គ.ជ.ប ច្រានចោល​ការ​ចោទប្រកាន់​ថា​ខ្លួន​មិន​ឯករាជ្យ​លម្អៀង​ទៅ​បក្សកាន់អំណាច

អ្នកនាំពាក្យ គ.ជ.ប លោក ពង្ស ពុទ្ធា ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសច្រានចោលចំពោះការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ដែលលើកឡើងថា គ.ជ.ប លម្អៀងទៅរកបក្សប្រជាជនកម្ពុជា ខណៈសង្គមស៊ីវិលមើលឃើញថា គ.ជ.ប នៅមិនទាន់ឯករាជ្យ។

ការប្រកាសច្រានចោលនេះ ធ្វើឡើងតាមរយៈសេចក្ដីបំភ្លឺរបស់ គ.ជ.ប ចុះថ្ងៃទី១ ខែមិថុនា និងបន្ទាប់ពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី តទល់ជាមួយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងលិខិតរបស់ក្រុមប្រតិកម្មព័ត៌មានរបស់ខ្លួន គ.ជ.ប បានចេញបដិសេធ និងបំភ្លឺ ឆ្លើយតបនូវអ្វីដែលលោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀនដែលបានលើកឡើងថា «ឱ្យតែគណបក្សភ្លើងទៀននិយាយអី មានចំណុចអីហ្នឹង គឺគាត់សហការគ្នាល្អណាស់រវាងគណបក្សគាត់ហើយនិង គ.ជ.ប ដូចជាត្រូវគ្នាចិត្តមួយថ្លើមមួយតែហ្មង ប្ដឹងនេះមិនចេះឈប់មិនចេះហើយហ្មង…»

គ.ជ.ប ថាខ្លឹមសាររបស់លោក សុន ឆ័យ បែបនេះមិនឆ្លុះបញ្ចាំងពីការពិតទេ ហើយផ្ទុយពីជំហររបស់ គ.ជ.ប ដែលប្រកាន់ខ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយ ទោះបីគណបក្សតូចឬធំក្ដី។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ក្បាលម៉ាស៊ីននិងថ្នាក់ដឹកនាំកំពូលរបស់ គ.ជ.ប មានសមាសភាពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ភាគច្រើនជាសមាជិក ឬជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់មកពីបក្សប្រជាជនកម្ពុជា។

លោកថា ការប្រកួតប្រជែងនេះមិនមានតម្លាភាពប៉ុន្មានទេ បើទោះ គ.ជ.ប ប្រកាសថាខ្លួនឯករាជ្យក៏ដោយ ពីព្រោះ គ.ជ.ប ជាអាជ្ញាកណ្ដាលខ្លួនឯងកាន់​ជើង​ភាគីម្ខាង។ យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះមើលឃើញថា រូបភាពរបស់ គ.ជ.ប ឆ្លុះបញ្ចាំងឱ្យឃើញនូវភាពលម្អៀងរួចទៅហើយ។

លោកថា៖ «អាជ្ញាកណ្ដាលបានកាន់ជើងភាគីម្ខាងហើយ គូជម្លោះទាំង២ហ្នឹង ទោះបីជាខាងណាត្រូវ ខាងណាខុស គឺសុទ្ធតែប្រើប្រាស់ហេតុផលនយោបាយដើម្បីកេងចំណេញផលប្រយោជន៍នយោបាយពីគ្នាទៅវិញទៅមក ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ […] មនុស្សដែលធ្វើខុសទៅប្ដឹងភាគីអាជ្ញាកណ្ដាល ដែលភាគីអាជ្ញាកណ្ដាលហ្នឹងគឺជាមនុស្សរបស់ក្រុមមួយផ្សេងទៀតដែលជាគូទំនាស់រវាងគ្នាហ្នឹង គឺថាមុំមួយមិនអាចឈ្នះមុំពីរបានទេ»។

លោក សេក សុជាតិ យល់ថា ដរាបណាក្បាលម៉ាស៊ីនរបស់ គ.ជ.ប ជាបុគ្គលរបស់បក្ស ទោះបីជាប្រកាសថាខ្លួនស្អាតស្អំយ៉ាងណា ក៏សហគមន៍ជាតិ និងអន្តរជាតិ មិនអាចទុកចិត្តបានដែរ ខណៈភាពឯករាជ្យពិតប្រាកដ លុះត្រាថ្នាក់ដឹកនាំ គ.ជ.ប ជាមនុស្សឯករាជ្យដែរ មិនស្ថិតក្នុងបក្សនយោបាយណាមួយ។ លោកថា ក្រៅពីនោះ មហាជននឹងមើលទៅលើសកម្មភាពពេលឃោសនា ថាតើបុគ្គលដឹកនាំ គ.ជ.ប ទាំងនោះ ធ្វើខ្លួនជាមនុស្សឯករាជ្យដូចការទុកចិត្តរបស់មហាជនឬទេ។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស យល់ថា វាជារឿងធម្មតា នៅពេលស្ថាប័នមួយមានការចូលរួមនៃថ្នាក់ដឹកនាំមិនបានឆ្លើយតបនឹងរចនាសម្ព័ន្ធដើម គឺ ៤-៤-១ (បក្សកាន់អំណាច៤រូប បក្សប្រឆាំង៤រូប និងបុគ្គលឯករាជ្យ១រូប) នោះចៀសមិនផុតទេដែលបង្កើតការសង្ស័យចំពោះសមាសភាព ខណៈលោកថា រឿងនេះមិនមែនកើតឡើងតែពេលនេះទេ ពោលគឺកើតឡើងច្រើនដងកន្លងទៅហើយ។

មន្ត្រីសង្គមស៊ីវិលរូបនេះថា លោកមិនវាយតម្លៃនូវភាពលម្អៀងទេ តែលោកផ្ដោតលើការអនុវត្តដោយផ្នែកលើច្បាប់ ភស្តុតាង និងការដោះស្រាយបណ្ដឹង។ យ៉ាងណា លោកថានៅតែបន្តតាមដាននិងចង់ឃើញ គ.ជ.ប យកចិត្តទុកដាក់អនុវត្តដោយផ្អែកលើច្បាប់ មិនមែនអនុវត្តលើសពីអ្វីដែលច្បាប់មាន។

លោកថា៖ «សម្រាប់ខ្ញុំ ការឆ្លើយតប ការបដិសេធ វាមិនមែនជាចំណុចក្នុងការដោះស្រាយទេ ប៉ុន្តែការស្វែងរក ការសិក្សារកមូលហេតុដែលកើតឡើង វាជារឿងមួយដែលធ្វើឱ្យគ្រប់គ្នាកាន់តែជឿអំពីការអនុវត្តរបស់ស្ថាប័ន គ.ជ.ប ថែមទៀត។ […] ខាងលើព្យាយាមក្នុងការត្រួតពិនិត្យ ហើយខាងក្រោម ព្យាយាមការអនុវត្តបន្ថែមដើម្បីឱ្យគណបក្សនយោបាយអាចទទួលយកបាន ជាពិសេស ការលើកឡើងពីបញ្ហានិងកង្វល់ ត្រូវតែធ្វើការដោះស្រាយជាជាងការបដិសេធ ឬក៏ការឆ្លើយណាដែលមិនបានឆ្លងកាត់ការពិនិត្យឱ្យបានល្អិតល្អន់»។

បែបនេះក្ដី លោក សាវាង្ស យល់ថា កិច្ចការខ្លះ គ.ជ.ប ត្រូវមានការប្រយ័ត្ន ដូចជារឿងបណ្ដឹងពាក់ព័ន្ធការចែកលុយកាក់ទៅបេក្ខភាពបក្សជាដើម បក្សខ្លះមិនទទួលការប្ដឹងផ្ដល់ ឯខ្លះទៀតរងបណ្ដឹង។ លោកថា គ.ជ.ប ត្រូវដោះស្រាយដោយស្មើភាព ពិនិត្យជាមុនសិន ដោយមិនគួរបដិសេធភ្លាមទេ។

​​កន្លងមក គណបក្សនយោបាយនានា រួមទាំងអង្គការសង្គមស៊ីវិលជាង៦០ស្ថាប័ន បានទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ធានាឱ្យបាននូវលក្ខខណ្ឌអប្បបរមា ៦ចំណុច ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ក្នុងនោះ ត្រូវធានាឱ្យ គ.ជ.ប ជាស្ថាប័នដែលអាចជឿទុកចិត្តបាន ដោយរក្សាសមាសភាពមកពីភាគីពាក់ព័ន្ធ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺ ៤រូបមកពីបក្សកាន់អំណាច ៤រូបទៀតមកពីបក្សគ្មានអាសនៈក្នុងសភា និង ១រូបពីខាងសង្គមស៊ីវិល ជាដើម។ ទោះជាយ៉ាងណា ការទាមទាររបស់បក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនេះ មិនត្រូវបានមេដឹកនាំរដ្ឋាភិបាលឯកបក្សយកចិត្តទុកដាក់ដោះស្រាយនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ