ការិយាល័យ​ជាង​២ម៉ឺន​ទីតាំង​នៅ​ទូទាំង​ប្រទេស​បាន​បើក​ដំណើរការ​សម្រាប់​ការ​បោះឆ្នោត

ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះ​អាង​ថា ការិយាល័យ​បោះឆ្នោត​ជាង២ម៉ឺន​ទីតាំង​នៅទូទាំង​ប្រទេសបាន​បើក​ដំណើរ​ការ​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ​២០២២​នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ លើក​​ឡើង​​ថា ការិយា​ល័យ​បោះ​​​ឆ្នោត​​ទាំង២៣ ៦០២ នៅ​២៥​រាជធានី-​ខេត្ត បាន​បើក​ដំណើរ​ការ​ស្រប​តាម​ការ​កំណត់ សម្រាប់​ឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ធ្វើការបោះឆ្នោតគាំទ្រគណបក្សនយោបាយដែល​ខ្លួន​ពេញ​ចិត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់ សម្រាប់អាណត្តិទី៥​នេះ។

គ.ជ.ប បន្ថែម​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ជា​ការ​បោះ​ឆ្នោត​សកល​ ដែល​មាន​ការចូល​រួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងមានឈ្មោះក្នុង​បញ្ជីបោះឆ្នោតផ្លូវការនៃឃុំ​សង្កាត់ដែលសាម៉ីខ្លួនត្រូវបោះឆ្នោត ក្នុងនោះ អ្នកបោះឆ្នោតត្រូវយកមកជាមួយ​នូវ​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យ​ការ​បោះ​ឆ្នោត ប្រសិនបើអ្នកបោះឆ្នោតពុំមានអត្តសញ្ញាណ​បណ្ណ។

ក្រៅពី​នោះ គ.ជ.ប ថា​អ្នក​បោះ​ឆ្នោត​ គឺ​តម្រូវ​ឱ្យ​ឈរ​បន្ត​គ្នា​ជា​ជួរ​នៅ​ខាង​មុខ​ការិយាល័យដើម្បីចូលទៅបោះឆ្នោតតាមលំដាប់។ ដោយឡែក ព្រះសង្ឃ មនុស្សចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច ជនមានពិការភាព និងអ្នកមានជំងឺ ត្រូវបានផ្ដល់អាទិភាព។

គ.ជ.ប ថា៖ «ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង៣និង០០នាទីរសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត»។

យ៉ាងណា គ.ជ.ប ថាប្រធានការិយាល័យបោះឆ្នោតអាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិ​យាល័យ​របស់​ខ្លួន​នៅមុនម៉ោង៣និង០០នាទីរសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះ​ឆ្នោត​នៃការិយាល័យ​បោះឆ្នោតនោះបានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

តាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោត គឺមានចំនួនសរុប៩ ២០៥ ៦៨១​នាក់ ខណៈ​ការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសមានចំនួន២៣ ៦០២ការិយាល័យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ