កម្មករ​រោងចក្រ ឃែនធើរេន ស្នើ​ស្ថានទូត​អាមេរិក​ជួយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ

កម្មករ-កម្មការិនីជាច្រើននាក់​បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ​​ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាដាក់​​ញត្តិ​នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ​កម្ពុជា ដើម្បី​ស្នើ​ឱ្យ​មន្ត្រី​ទូត​ជួយ​អន្តរាគមន៍​ទៅ​កាន់​ក្រុមហ៊ុន​បញ្ជា​ទិញ Walmart និងក្រុមហ៊ុន Primark ទទួលខុសត្រូវ​ក្នុងការ​ទូទាត់​ប្រាក់​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ សម្ព័ន្ធសហជីពចលនាកម្មករ)

កម្មករ-កម្មការិនីជាច្រើននាក់​បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ​​ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅ​ថ្ងៃសុក្រនេះ បាននាំគ្នាដាក់​​ញត្តិ​នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ​កម្ពុជា ដើម្បី​ស្នើ​ឱ្យ​មន្ត្រី​ទូត​ជួយ​អន្តរាគមន៍​ទៅ​កាន់​ក្រុមហ៊ុន​បញ្ជា​ទិញ Walmart និងក្រុមហ៊ុន Primark ទទួលខុសត្រូវ​ក្នុងការ​ទូទាត់​ប្រាក់​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

កម្មករ-កម្មការិនីប្រមាណ២០០នាក់ ធ្វើការ​​នៅ​រោងចក្រ​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ បាននាំគ្នាតវ៉ា និងដាក់វេនគ្នា​ដេកយាម​មុខ​រោង​ចក្រ​ ជិត​២ខែមក​ហើយ ដើម្បីការ​ពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និងទាមទារឱ្យថៅកែចេញមុខដោះស្រាយសំណងជូនកម្មករតាមផ្លូវច្បាប់ ក្រោយរោង​ចក្រនេះ​បិទ​ទ្វាររត់ចោលកម្មករ​​ដោយពុំមានការជូនដំណឹងជាមុន។

ប្រធាន​​សហជីព​ចលនាកម្មករ​ប្រចាំរោងចក្រ​ ឃែនធើរេន អ្នកស្រី សាន់ សុផា​ ​ឱ្យ​​ដឹង​ថា ក្រុមកម្មករ​ទៅរក​កិច្ចអន្តរាគមន៍ពីស្ថានទូតអាមេរិក​​ជួយដោះស្រាយ ដោយសារក្រុមហ៊ុន Walmart និង​​ Primark ដែលជាក្រុម​ជាក្រុមហ៊ុនរបស់អាមេរិក និងម្យាងអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ។

អ្នកស្រីបន្តថា ក្រោយ​រោងចក្រ​​បិទទ្វារ ក្រុម​កម្មករ​បាននាំគ្នា​តវ៉ា និង​ប្តឹងទៅ​ក្រសួងការងារ និងអាជ្ញាធរខណ្ឌឱ្យ​ជួយ​ដោះស្រាយ​ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មាន​ដំណោះស្រាយណាមួយសម្រាប់កម្មករនៅ​​ឡើយ។

ក្នុងញត្តិដាក់ទៅក្រសួងការងារ កាលពីថ្ងៃទី២៣ ខែឧសភា​នេះ ក្រុមកម្មករអះអាងថា រោងចក្រ​ ឃែន​ធើ​រេន អីភែ​រឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) និង​រោងចក្រ​ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) មាន​ថៅកែតែមួយ ជាជនជាតិម៉ាឡេស៊ី​​ឈ្មោះ​​ CHHOONG WEIPIAU ខណៈ​រោងចក្រ​ ខ្វលីធី បច្ចុប្បន្ន​បើកដំណើរ​ការ​អាជីវកម្មធម្មតា។

​មន្ត្រីសម្ព័ន្ធ​​​សហ​ជី​​ព​ចលនា​កម្មក​រ លោក ស៊ុត ចិត្រ អះអាងថា ករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹង​ត្រឹម​ត្រូវ​ដល់​​កម្មករ​នេះ គឺជារឿង​ខុសច្បាប់ ដែលថៅកែ​ត្រូវ​​ដោះស្រាយសំណងជូនកម្មករចំនួន៥ចំណុច រួម​មាន​ ប្រាក់​ឈ្នួលចុង​ក្រោយ ប្រាក់​ជូន​​ដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។

បើតាម​កម្មករ ​ដើមឡើយ​ រោង​ចក្រ​នេះមានកម្មករសរុបចំនួនជាង​​១ ០០០​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ជាង​​​៣០០នាក់​ប៉ុណ្ណោះ ដោយ​ភាគច្រើនពួកគាត់មានវ័យចំណាស់ និងមានអតីតភាពការងារច្រើនឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ