កម្មករក្រុមហ៊ុន ខេនស័្ពតស៊ូ ធ្វើកូដកម្មបិទកំណាត់ផ្លូវជាតិលេខ៥ ទាមទារឱ្យមានដំណោះស្រាយបញ្ហាជាង៣០ចំណុច

កម្មករ-កម្មការិនីប្រមាណ៨ ០០០នាក់ ធ្វើការ​នៅ​ក្រុម​ហ៊ុន​​​ ខេនស្ព័ត​ស៊ូ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ (សង់ត្រាល់)

កម្មករ-កម្មការិនីប្រមាណ៨ ០០០នាក់ ធ្វើការ​នៅ​ក្រុម​ហ៊ុន​​​ ខេនស្ព័ត​ស៊ូ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវ​ជាតិលេខ​៥ នៅព្រឹកថ្ងៃអង្គារ​នេះ ដើម្បី​ទាម​ទារ​​ឱ្យ​ថៅកែ​ដោះស្រាយ​​បញ្ហា​​​ចំនួន៣៥​ចំណុច។

កម្មការិនី​ធ្វើការនៅរោង​ចក្រ​ ខេនស្ព័តស៊ូ ​អ្នកស្រី នូ ស៊ីតូច បានអះអាងថា កម្មករ​-កម្មការិនីប្រមាណ៨ ០០០នាក់ បានតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៥ ប្រមាណ១ម៉ោង ដើម្បីទាមទារ​ឱ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ ដោះស្រាយបញ្ហាចំនួន៣៥ចំណុច និងអនុវត្តតាមការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ដែលបានដាក់ចេញនាពេលកន្លងមក។

អ្នកស្រីព្រមានថា​ បើសិនជាថៅកែរោងចក្រមិនដោះស្រាយ​បញ្ហាតាមអ្វីដែលកម្ម​ករ​ទាមទារនោះ​ទេ​ នោះពួកគាត់នឹងបន្តការតវ៉ាជាថ្មីទៀតនៅថ្ងៃស្អែក។​

អ្នកស្រី​និយាយ​​ថា៖ «តវ៉ារឿងបើកលុយប្រាក់ដំណាច់ឆ្នាំ និង​ទាមទារឱ្យមានការលក់ដូរនៅក្នុង​​វិញ ព្រោះអីពេល​គាត់​ចេញ​ហូប​អី គាត់​មិន​សូវមានចំណីអីហូប​គ្រប់គ្រាន់ ច្រើនតែគាត់ចេញក្រៅអីអ៊ីចឹង វាឆ្ងាយ»។

យោងតាម​សេចក្ដីជូនដំណឹងរបស់កម្មករ-កម្មការិនីនិយោជិតនៃក្រុមហ៊ុន ​ខេនស្ពតស៊ូ ​កាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ពួកគាត់​ទាមទារ និង​ចូលរួម​យ៉ាង​មុតមាំ​ក្នុងការ​​ធ្វើ​កូដ​កម្ម​​ដើម្បី​​ទាមទារ​លក្ខខណ្ឌ​ការងារ​នៅក្នុង​ក្រុមហ៊ុននេះ​ ក្នុង​គោលដៅ​បង្កើត​ទំនាក់ទំនង​វិជ្ជា​ជីវៈ និង​ដើម្បី​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​​បាន​ល្អ​ប្រសើរ​នៅ​ក្នុង​ក្រុមហ៊ុន។

សេចក្តីជូនដំណឹងដដែលបន្តថា ពួក​គេមា​ន​ការ​ខក​ចិត្ត​ខ្លាំង និងមិនអាចទទួលយក​បាន​ទេ​ចំពោះការបដិសេធរបស់ក្រុមហ៊ុន ដែល​បាន​ជំទាស់សេច​ក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គ្រប់សំណុំរឿងទាំងអស់។ ពួកគេចាត់ទុកការមិនអនុវត្តរបស់ថៅកែក្រុមហ៊ុន បង្ហាញឱ្យឃើញថាគ្មានឆន្ទៈដោះស្រាយ និងមិនគោរពច្បាប់កម្ពុជា ដែលករណីនេះ ក៏ជាទង្វើមួយមិនគោរពសិទ្ធិមនុស្ស ផងដែរ។

សេចក្តីជូនដំណឹងរបស់ក្រុមកម្មករ​ទាំងនោះក៏បាន​លើកឡើង​នូវ​​បញ្ហាផ្សេងទៀត ដែលពួកគេទាមទារឱ្យមានដំណោះស្រាយផងដែរ ក្នុងនោះ ទាមទារ​ឱ្យក្រុមហ៊ុនបើកប្រាក់​ជូន​កម្មករ-កម្មការិនីណាដែល​ប្រើប្រាស់ដំណាច់​ឆ្នាំនៅសល់​ គិត​​ត្រឹមចុងខែធ្នូ និងកុំបញ្ឈប់កម្មករដែលមិនអាចធ្វើការថែមម៉ោងបាន និងត្រូវបើកប្រាក់ឈ្នួល​ដល់​កម្មករ​ដែលខាងក្រុម​ហ៊ុន​​បានជំពាក់២ខែ​នោះផងដែរ។ ក្រៅពីនោះ ក្រុមកម្មករ​បាន​ទាមទារ​ឱ្យ​​ក្រុមហ៊ុនដក​ប្រធាន​ផ្នែក​​​នៅ​អគារ SIPCA4 ចេញពីក្រុមហ៊ុន ដោយសារតែប្រធានផ្នែករូបនេះ​បាន​បង្ខំឱ្យកម្មករធ្វើការ​​ថែម​ម៉ោង ទោះ​​បី​ជា​​កម្មករ​ឈឺឬរវល់​យ៉ាង​ណាក៏​ដោយ។ ​

ក្នុងអំឡុងពេល​កម្មករ​ធ្វើកូដកម្មនេះ សហជីពប្រចាំរោងចក្រនេះចំនួន​៣នាក់ ក៏ត្រូវបានសមត្ថកិច្ច​ឃាត់​ខ្លួនយកទៅសួរនាំរយៈពេល​ជាច្រើនម៉ោង​​ ពាក់ព័ន្ធនឹងការធ្វើកូដកម្មរបស់​កម្មករ​នេះ។

ប្រធានសហជីពកម្ពុជាប្រចាំនៅរោង​ចក្រ​ ខេនស្ព័តស៊ូ លោក នឹម សុខឿន លើកឡើងថា ការឃាត់ខ្លួនរូបលោក និងសមាជិក​សហជីព២នាក់​​ទៀតនោះ ដោយ​សមត្ថកិច្ចចោទថា ពួកគាត់​ជា​អ្នក​​ដឹកនាំ​កម្មករធ្វើកូ​ដ​កម្មខុសច្បាប់​។  ប៉ុន្តែលោកអះអាង​ថា ការ​តវ៉ារបស់កម្មករ​នាថ្ងៃនេះ ដោយ​សារតែ​កម្មករទ្រាំលែងបានចំពោះការគាប​សង្កត់ និងកេងប្រវ័ញកម្លាំងពលកម្មពីសំណាក់ថៅកែក្រុមហ៊ុនទៅវិញទេ។

លោកថា៖ «រោងចក្រនេះ ពីមុនអត់អីប៉ុន្មានទេ ប៉ុន្តែមួយរយៈក្រោយ​នេះ មាន​ការ​កេងប្រវ័ញ្ចលើ​កម្មក​រខ្លាំងពេក ដោយបញ្ហាហ្នឹង ដែលធ្វើឱ្យកម្មករ​ទ្រាំអ​ត់​បាន​ខ្លួន​ឯង។ ពួកខ្ញុំអត់មានសិទ្ធិទេ ប៉ុន្មាននាក់នេះ! គ្រាន់តែភាពជាតំណាងពួកគាត់ឱ្យសិទ្ធិអីពួកគាត់ហ្នឹង»។

ចំណែក ស្នងការរងនៃស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង លោក អៀ ប៊ុន​ធឿន អះអាងថា សហ​ជីព​ទាំង៣​នាក់នោះ ត្រូវ​បានសមត្ថកិច្ចដោះលែងវិញ​ហើយ បន្ទាប់​ពីបាន​សួរ​នាំ និង​ឱ្យ​បំពេញ​បែប​​បទ​មួយចំនួនរួចនោះ។ លោកព្រមានថា បើសិនជាកម្មករធ្វើកូដកម្មដោយ​​មិនបានសុំច្បាប់​អនុញ្ញាត និង​បិទផ្លូវទៀតនោះ សមត្ថកិច្ច​នឹងចាត់វិធានការច្បាប់ ដោយសារ​ការបិទផ្លូវនេះធ្វើឱ្យប៉ះពាល់ដល់​សណ្ដាប់ធ្នាប់សាធារណៈ។

លោកថា៖ «លែងគាត់ថ្ងៃត្រង់! យើងធ្វើបែបបទ បើប្រជាពលរដ្ឋទាមទារប្រយោជន៍ លោកមានលិខិតស្នាមអីទៅ កុំឱ្យមានអ្នកញុះញង់នាំឱ្យធ្វើបាតុកម្ម មិនឱ្យចូលធ្វើការអីអ៊ីចឹង។ វាខាតផលប្រយោជន៍ច្រើន ទី១ សណ្ដាប់ធ្នាប់សាធារណៈ គាត់ធ្វើបាតុកម្ម គាត់បិទតែផ្លូវ ហើយដឹងហើយ ផ្លូវជាតិលេខ៥ ជាផ្លូវលំហូរចរាចរណ៍មមាញឹកណាស់ បិទតែ១៥នាទី ស្ទះរាប់រយគីឡូ។ និយាយទៅ ពួកគាត់តែធ្វើបាតុកម្មបិទផ្លូវហ្នឹង»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីប្រធានមន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង លោក ពៅ ស៊ីថា បានទេ។

ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ លើក​ឡើង​ថា មូល​ហេតុ​ដែល​កម្មករតវ៉ា ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុនអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​​ ដែលបាន​ចេញតាំង​ពី​អំឡុងឆ្នាំ២០០១ និងដោះស្រាយបញ្ហាផ្សេងទៀតដែរ។

ទោះយ៉ាងណា​ អ្នកស្រីបានជំរុញ​ដល់ថៅកែរោងចក្រពន្លឿនការដោះស្រាយដើម្បីបញ្ចប់វិវាទការងារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ