បក្សកាន់អំណាច​គ្រោង​ធ្វើ​សន្និបាត​នៅ​ខែ​ក្រោយ ដើម្បី​ដាក់​ទិសដៅ​យក​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ២០២៣

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

គណបក្សប្រជាជនកម្ពុជា គ្រោង​ធ្វើសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស ដើម្បីលើកទិសដៅសម្រាប់យកឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥រួច។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា គណបក្សសម្រេចលើកពេលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩-១០ ខែកក្កដា ទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២វិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ការធ្វើសន្និបាតវិសាមញ្ញនៅខែកក្កដាខាងមុន អាចលើកយកប្រធានបទពាក់ព័ន្ធ​ការបោះឆ្នោតនាពេលថ្មីៗនេះ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលអាសនៈច្រើនលើសលប់។

លោកថា៖ «យើងលើកចំណុចខ្លាំងចំណុចខ្សោយដែលយើងទទួលបានជោគជ័យដ៏ត្រចះត្រចង់​ហ្នឹងហើយ យើងដាក់ទិសដៅ​ ដើម្បីទៅដណ្ដើម​យកជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិទៀត គឺជ្រើសរើសតាំងតំណាងរាស្រ្ត និងព្រឹទ្ធសភា ខាងមុខ។ ការឈ្នះ ដោយសារសំឡេង​គាំទ្រវាច្រើន អ៊ីចឹងតាមតួលេខ​។ អ៊ីចឹងរដ្ឋសភា យើងក៏ទទួលបានចំនួនច្រើនលើសលប់ ហើយព្រឹទ្ធសភាក៏យើងទទួលបានសំឡេងលើសលប់ដែរ»។

វីអូឌី នៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និងអនុប្រធានបក្សនេះ គឺលោក សុន ឆ័យ បានទេ នៅថ្ងៃពុធនេះ។  

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា គណបក្សប្រជាជនកម្ពុជាបានរៀបចំនិងមានទិសដៅច្បាស់លាស់ជាងគណបក្សផ្សេងៗទៀត។ លោកបន្តថា បើសិនជាគណបក្សកាន់អំណាចមានយុទ្ធសាស្ត្រល្អ និងរៀបចំឱ្យមានអ្នកគាំទ្រច្រើននោះ ​គណបក្សផ្សេងៗទៀតគួរតែ​សិក្សាអំពីចំណុចខ្វះខាតរបស់ខ្លួនកន្លងមកឡើងវិញ ដែលនាំឱ្យខ្លួនមិនអាចប្រកួតប្រជែងជាមួយបក្សកាន់អំណាច។

លោកថា៖ «ខ្ញុំគ្រាន់តែចាប់អារម្មណ៍ថា គណបក្សកាន់អំណាចគេមានយន្តការ គេមានអ្នកបន្តវេនឬយុទ្ធសាស្រ្ត សម្រាប់​រយៈពេលវែង ហើយគេធ្វើក្នុងក្របខណ្ឌមួយចង្អៀត មិនផ្សព្វផ្សាយទូលំទូលាយ បើយើងនិយាយមែនទែន របៀបរបបគណបក្សនៅរក្សានូវ​រចនាសម្ព័ន្ធ​ឬទម្រង់តាមបែបកុម្មុយនីស្តច្រើន។ យើងមើលមិនសូវបើកចំហ និងការចូលរួមទូលំទូលាយនូវកិច្ចការមួយចំនួនទេ»។

​លោក ឯម សុវណ្ណរ៉ា បន្តថា បើសិនជាមិនមានឥទ្ធិពលពីសហគមន៍អន្តរជាតិទេ ​ការរៀបចំយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជានឹងប្រព្រឹត្តទៅរលូន ​ហើយគោលបំណងនៃការយកអ្នកគាំទ្រ ដើម្បីឈ្នះ​ការបោះឆ្នោតឆ្នាំ២០២៣ ក៏មិនប្រែប្រួលដែរ លើកលែងតែបើកឱ្យមានលំហ​សេរីភាព និងការជួយអន្តរាគមន៍ពីអន្តរជាតិ ទើបការប្រកួតប្រជែងដោយស្មើភាពនិងយុត្តិធម៌នៅកម្ពុជាកើតមានឡើងច្រើន។

លោកថា៖ «យុទ្ធសាស្ត្រសំខាន់ បើយើងមើលនិងដឹងទាំងអស់គ្នា​ សមាជប៉ុន្មានសារនេះ​ គឺអ្នកបន្តវេន គឺអ្នកជំនាន់ថ្មី ឈាមថ្មីអ៊ីចឹង វាត្រូវការការលូតលាស់ និងការគាំទ្រពីប្រជាពលរដ្ឋ»។

ឃុំ-សង្កាត់នៅទូទាំងប្រទេសមានចំនួន១ ៦៥២ ក្នុងនោះ បើតាមលទ្ធផលបោះឆ្នោតបឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀនទួលបានតំណែងមេឃុំចំនួន៤នៅទូទាំងប្រទេស និងអាសនៈឃុំ-សង្កាត់ចំនួនជាង២ ០០០នាក់ ក្រៅពីនេះបក្សកាន់អំណាចទទួលបានតំណែងមេឃុំចៅសង្កាត់ទាំងអស់ ហើយអាសនៈឃុំ-សង្កាត់ក៏បក្សនេះយកបានស្ទើរតែទាំងអស់ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ