គ.ជ.ប ជំរុញ​ឱ្យ​បក្សនយោបាយ​ដាក់​ពាក្យប្ដឹង​ជុំវិញ​ការបិទទ្វារ-បង្អួច​ពេល​រាប់​សន្លឹកឆ្នោត

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំរុញទៅបក្សនយោបាយដាក់ពាក្យប្តឹងជុំវិញការរកឃើញថាមានភាពមិនប្រក្រត្រីក្នុងដំណើរការបោះឆ្នោត ពិសេសការបិទទ្វារ-បង្អួចពេលរាប់សន្លឹកឆ្នោត ​ខណៈ គ.ជ.ប ទទួលស្គាល់ថាការបិទទ្វារ-បង្អួចរាប់សន្លឹកឆ្នោតមិនមានក្នុងនីតិវិធីទេ ប៉ុន្តែប្រធានការិយាល័យមានសិទ្ធិសម្រេច។

ការជំរុញនេះធ្វើឡើងក្រោយបក្សនយោបាយ និងសង្គមស៊ីវិលមួយចំនួនបានបង្ហាញប្រតិកម្មទៅនឹងការបិទទ្វារនិងបង្អួចរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែមិថុនា ម្សិលមិញនេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​លោក ហង្ស ពុទ្ធា ថ្លែងថា ការបិទទ្វារបង្អួចរាប់សន្លឹកឆ្នោតមិនមានចែងនៅក្នុងនីតិវិធីទេ ប៉ុន្តែវាជាសមត្ថកិច្ចរបស់ប្រធានការិយាល័យ។ លោកបន្តថា ប្រសិនបើប្រធានការិយាល័យរាប់សន្លឹកឆ្នោតយល់ឃើញថាមានខ្យល់ឬភ្លៀងធ្វើឱ្យប៉ះពាល់ រំខានដល់ការរាប់សន្លឹកឆ្នោត សភាពការណ៍អ្នកឈរមើលពីខាងក្រៅបង្កការរំខាន នោះប្រធានការិយាល័យមានសិទ្ធិក្នុងការសម្រេចចិត្តលើបញ្ហានេះបាន។ ​

លោក ហង្ស ពុទ្ធា បន្ថែមថា ប្រធានការិយាល័យត្រូវទទួលខុសត្រូវទាំងការរៀបចំបោះឆ្នោតនិងរាប់សន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូច្នេះការបិទទ្វារបង្អួចរាប់សន្លឹកឆ្នោត គឺទំនងជាមានហេតុផលច្បាស់លាស់និងត្រឹមត្រូវ។

យ៉ាងណា មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ ជំរុញឱ្យបក្សនយោបាយនិងសង្គមស៊ីវិលដាក់ពាក្យបណ្តឹងមកស្ថាប័នជំនាញមួយនេះបាន បើមើលឃើញថាមានភាពមិនប្រក្រតីជុំវិញការបិទទ្វាររាប់សន្លឹកឆ្នោតនោះ។

លោកថា៖ «បើសិនជាយល់ថាជាភាពមិនប្រក្រតី គឺអាចដាក់ពាក្យបណ្តឹងមក! ហើយ គ.ជ.ប នឹងធ្វើការស៊ើបអង្កេតដោះស្រាយទៅលើបញ្ហាហ្នឹង ថាតើការបិទទ្វារហ្នឹងក្នុងគោលបំណងឬចេតនាបែបណា? ក្នុងចេតនាការពារការរាប់សន្លឹកឆ្នោតឱ្យត្រឹមត្រូវ ឬក៏ចេតនាក្នុងការក្លែងបន្លំអី គឺយើងនឹងរកឃើញក្នុងអំឡុងពេលនៃការស៊ើបអង្កេត។ អ៊ីចឹងសម្រាប់ គ.ជ.ប រង់ចាំ បើសិនមានពាក្យបណ្តឹង»។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ អះអាងថា ករណីបិទទ្វាររាប់សន្លឹកឆ្នោត គឺជារឿងពិត។ លោកថា គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ បានបិទទ្វាររាប់សន្លឹក ហើយមិនអនុញ្ញតឱ្យពលរដ្ឋ និងតំណាងបក្សនយោបាយ នៅក្បែរការិយាល័យ ឬសូម្បីនៅក្បែរមណ្ឌលបោះឆ្នោត ដោយដេញតំណាងបក្សនយោបាយចេញឆ្ងាយពីមណ្ឌលទៀតផង។ ​លោកអះអាងថា រឿងនេះកើតឡើងស្ទើរគ្រប់កន្លែងបោះឆ្នោតនៅទូទាំងប្រទេស រួមទាំងសង្កាត់ដង្កោដែលលោកឈរឈ្មោះជាបេក្ខភាពចៅសង្កាត់ផងដែរ។

លោកថា៖ «ការពិត ការបិទទ្វារនេះ ហើយដែលថាខ្លាចភ្លៀង ខ្លាចខ្យល់ វាគ្រាន់តែជាលេសទេ។ ការនេះធ្វើឱ្យបង្កើននូវការសង្ស័យ ភាពមិនទុកចិត្ត ទៅលើការរាប់ ការបន្លំសន្លឹកឆ្នោត។ ខ្ញុំមិននិយាយថាជាករណីបន្លំទេ តែវាធ្វើឱ្យមានការសង្ស័យ»។

មន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះថា អ្វីដែលជាក្តីបារម្ភខ្លាំងសម្រាប់ការបោះឆ្នោតលើកនេះ គឺបញ្ហាតម្លាភាព។ លោកថា ប្រសិនបើមិនមានភាពស្អាតស្អំទេ នោះវានឹងប៉ះពាល់ដល់ឆន្ទៈរបស់ពលរដ្ឋ បង្កើតជាមន្ទិលសង្ស័យ និងបទពិសោធន៍មិនល្អពាក់ព័ន្ធដល់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខដែរ។

តាមរយៈសន្និសីទសារព័ត៌មានរបស់បក្សភ្លើងទៀន ស្តីពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃទី៦ ខែមិថុនានេះ លោក សុន ឆ័យ អនុប្រធានបក្សភ្លើងទៀន ថ្លែងថា ការបោះឆ្នោតនៅកម្ពុជាក្រោយឆ្នាំ១៩៩៣ ត្រូវបានឃើញមានភាពមិនប្រក្រតី ហើយមានការតវ៉ាជាហូរហែ។

លោកថា ដោយឡែក នៅឆ្នាំ២០២២នេះ បក្សប្រជាជនកម្ពុជាបានគ្រប់គ្រងលើដំណើរការបោះឆ្នោតទាំងអស់ រួមទាំងការរៀបចំនៅមូលដ្ឋាន ខណៈមន្ត្រីឃុំសង្កាត់របស់បក្សកាន់អំណាចនេះ បានធ្វើសកម្មភាពដោយសេរី ឥតខ្លាចអ្វីសោះ។ ​រឿងនេះ ​លោកចាត់ទុកថា ធ្វើឱ្យលំបាកដល់បក្សភ្លើងទៀនទាំងការដាក់បញ្ជីបោះឆ្នោត និងដាក់បេក្ខជនសង្កេតការណ៍ ហើយថែមទាំងមានការទិញអ្នកសង្កេតការណ៍របស់បក្សភ្លើងទៀន ជាដើម។

យ៉ាងណា លោកថា រាល់ភាពមិនប្រក្រតីដែលបក្ស​ទទួលបានរបាយការណ៍ពីមូលដ្ឋាន បក្សនឹងដាក់ពាក្យប្តឹងទៅ គ.ជ.ប ផងដែរ ទោះដឹងថាមិនមានលទ្ធផលល្អក៏ដោយ។

លោក សុន ឆ័យ ថា៖ «មានទិញអ្នកសង្កេតការណ៍យើង យើងដឹង! ប៉ុន្តែបើសួរម៉េចយើងមិនដាក់ពាក្យបណ្តឹង? យើងកំពុងណែនាំឱ្យគណបក្សយើងតាមខេត្តហ្នឹងរៀបចំបណ្តឹងហើយ។ ប៉ុន្តែយើងដឹងថា ដាក់ទៅក៏មិនបានជាអីក៏ដោយ ប៉ុន្តែទុកជាភស្តុតាងថាយើងបានតវ៉ា ដើម្បីធ្វើម៉េចឱ្យការប្រព្រឹត្តបែបនេះគួរតែឈប់ មិនមែន “គួរ” ទេ ត្រូវតែ “ឈប់”»។

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ហៅកាត់ថា និចហ្វិក​ លោក សំ គន្ធាមី អះអាងថា ការបិទទ្វារបិទបង្អួចដើម្បីរាប់សន្លឹកឆ្នោត មិនស្របតាមនីតិវិធីនៃការរាប់សន្លឹកឆ្នោតរបស់ច្បាប់ស្តីពីការបោះឆ្នោតឃុំសង្កាត់ទេ។ លោកចាត់ទុកថា បើស្ថានភាពនេះកើតឡើងនៅតាមមណ្ឌលបោះឆ្នោត នោះគឺជាភាពមិនប្រក្រតីថែមទៀតផង។

លោកបន្ថែមថា រឿងដែលត្រឹមត្រូវ គឺមានការបើកចំហនូវការរាប់សន្លឹកឆ្នោត ដោយសារតាមពិត ពលរដ្ឋអាចមើលតាមបង្អួចបាន ហើយការមិនចូលមើលនៅខាងក្នុងបន្ទប់ គឺដើម្បីកុំឱ្យមានការរំខានដល់ការរាប់សន្លឹកឆ្នោតតែប៉ុណ្ណោះ។

លោកថា៖ «នីតិវិធីគេរាប់សន្លឹកឆ្នោត គេអត់ឱ្យបិទទ្វារជិតឈឹងទេ! គេឱ្យបើកបង្អួច បើកអីមើលធម្មតា គ្រាន់តែអ្នកនៅខាងក្នុង មានភ្នាក់ងារអីដែលមានកាត ឬក៏អ្នកអង្កេតការណ៍ អង្កេតអី គ្រាន់គេអត់ឱ្យប្រជាពលរដ្ឋទូទៅចូលទៅខាងក្នុងដែរទេ ព្រោះវាកកកុញ។ ប៉ុន្តែគ្រាន់ថាគេមិនអាចបិទបង្អួច បិទអីជិតស្លុងអ៊ីចឹងទេ»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា នៅក្នុងគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺពុំមានអ្វីត្រូវលាក់បាំងទេ ជាពិសេសដំណើរការនៃការរាប់សន្លឹកឆ្នោត គឺត្រូវបើកចំហ​ឱ្យគ្រប់ភាគីពាក់ព័ន្ធបានមើល ឃើញ ដឹង និងឮ ពោលគឺមិនត្រឹមតែអ្នកសង្កេតការណ៍ពីបក្សនយោបាយ ឬភាគីស្ថាប័នផ្សេងទេ សូម្បីតែពលរដ្ឋដែលជាម្ចាស់ឆ្នោត បើពួកគាត់ចង់ដឹង គឺអនុញ្ញាតឱ្យគាត់ឈរមើលបាន។

លោកថា៖ «រឿងរ៉ាវដែលល្អជាងគេហ្នឹង គឺដើម្បីឱ្យអ្នកឈ្នះៗដោយថ្លៃថ្នូរ អ្នកចាញ់ៗដោយកិត្តិយស គឺមានតែធ្វើឱ្យដំណើរការនៃការប្រកួតប្រជែងរាប់ចាប់តាំងពីការចុះឈ្មោះ ការប្រកួត ការធ្វើយុទ្ធនាការ រហូតដល់ការបោះឆ្នោត និងការរាប់លទ្ធផល ហើយសន្លឹកឆ្នោតហ្នឹងប្រកបដោយតម្លាភាព មានយុត្តិធម៌ មានសេរីភាព គោរពសិទ្ធិត្រឹមត្រូវ អាហ្នឹងបានគ្រប់ភាគីទាំងអស់អាចទទួលយកបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ