កម្ពុជា​នឹង​រឹតបន្តឹង​ច្រកព្រំដែន​ដើម្បី​ទប់ស្កាត់​ការនាំចូល​រថយន្ត​ចង្កូតស្ដាំ

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ (ហង់ សុខហុង)

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងពីការរឹតបន្តឹងតាមច្រកព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការបន្លំនាំចូលរថយន្តចង្កូតស្តាំមកកម្ពុជាតទៅទៀត ខណៈអង្គភាពនេះមិនទាន់មាន​ទិន្នន័យពីចំនួនរថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់សរុបនៅទូទាំងប្រទេសនៅឡើយ។

ការថ្លែងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមស្លាកលេខផ្សេងៗ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ថ្លែងថា នាយក​រដ្ឋមន្ត្រីបានអនុគ្រោះ ២ទៅ៣លើករួចទៅហើយសម្រាប់រថយន្តចង្កូតស្ដាំមានស្រាប់​ ខណៈនេះ​គឺជាលើកចុងក្រោយហើយដែលផ្ដល់ឱកាសឱ្យពួកគេអាចធ្វើដំណើរបានធម្មតា មិនបាច់កែចង្កូត និងគ្រាន់តែមកបង់ពន្ធ។

យ៉ាងណា លោកថា មកទល់បច្ចុប្បន្ន លោកមិនទាន់ដឹងនៅឡើយថាតើរថយន្តចង្កូតស្តាំគ្មានពន្ធ​ដែលមានស្រាប់នៅកម្ពុជាមានចំនួនសរុបប៉ុន្មានគ្រឿងនៅឡើយ ដែលការណ៍នេះទាមទារ​ឱ្យទុកពេលវេលាជាក់លាក់មួយ ដើម្បីឱ្យម្ចាស់រថយន្តចង្កូតស្ដាំមានស្រាប់បានមកប្រកាសសិន។ លោកថា បន្ទាប់ពីបានទិន្នន័យចុះបញ្ជីរួចរាល់ហើយនោះ នឹងអាចបញ្ចៀសករណី​ជនខិលខូចនាំចូលរថយន្តចង្កូតស្តាំបន្ថែមទៀត ហើយបន្លំជារថយន្តចង្កូតស្តាំមានស្រាប់។

លោកថា៖ «យើងក៏គិតគូរដែរថា យើងត្រូវទប់ស្កាត់ កុំឱ្យយកអារថយន្តដែលគ្មានស្រាប់ក្នុងប្រទេស លួចនាំចូលមកថ្មីៗ ហើយមកបន្លំថាមានស្រាប់។ អាចំណុចហ្នឹង ចំណុចដែលយើងកំពុងគិតគូររឿងនីតិវិធី យន្តការអនុវត្ត! អ៊ីចឹងហើយ យើងទុកពេលជាក់លាក់មួយ ដើម្បីឱ្យម្ចាស់រថយន្តហ្នឹងអាចចូលមកប្រកាសប្រាប់ថា គាត់មានរថយន្តស្តាំមួយគ្រឿងមិនទាន់បង់ពន្ធ ហើយតាមពិត គាត់អាចបង់ពន្ធក៏បាន [តែ]បើគាត់ត្រូវការពេលវេលា គាត់គ្រាន់តែមកប្រកាសក៏បាន ដើម្បីយើងកត់ត្រាទុកថាតើអាមានស្រាប់ក្នុងប្រទេសហ្នឹងមានចំនួនប៉ុន្មាន»។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារូបនេះ ថាស្ថាប័នបានពិភាក្សាថានឹងស្នើសុំកំណត់​កាល​បរិច្ឆេទ និងឱសានវាទពាក់ព័ន្ធបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់។ ក្រៅពីនោះ លោក គុណ ញឹម ថាគោលដៅរបស់អង្គភាពនេះ គឺធ្វើយ៉ាងណាកាត់បន្ថយជនខិលខូច អ្នកបន្លំ​គេចពន្ធឱ្យ​នៅសល់កាន់តែតិច ដើម្បីចំណូលជាតិ តាមរយៈការបន្ថែមកម្លាំង និងផ្តោតការយកចិត្តទុកដាក់​នៅតាមច្រកព្រំដែន ជាដើម។

លោក គុណ ញឹម បន្តថា៖ «អ៊ីចឹងផុតពីហ្នឹងទៅ គឺយើងលែងទទួលហើយ! បើសិនជាយើងបង្រ្កាបបានឬនេះ បានយើងសន្មតយើងចាត់ទុកថាអាហ្នឹងមិនមែនមានស្រាប់ទេ អាហ្នឹងគឺចូលមកថ្មីៗហើយ។ ទន្ទឹមនឹងនោះ ដើម្បីទប់ស្កាត់ ខ្ញុំបានជម្រាបជូនពីដើមអង្គប្រជុំហើយថា យើងនឹងចាត់វិធានការរឹតបន្តឹងនៅតាមច្រកព្រំដែន ជាពិសេសគឺកម្ពុជា-ថៃតែម្តង»។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ កញ្ញា ជា សុខុម លើកឡើងថា ការសម្រេចរឹតបន្តឹងតាមព្រំដែននេះអាចជាការគិតគូរ ថ្លឹងថ្លែង ដែលរដ្ឋាភិបាលបានពិចារណាបានច្បាស់លាស់ហើយ។ យ៉ាងណា កញ្ញានៅតែបារម្ភពីសុវត្ថិភាព បើមានរថយន្តចង្កូតស្តាំនៅក្នុងប្រទេស ព្រោះបើធ្វេសប្រហែសបន្តិច ងាយនឹងមានគ្រោះថ្នាក់កើតឡើង។

កញ្ញាថា៖ «ចង្កូតស្ដាំមើលទៅ បើយើងធ្វេសប្រហែសតិច យើងអត់អាចមើលចង្កៀងខាងឆ្វេង ព្រោះអីវានៅកៀកផ្លូវសម្រាប់វ៉ាទៅវ៉ាមក។ អ៊ីចឹងបើសិនជាសម្រាប់អ្នកដែលធ្វេសប្រហែស វាអាចនឹងមានគ្រោះថ្នាក់ដែរ។ ព្រោះបើយើងនៅចង្កូតឆ្វេង វានៅកៀកនឹងទ្រូងផ្លូវនៃឡានទាំងសងខាង កាលណាបញ្ច្រាសគ្នា យើងងាយស្រួលមើល វាកៀកជាង»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងសាទរចំពោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករដែលអះអាងពីការរឹតបន្តឹងតាមច្រកព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការ​បន្លំនាំចូលរថយន្តចង្កូតស្តាំមកកម្ពុជាតទៅទៀត។ លោកថា នេះជារឿងល្អ ដើម្បីទប់ស្កាត់​រថយន្តដែលខុសប្រក្រតីធ្វើចរាចរណ៍ និងអាចបង្កលទ្ធភាពឱ្យប្រមូលចំណូលជូនរដ្ឋ​តាមរយៈការបង់ពន្ធអាករ ដោយគ្មានការគេចវេះ។

លោកថា៖ «ខ្ញុំគិតថា យើងអាចកាត់បន្ថយឡានចង្កូតស្តាំហ្នឹងឱ្យច្រើនប្រសើរជាងយើងបង្កឱ្យមានការ​នាំចូលបន្ថែមទៀត ហើយបើសិនជារថយន្តដែលនាំចូលរួចហើយ បើសិនជាយើងមិនចង់ឱ្យគាត់កែទេ យើងធ្វើម៉េចឱ្យគាត់អនុវត្តនូវកាតព្វកិច្ចពន្ធរបស់គាត់ឱ្យពេញលេញមក ហើយមានការណែនាំ​បន្ថែម​អំពី​ការប្រើប្រាស់ចង្កូតស្តាំ ដើម្បីឱ្យគាត់អ្នកបើកហ្នឹង គាត់មានការប្រុងប្រយ័ត្នច្រើនជាងអ្នកប្រើប្រាស់​ចង្កូតឆ្វេងធម្មតា»។

កាលពីថ្ងៃទី៥ ខែកក្កដា មាន​ម្ចាស់រថយន្ត​ចង្កូតស្តាំមួយចំនួនបាននាំគ្នា​តវ៉ានៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​២និង​លេខ​៣ ដោយ​ស្នើ​សុំ​បង់ពន្ធ តែ​សុំមិនដូរ​ចង្កូត។ ករណីនេះ ក្នុងពិធីជួបសំណេះសំណាល​ជាមួយគណៈប្រតិភូកីឡាអាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games) ថ្ងៃទី៦ ខែកក្កដា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកយល់ស្រប​ជាមួយនឹងសំណើ​របស់​ពួកគេ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំដែលមិនទាន់បានបង់ពន្ធអាករទាំងអស់ ត្រូវទៅបង់​ពន្ធ ដោយ​មិន​ចាំបាច់ដូរ​ចង្កូត​រថយន្ត។​

បែបនេះក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការអនុញ្ញាតនេះធ្វើឡើងសម្រាប់តែ​រថយន្ត​ចង្កូតស្តាំដែលកំពុងចរាចរលើផ្លូវនៅក្នុងប្រទេស​កម្ពុជាប៉ុណ្ណោះ ហើយ​សម្រាប់​រថយន្ត​​ចង្កូត​ស្តាំដែលនាំចូល​ថ្មី គឺហាម​ដាច់ខាត​លើការនាំចូល បើទោះជារថយន្តទាំងនោះមក​ដល់​ព្រំដែនក៏ដោយ។

បើទោះជាលោក គុណ ញឹម និយាយថាមិនទាន់ដឹងពីតួលេខពិតប្រាកដនៃរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាក្តី ប៉ុន្តែបើតាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រថយន្តចង្កូត​ស្តាំដែល​មិនទាន់បង់ពន្ធមានចំនួនជាង៦ ០០០គ្រឿង ក្នុងនោះបានកែចង្កូតរួចចំនួន​៤ ០០០គ្រឿង និងមិនទាន់កែចង្កូតមានចំនួនជាង​២ ៥០០គ្រឿង។

កាលពីថ្ងៃទី៥ ខែកក្កដា ក្រុម​អ្នក​បើកបររថយន្ត​​ចង្កូត​ស្តាំ​ ប្រមាណ២០០នាក់ បាន​ប្រមូល​ផ្តុំគ្នា​​តវ៉ា​ដោយ​បិទ​ផ្លូវ​សាធារណៈនៅចំណុច​រង្វង់មូល​កួរស្រូវ​ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី​សុំ​គោលការណ៍​បង់ពន្ធ​ធម្មតា តែ​មិន​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង។

ការតវ៉ារបស់ក្រុមអ្នកបើកបររថយន្តចង្កូតស្តាំនេះ បានធ្វើឡើង​ក្រោយពី​យុទ្ធនាការ​​ប្រមូល​ពន្ធនិង​អាករ​នាំចូល​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេសបាន​ផុតកំណត់​នៅ​ថ្ងៃទី៣០ ខែមិថុនា ហើយ​ចាប់ពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានព្រមានថា​​នឹង​​អនុវត្ត​វិធាន​ការ​​បង្ក្រាប​យ៉ាង​ម៉ឺង​ម៉ាត់ ក្នុងករណី​​បង្ក្រាបបាន​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​ដែលជា​ប្រភេទ​ទំនិញ​ហាមឃាត់​ការនាំ​ចូល នឹងត្រូវ​កម្ទេចចោលឬ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​តាម​នីតិវិធី​ជា​ធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ