បញ្ជីឈ្មោះមន្រ្តីគយចំនួន១៩រូបត្រូវបែកធ្លាយក្នុងពេលដែលពួកគេកំពុងព្យាយាមរត់ការ ដើម្បីស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ តាមរយៈការកែសម្រួលឆ្នាំកំណើត ដើម្បីអាចបើកផ្លូវឱ្យពួកគេបាននៅបម្រើការងារក្នុងក្របខណ្ឌជាមន្រ្តីគយនិងរដ្ឋាករកម្ពុជាបានតទៅទៀត។
លិខិតដែលស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ដែលស្នើឱ្យជួយពិនិត្យនិងតាមដាន ហើយវីអូឌីទើបទទួលបាននៅថ្ងៃសុក្រនេះ បង្ហាញថា មន្រ្តីជិតនឹងដល់អាយុចូលនិវត្តន៍ឆាប់ៗនេះ ចំនួន១៩រូប កំពុងរត់ការសុំបន្ថយអាយុ ដើម្បីអាចមានលទ្ធភាពបន្តការងារជាមន្ត្រីគយនិងរដ្ឋាករកម្ពុជាបានបន្តទៀត។
លិខិតបន្ថែមថា ដើម្បីអាចជួយសម្រួលក្នុងការកែឆ្នាំកំណើតនេះបាន គឺពួកគេត្រូវចំណាយសម្រាប់បន្ថយអាយុក្នុង១ឆ្នាំ តម្លៃ២០ ០០០ដុល្លារអាមេរិក។
យ៉ាងនេះក្ដី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ព្រំ សុខា បញ្ជាក់ថា ក្រសួងសាម៉ីដែលមានភារកិច្ចគ្រប់គ្រង និងអភិវឌ្ឍន៍មុខងារសាធារណៈ មិនដែលបានកែសម្រួលថ្ងៃខែឆ្នាំកំណើតមន្រ្តីណាមួយដើម្បីអាចបានបន្តនៅក្នុងក្របខណ្ឌរដ្ឋទៀតទេ។
លោកបន្តថា ស្ថាប័នដែលទទួលខុសត្រូវក្នុងការសម្របសម្រួលលិខិតស្នាមនេះ គឺមានតែស្ថាប័នតុលាការប៉ុណ្ណោះ ចំណែកស្ថាប័នមុខងារសាធារណៈ គ្រាន់តែជាតួអង្គសម្រាប់ពិនិត្យលើលិខិតស្នាម មុននឹងធ្វើសេចក្ដីនៅនាទីចុងក្រោយប៉ុណ្ណោះ។
លោកបន្តថា៖ «កន្លែងខ្ញុំ គឺខ្ញុំមិនដែលដូរឱ្យគាត់ទេ យល់ដែរទេ? គឺខ្ញុំអត់ដូរ! គឺខ្ញុំមានការបញ្ជាក់ ហើយមុនបំផុតគឺតុលាការ។ តុលាការគេជាអ្នកសម្រេចតាមសាលក្រមចំពោះការដូរអីហ្នឹង។ ទោះបីមានសាលក្រមយ៉ាងណាក៏ដោយចុះ ប៉ុន្តែត្រូវមានបញ្ជាក់ពីសាម៉ីអង្គភាពស្នើមក អាហ្នឹងបានខ្ញុំអាចពិនិត្យ។ ប៉ុន្តែមិនមែនមានន័យថា ឱ្យតែស្នើមក យល់ព្រមតាមគាត់ទេ គឺត្រូវពិនិត្យឱ្យបានល្អិតល្អន់ដែរ»។
បើតាមលោក ព្រំ សុខា ការពន្យារពេលចូលនិវត្តន៍របស់មន្រ្តីរាជការស៊ីវិលនេះ អាចធ្វើបានក្នុងករណីពិសេសណាមួយ ផ្អែកតាមឆន្ទានុសិទ្ធិរបស់លោកនាយករដ្ឋមន្រ្តី។ ក្រៅពីនេះ លោកថា អាស្រ័យលើការប្រែប្រួលសំបុត្រកំណើតរបស់មន្រ្តីនីមួយៗដែរ ដែលអាចអនុលោមឱ្យពួកគេមានលទ្ធភាពបន្តនៅក្នុងក្របខណ្ឌបាន បើទោះជាអាយុត្រូវដល់ពេលកំណត់សម្រាប់ចូលនិវត្តន៍ក្ដី។
វីអូឌី មិនអាចស្នើសុំការអត្ថាធិប្បាយអំពីរឿងនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងប្រធាននាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានទេ នៅថ្ងៃទី២៧ ខែឧសភានេះ។
ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មាត្រា៥៤ ចែងថា អ្នករាជការទាំងពីរភេទ ត្រូវដាក់ឱ្យចូលនិវត្តន៍ជាកំហិត ពេលដល់អាយុ៥៥ឆ្នាំ។ តែអាយុកំហិតនេះអាចរំកិលដល់៦០ឆ្នាំបាន បើមានលក្ខន្តិកៈដាច់ដោយឡែកបានកំណត់។
ចំណែក នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ឃើញថា ដើម្បីចៀសវាងបញ្ហានេះ ស្ថាប័ននីមួយៗឬក៏អង្គភាពរបស់រដ្ឋ អនុវត្តតាមនីតិវិធីច្បាប់ដែលមានជាធរមាន ជាមធ្យោបាយដ៏ប្រសើរបំផុតហើយ។ លោកបន្តថា ការលើកយកករណីពិសេសណាមួយមកធ្វើជាអំណះអំណាង មិនមែនជាជម្រើសដ៏ល្អទេ លើកលែងតែបញ្ហានេះចៀសវាងមិនរួច។
បើតាមលោក ប៉ិច ពិសី ការបន្តយោគយល់ឱ្យមន្រ្តីដែលដល់ពេលចូលនិវត្តន៍ហើយនៅតែស្នើសុំបាន គឺជាឧបសគ្គយ៉ាងធំដល់ការទទួលបានឱកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍខ្លួន។ មួយវិញទៀត លោកថា កត្តានេះក៏អាចធ្វើឱ្យមានឱនភាពផ្នែកសេដ្ឋកិច្ចកើតឡើងបានដែរ តាមរយៈការចំណាយចរន្តកើនឡើង។
លោកបន្តថា៖ «ប្រសិនបើយើងចេះតែបន្តអ៊ីចឹង គឺអ្នកជំនាន់ក្រោយបាត់ឱកាស ទី១! ហើយមួយទៀត ថវិកាជាតិយើងចេះតែប្រើប្រាស់ធំទៅៗ ព្រោះអ្នកថ្មីចូលមក យើងចេះតែបង្កើនចំណាយចរន្តរបស់យើង ហើយអ្នកចាស់អត់ព្រមទៅណា អ៊ីចឹងមានឱកាសណាទៅកាត់បន្ថយចំណាយ ជាពិសេសការចំណាយទៅលើប្រាក់បៀវត្សរ៍ ចរន្តសម្រាប់ប្រតិបត្តិផ្សេងៗហ្នឹង។ ហើយសំខាន់ជាងគេ គឺខ្ញុំផ្ដោតទៅលើការផ្ដល់ឱកាសភាពជាអ្នកដឹកនាំហ្នឹង ដល់អ្នកដឹកនាំជំនាន់ថ្មី។ ខ្ញុំគិតថា នៅក្នុងក្រសួងនីមួយៗសុទ្ធតែបានត្រៀមខ្លួនចូលកាន់កាប់ និងដឹកនាំស្ថាប័នសំខាន់ៗរបស់ជាតិហ្នឹង»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ក៏ធ្លាប់រងការរិះគន់ថា ដល់ពេលអាយុចូលនិវត្តន៍ បែរជាអាចបន្តពន្យារពេលសម្រាប់ចូលនិវត្តន៍បាន។ ឆ្លើយតបនឹងប្រតិកម្មនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០២១ បានថ្លែងការពារលោក គុណ ញឹម ដោយអះអាងថាលោកនឹងទុកមេគយរូបនេះបន្តនៅក្នុងតំណែងរហូតដល់ឆ្នាំ២០២៥។
បើតាមលោក ហ៊ុន សែន ការរក្សាតួនាទីលោក គុណ ញឹម នៅក្នុងតំណែងជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ គឺដើម្បីផ្តល់លទ្ធភាពឱ្យលោក គុណ ញឹម បានធ្វើទំនើបកម្មស្ថាប័នគយបន្ថែមទៀត។
បើទោះជាបែបណា សម្រាប់លោក ប៉ិច ពិសី នៅចាត់ទុកថា ដើម្បីធ្វើឱ្យមានភាពរឹងមាំនៃស្ថាប័នជាតិ លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធអនុវត្តដោយម៉ត់ចត់អំពីគោលការណ៍ នីតិវិធី និងបទប្បញ្ញត្តិនានាដែលមានជាធរមាន។
នៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ក៏បានកំណត់ដោយកំហិតដែរ អ្នកដែលមានអាយុកំណត់ដោយច្បាប់ ត្រូវតែចូលនិវត្តន៍ ដោយពុំមានកិច្ចអន្តរាគមន៍ពិសេសណាមួយទេ៕