើ! បើគាត់[ឈ្មួញដី]ចង់ធ្វើទៀត ខ្ញុំឱ្យដាក់ស្នើសុំទៅខាងខេត្តបន្តទៀតតើ!»

កាលពីថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០២២ ពលរ​ដ្ឋជាង​៦០គ្រួសារ នៅភូមិទ្រង់ភូមិ និងភូមិព្រៃផ្គាំ នៃឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បាននាំ​គ្នាផ្តិត​មេដៃដាក់​សំណើ​សុំ​អន្តរាគមន៍​ពីរដ្ឋបាលស្រុកឱ្យជួយដោះស្រាយ ករណីបុគ្គល​ឈ្មោះ ម៉ុន ថា បានដាក់គ្រឿង​ចក្រឈូសឆាយកាយលុប​ប្រឡាយអូរអណ្តែង និងប្រឡាយភ្លឺភ្លោះ ដោយមិនបានពិគ្រោះយោបល់និងមានការ​ឯកភាព​ពីប្រជាពលរដ្ឋធ្វើស្រែនោះឡើយ។

កាលពីសប្ដាហ៍មុននេះ អ្នកភូមិជាច្រើននាក់​បាននាំគ្នាតវ៉ានៅទីតាំង​មានជម្លោះ​ ដោយ​​ប្រឆាំង​មិនឱ្យគ្រឿងចក្ររបស់ឈ្មួញដីធ្វើសកម្មភាពឈូសឆាយ និងលុប​ប្រឡាយ​ ដើម្បីរង់ចាំការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ