កម្មករ-កម្មការិនីប្រមាណ២០០នាក់ធ្វើការនៅរោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នាដើរហែក្បួនទៅដាក់ញត្តិនៅក្រសួងការងារ ដើម្បីស្នើឱ្យជួយដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។
កម្មករ-កម្មការិនីទាំងនោះបាននាំគ្នាតវ៉ានិងដាក់វេនគ្នាដេកយាមមុខរោងចក្រជិត១ខែហើយ ដើម្បីការពារមិនឱ្យមានការដឹកសម្ភារផ្សេងៗចេញពីរោងចក្រ និងទាមទារឱ្យថៅកែចេញមុខដោះស្រាយសំណងជូនកម្មករតាមផ្លូវច្បាប់។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ឱ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍មុន ពួកគាត់ធ្លាប់បានដាក់ញត្តិសុំអន្តរាគមន៍ពីក្រសួងការងារឱ្យជួយដោះស្រាយម្តងរួចមកហើយ។ ប៉ុន្តែអ្នកស្រីថា មកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយ ទើបពួកគាត់នាំគ្នាទៅក្រសួងការងារជាថ្មី ដើម្បីសុំអន្តរាគមន៍ជាថ្មីទៀត និងជំរុញឱ្យមានដំណោះស្រាយសម្រាប់កម្មករឱ្យបានឆាប់ ខណៈពួកគេកំពុងជួបការលំបាកក្នុងជីវភាព។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្មករជាង៣០០នាក់របស់រោងចក្រកាត់ដេរ ឃែនធើរេន អីភែរឹល (ខេមបូឌា) បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អស់រយៈពេលជិត១ម៉ោង ដើម្បីទាមទារឱ្យថៅកែទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ ក្រោយពួកគេឃើញថៅកែដឹកសម្ភារផ្សេងៗចេញពីរោងចក្រដោយមិនផ្ដល់ដំណឹងដល់កម្មករ។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ លោក ស៊ុត ចិត្រ មានប្រសាសន៍ថា ករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករនេះ គឺជារឿងខុសច្បាប់។ លោកថា តាមច្បាប់ មុននឹងបិទរោងចក្រ ថៅកែត្រូវជូនដំណឹងដល់កម្មករជាមុន និងត្រូវដោះស្រាយសំណងជូនកម្មករចំនួន៥ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។
មន្ត្រីសហជីពរូបនេះលើកឡើងថា ថៅកែរោងចក្រ ឃើធើរេន មានចេតនាគេចវេះមិនទទួលខុសត្រូវលើការទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។ លោកថា នេះមិនមែនជាលើកទី១ទេដែលជនបរទេសមករកស៊ីនៅកម្ពុជា ហើយបានធ្វើបាបកម្មករខ្មែរ តាមរយៈការផ្អាកអាជីវកម្មដោយមិនផ្តល់សំណងត្រឹមត្រូវជូនកម្មករ៕