រដ្ឋាភិបាល​ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ចង្កូតស្ដាំ​គ្មានពន្ធ​ឱ្យ​ប្រញាប់​ទៅ​ចុះបញ្ជី​មុន​ថ្ងៃកំណត់​ដើម្បី​បង់ពន្ធ

រថយន្តចង្កូតស្ដាំមួយគ្រឿងបើកបរលើដងផ្លូវមួយកន្លែង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានជំរុញទៅដល់ម្ចាស់រថយន្តចង្កូតស្ដាំទាំងអស់ត្រូវប្រញាប់ប្រញាល់ទៅចុះបញ្ជី​ឱ្យបានមុនថ្ងៃឱសានវាទមកដល់ ដោយកាលបរិច្ឆេទបញ្ចប់ការចុះបញ្ជីនេះនៅត្រឹមចុងខែកក្កដា ឆ្នាំ២០២២នេះ។

តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ បានរម្លឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ​មានស្រាប់ ក្នុងប្រទេសទាំងអស់ រួសរាន់មកចុះបញ្ជីនៅអង្គភាពគយ និងរដ្ឋាករ នៅជិតបំផុត ដែលនឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ២០២២ខាងមុខនេះ។

អគ្គនាយកដ្ឋានគយ ក៏បានបញ្ជាក់ថា ចំពោះរថយន្តដែលចុះបញ្ជីរួច នឹងត្រូវបានទុកពេលវេលាឱ្យម្ចាស់មកបង់ពន្ធរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។ រីឯរថយន្តមិនបានចុះបញ្ជីតាមកាលបរិច្ឆេទកំណត់ទេ គឺចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស ឬជារថយន្តទើបរត់ពន្ធចូលមកថ្មី ដែលជាមុខសញ្ញានៃការបង្រ្កាប និងរឹបអូសតាមច្បាប់និងបទប្បបញ្ញត្តិជាធរមាន។

តាមការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ ស្តីពីការអនុញ្ញាតប្រមូលពន្ធនិងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ដោយពុំតម្រូវឱ្យកែចង្កូតទេ ប៉ុន្តែតម្រូវឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្រប់ប្រភេទ​ត្រូវយករថយន្តគ្មានពន្ធរបស់ខ្លួនមកចុះបញ្ជីជាបន្តបន្ទាប់។

ប្រភពដដែលឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានរថយន្តចង្កូតស្ដាំចំនួន៤ ៨៥៤គ្រឿង ត្រូវបានយកមកចុះបញ្ជី ដែលក្នុងនោះមានរថយន្តមួយចំនួនបានបំពេញកាតព្វកិច្ចពន្ធនិងអាកររួចហើយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ