មេសហជីព​ថា ទូតអាមេរិក​សន្យា​យក​សំណើ​កម្មករ​រោងចក្រ ឃែនធើរេន ទៅ​ជជែក​ជាមួយ​ក្រុមហ៊ុន​បញ្ជាទិញ

កម្មករ-កម្មការិនីជាច្រើននាក់​បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ​​ឃែន​ធើ​រេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាដាក់​​ញត្តិ​នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅ​កម្ពុជា ដើម្បី​ស្នើ​ឱ្យ​មន្ត្រី​ទូត​ជួយ​អន្តរាគមន៍​ទៅ​កាន់​ក្រុមហ៊ុន​បញ្ជា​ទិញ Walmart និងក្រុមហ៊ុន Primark ទទួលខុសត្រូវ​ក្នុងការ​ទូទាត់​ប្រាក់​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ សម្ព័ន្ធសហជីពចលនាកម្មករ)

ថ្នាក់ដឹកនាំ​សហជីពអះ​អាង​ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសន្យាយកសំណើរបស់រោងចក្រ​ ឃែន​ធើរេន អីភែរឹល ខេម​បូឌា (CANTERAN APPAREL Cambodia co.,ltd) ទៅជជែកជាមួយក្រុមហ៊ុនបញ្ជាទិញចំនួន២ ដើម្បីស្វែងរកដំណោះស្រាយ​វិវាទ​ការងារជូនកម្មករ។

កម្មករ-កម្មការិនីជិត១០០នាក់ ​បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ​​ឃែន​ធើ​រេន ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បាន​នាំគ្នាដាក់​​ញត្តិ​នៅស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅ​កម្ពុជា ដើម្បី​ស្នើ​ឱ្យ​មន្ត្រី​ទូត​ជួយ​អន្តរាគមន៍​ទៅ​កាន់​ក្រុមហ៊ុន​បញ្ជា​ទិញ Walmart និងក្រុមហ៊ុន Primark ទទួលខុស​ត្រូវ​ក្នុងការ​ទូទាត់​​ប្រាក់​​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់ ក្រោយថៅកែរោង​ចក្រ​បិទ​ទ្វាររត់ចោល​កម្មករ​​ដោយពុំមានការជូនដំណឹងជាមុន។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលឃ្លាំមើលនិងបានយកញត្តិទៅដាក់ដល់ក្នុងស្ថានទូតអាមេរិក ​ប្រាប់​វីអូឌីថា មន្ត្រីស្ថានទូតអាមេរិក​ប្រចាំកម្ពុជា​ ទទួលបន្ទុកផ្នែកការងារ និងសិទ្ធិកម្មករ បានទទួលយកញត្តិ និងបានសន្យាយកសំណើរបស់កម្មករ​ទៅជជែក​ជាមួយក្រុមហ៊ុនបញ្ជា​ទិញ Walmart និងក្រុមហ៊ុន Primark ដើម្បីស្វែងរកដំណោះស្រាយជូនកម្មករ។

លោក​បន្តថា ក្រុមហ៊ុនបញ្ជាទិញ Walmart និងក្រុមហ៊ុន Primark ជាក្រុមហ៊ុនរបស់អាមេរិកដែលរោងចក្រ ឃែនធើរេន បាន​ផលិត​ទំនិញ​ឱ្យជាង២០ឆ្នាំហើយ។ លោកថា សហរដ្ឋអាមេរិកជាប្រទេសដែលប្រកាន់គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ ត្រូវ​ជំរុញទៅក្រុមហ៊ុនបញ្ជាទិញទាំង២នេះ ចូលរួមចំណែកចំពោះការបាត់បង់ផលប្រយោជន៍របស់​កម្មករដោយសារថៅកែរោងចក្រ ឃែនធើរេន។

លោកបន្ថែមថា៖ «អាមេរិកជាប្រទេសមានអំណាចលើពិភពលោក ហើយជាប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ហើយ​គេគាំទ្រ​ចំពោះបងប្អូនកម្មករប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការតវ៉ាដោយសន្តិវិធី ក៏ដូច​ជា​ការ​ជំរុញឱ្យក្រុមហ៊ុនវិនិយោគគោរពច្បាប់និងបញ្ឈប់ការកេង​ប្រវ័ញ្ច​កម្លាំងញើសឈាម និងយកបញ្ហានេះទៅជជែក ដើម្បីរកដំណោះស្រាយជូនបងប្អូនកម្មករ ធ្វើម៉េច​ឱ្យក្រុមហ៊ុនបញ្ជាទិញទាំង២ហ្នឹងមាន​ការទទួល​ខុសត្រូវទៅនឹងក្រមសីលធម៌​របស់ខ្លួន និងកាតព្វកិច្ចទទួលខុសត្រូវផ្នែកសង្គម»

លោក ប៉ាវ ស៊ីណា បន្ថែមថា សហជីព​របស់លោកនឹងរកកិច្ចអន្តរាគមន៍​ជាមួយដៃគូអន្តរជាតិជាច្រើនទៀតនៅលើពិភពលោក ដើម្បីដាក់សម្ពាធ​ទៅលើក្រុមហ៊ុនបញ្ជាទិញទាំងអស់នោះឱ្យមកទទួលខុសត្រូវចំពោះទង្វើរបស់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ឬរោងចក្រ ឃែនធើរេន ដែលកេងប្រវ័ញ្ច​និង​រំលោភសិទ្ធិរបស់កម្មករ។

បើតាមលោក ប៉ាវ ស៊ីណា ករណីថៅកែបិទទ្វារ​រោងចក្ររត់ចោលកម្មករនេះ មិនមែនជាលើកទីមួយនោះទេ ហើយកម្មករមិនដែលទទួលបានការដោះស្រាយដោយត្រឹមត្រូវនិងយុត្តិធម៌ឡើយ។

មេសហជីពរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលមិនបង្កើតគោលនយោបាយឬយន្តការណាមួយ ដើម្បីទប់ស្កាត់និងដោះស្រាយបញ្ហានេះជូនកម្មករ​ទេ នោះ​នឹងលើកទឹកចិត្តកាន់ខ្លាំងដល់ថៅកែផ្សេងៗទៀតបន្តគេចវេះពីការទទួលខុសត្រូវក្នុងការទូទាត់ប្រាក់ឈ្នួលនិងផលប្រយោជន៍ផ្សេងៗដល់កម្មករ ហើយកម្មករខ្មែរ​នឹង​បន្ត​រងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងជួបទុក្ខលំបាក រងភាពអយុត្តិធម៌ និងភាពឈឺចាប់។

អ្នកស្រី ជួន ផាន់ បម្រើការងារនៅ​រោងចក្រ​ ឃែនធើរេន រយៈពេល​១៤ឆ្នាំ ឱ្យ​​ដឹង​ថា ក្រោយ​រោងចក្រ​​បិទទ្វារ ក្រុម​​កម្មករ​បាននាំគ្នា​តវ៉ា និង​ប្តឹងទៅ​ក្រសួងការងារ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឱ្យ​ជួយ​ដោះស្រាយ​ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មាន​ដំណោះស្រាយណាមួយសម្រាប់កម្មករនៅ​​ឡើយ។

ស្ត្រីអាយុ៥៦ឆ្នាំរូបនេះបន្តថា ក្រុមកម្មករបានដាក់វេនគ្នាដេកយាមមុខរោងចក្រ កុំឱ្យមានការដឹកទំនិញចេញ និងនាំគ្នាដើរតវ៉ា​ជិត​២ខែ​ហើយ ដោយកម្មករខ្លះជួបការលំបាក ខ្វះលុយសម្រាប់បង់​ទឹក​ភ្លើង ចំណាយប្រចាំ​ថ្ងៃ និងគ្មានលុយ​បង់សងធនាគារ ជាដើម។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំអត់មានលុយកាក់​ចិញ្ចឹមកូនទេ អ៊ីចឹងខ្ញុំសុំឱ្យសម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍ដោះស្រាយឱ្យពួកខ្ញុំផង ព្រោះពួកខ្ញុំកំសត់ណាស់ ហើយពួកខ្ញុំជាអ្នកក្រីក្រទៀត គ្មានស្រែគ្មានភ្លឺសម្រាប់ធ្វើទេ ទីពឹងលើ​ប្រាក់​ខែ ឥលូវប្រាក់ខែហ្នឹងត្រូវបានថៅកែរត់ចោលហើយ អ៊ីចឹងសុំឱ្យសម្តេច​ជួយ​ផង»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីតំំណាង​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានទេ នៅថ្ងៃសុក្រនេះ។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ ប្រាប់វីអូឌីកាលពីថ្ងៃទី៣១ ខែ​ឧសភា​ ថាលោកមិនអាចបញ្ជាក់បានទេ ថាតើថៅកែរោងចក្រ​ ឃែនធើរេន បិទ​ទ្វាររត់ចោលកម្មករឬយ៉ាងណា​នោះទេ។

លោក​បន្តថា ការដែលកម្មករសម្រេចទៅរកកិច្ចអន្តរាគមន៍ពីស្ថាប័នណាបន្តទៀតនោះជាសិទ្ធិរបស់ពួកគេ ប៉ុន្តែសម្រាប់ក្រសួងការងារនៅតែបន្តស្វែងរកថៅកែឱ្យមកទទួលខុសត្រូវករណីនេះ។

ក្នុងញត្តិដាក់ទៅក្រសួងការងារ កាលពីថ្ងៃទី២៣ ខែឧសភា​នេះ ក្រុមកម្មករអះអាងថា រោងចក្រ​ ឃែន​ធើ​រេន អីភែ​រឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) និង​រោងចក្រ​ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) មាន​ថៅកែតែមួយ ជាជនជាតិម៉ាឡេស៊ី​​ឈ្មោះ​​ CHHOONG WEIPIAU ខណៈ​រោងចក្រ​ ខ្វលីធី បច្ចុប្បន្ន​បើកដំណើរ​ការ​អាជីវកម្មធម្មតា។

មន្ត្រីសម្ព័ន្ធ​​​សហ​ជី​​ព​ចលនា​កម្មក​រ លោក ស៊ុត ចិត្រ អះអាងថា ករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹង​ត្រឹម​ត្រូវ​ដល់​​កម្មករ​នេះ គឺជារឿង​ខុសច្បាប់ ដែលថៅកែ​ត្រូវ​​ដោះស្រាយសំណងជូនកម្មករចំនួន៥ចំណុច រួម​មាន​ ប្រាក់​ឈ្នួលចុង​ក្រោយ ប្រាក់​ជូន​​ដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។

បើតាម​កម្មករ ​ដើមឡើយ​ រោង​ចក្រ​នេះមានកម្មករសរុបចំនួនជាង​​១ ០០០​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ជាង​​​៣០០នាក់​ប៉ុណ្ណោះ ដោយ​ភាគច្រើនពួកគាត់មានវ័យចំណាស់ និងមានអតីតភាពការងារចន្លោះពី១០ឆ្នាំទៅ២០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ