បក្សកម្ពុជានិយម​អំពាវនាវ​ឱ្យ​មេឃុំ​ចៅសង្កាត់​ទើ​ប​ជាប់ឆ្នោត​ថ្មី​បម្រើ​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ

លោក យ៉ែ​​ម បុញ្ញឫទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយម។

គណបក្សកម្ពុជានិយម អំពាវនាវឱ្យមេឃុំ-ចៅសង្កាត់ដែលទើបតែជាប់ឆ្នោតថ្មី ត្រូវឈរលើ​​​គោល​កា​​​រណ៍​​​ស្មើ​​​ភាពគ្នា តាមរយៈការបំពេញការងារដោយមិនមានភាពលម្អៀង និងមិនប្រកាន់និន្នាការ​​​នយោ​បាយ បើទោះជា​​​ពល​​រដ្ឋ​​​​ដែលមកទទួលសេវាពីអាជ្ញាធរសាលាឃុំ-សង្កាត់ មិនមែន​​ជាអ្នកគាំទ្រ​​គណ​​បក្ស​​គ្រប់គ្រងអំណាចក្តី។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សថ្មីថ្មោងមួយនេះបានចេញសេចក្តីប្រកាស​​ព័ត៌​​មា​នក្រោយ​​បោះ​ឆ្នោតឃុំ-សង្កាត់បានមួយថ្ងៃ ដោយប្រាថ្នាចង់ឃើញមេឃុំ-ចៅសង្កាត់ដែលនឹងត្រូវ​​ចូល​​​​​​​កាន់ដំណែង​​​ឆាប់​​​ៗ​ខាងមុខនេះ បម្រើពលរដ្ឋដោយស្មើភាពគ្នា។

គណបក្សកម្ពុជានិយមឱ្យដឹងថា ក្រៅពីនេះ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលត្រូវ​ពល​​រដ្ឋ​​​​ផ្តល់​​សេ​​ចក្តីទុកចិត្ត និងទើបបានជាប់ឆ្នោតថ្មីៗនេះទាំងអស់ ត្រូវបម្រើពលរដ្ឋនៅតាមមូលដ្ឋានដោយស្អាតស្អំ មិនរើសអើង ក្នុងបុព្វហេតុយុត្តិធម៌សង្គម ប្រជាធិ​​បតេយ្យ និងសេរីពហុបក្ស ដើម្បី​​កម្ពុជាទាំងអស់គ្នា។

បន្ថែមលើសេចក្តីប្រកាសព័ត៌មានដែលគណបក្សកម្ពុជានិយមបានចេញកាលពីថ្ងៃទី១៦ ខែមិថុនា លោក យ៉ែ​​ម បុញ្ញឫទ្ធិ ស្ថាបនិកគណបក្សក្រៅរដ្ឋាភិបាលមួយនេះ រំពឹងថា ផ្តើមចេញពីការ​​ប្រ​​ឈម​​​ទាំងនៅក្នុងដំណាក់កាលមុនបោះឆ្នោត និងរហូតដល់ថ្ងៃបោះឆ្នោត ក្នុងនាមជាអ្នក​​នយោ​​បាយ គឺ​​ពិត​​ជាចង់​ឃើញបេក្ខភាពមេឃុំ-ចៅសង្កាត់សម្រាប់អាណត្តិថ្មីនេះ បម្រើសេវានៅថ្នាក់មូលដ្ឋានក្រោ​យ​ការបោះឆ្នោត ប្រព្រឹត្តទៅដោយ​​ឥតលាក់​​លៀម និងស្មោះត្រង់។

លោកបន្តថា៖ «ដែលយើងឱ្យឈ្មោះថាតម្លាភាព ពីព្រោះដើម្បីទទួលបានទំនុកទុកចិត្តពីម្ចាស់ឆ្នោត និងបក្សនយោបាយដែលចូលរួមប្រកួតប្រជែង ទាល់តែមានតម្លាភាព។ ដូច្នេះ មិនត្រូវធ្វើសកម្មភាពណាមួយប្រែក្លាយពីតម្លាភាពទៅជាការបិទបាំងទៅវិញ»។

បើទោះជាបែបណា ជំហរគណបក្សកម្ពុជានិយម នៅពេលនេះ មានភាពស៊ីសង្វាក់គ្នាទៅនឹងអ្វី​​ដែល​​មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចង់ឃើញអ្នកនយោបាយ ជាពិសេសមន្រ្តីបក្សកាន់អំណាចចេះ​​​​ធ្វើ​​កិច្ច​​ការ​​រួម​​គ្នា និងផ្តល់សិទ្ធិនយោបាយស្មើភាពគ្នាពីបក្សដទៃ។

អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ថ្លែង​​​​នៅចំ​​ពោះ​​មុខ​​​​អ្នកគាំទ្រ​​របស់​​ខ្លួន ក្នុង​​ស្រុក​​ស៊ី​​ធ​រ​កណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ដោយ​​អំ​ពាវនាវឱ្យសមាជិកគណបក្ស​​ប្រជា​​ជន​​កម្ពុជា ត្រូវគោរ​​ព​​​​សិទ្ធិ​​នយោបាយឱ្យបានពេញលេញ បើទោះជាគណបក្ស​​ដែល​​ជាប់​​​ការបោះ​ឆ្នោតជា​មេ​​ឃុំ-​​​ចៅ​​សង្កាត់នៅពេល​​នេះមក​​ពី​​កូ​តាគណបក្សប្រឆាំងក្តី។

បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ប្រទេសដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ការមិន​គោ​​​​​រ​​​ពសិទ្ធិខាងន​​យោ​​បាយ វាជាទង្វើផ្ទុយនឹងច្បាប់។ មួយវិញទៀត លោក ស ខេង បញ្ជាក់ថា បើ​​ទោះ​ជាបុគ្គលណាម្នាក់​​មិនបាន​​បោះ​​ឆ្នោតគាំទ្រ​បក្ស​​ក្រៅរដ្ឋាភិបាល​​ឱ្យ​​ដឹក​​​​នាំយ៉ាងណាក្តី តែ​​តាម​​រយៈការ​​បោះ​​​ឆ្នោត គណបក្សដែលទទួលបាននូវការគាំទ្រ គឺមា​នសិទ្ធិពេញ​​លេញក្នុង​​ការដឹកនាំតាម​​អាណត្តិ​​របស់​​ខ្លួន ហើយគណ​បក្សដែល​​ចាញ់​ការ​​បោះ​​ឆ្នោត បើទោះជា​​គ​​ណ​បក្សនោះស្ថិត​​នៅក្នុង​​អំណាច​​ក្តី ត្រូវផ្តល់តម្លៃចំពោះអ្នកឈ្នះ។

លោក​បន្តថា៖ «ប្រជាពលរដ្ឋមិនបញ្ចេញមតិតាមរយៈសន្លឹកឆ្នោត? អ៊ីចឹងអ្នកណាឈ្នះឆ្នោត អ្នកដែ​ល​​ធ្លាប់​​ប្រឆាំងពីមុនមកហ្នឹង ក៏ត្រូវតែគោរពគាត់ដែរ ហើយត្រូវតែដើរតាមគាត់ដែរ ពីព្រោះគាត់​​ឈ្នះ​​​​ឆ្នោត។ អាហ្នឹងគោលការណ៍ប្រជាធិបតេយ្យ មិនមែនថា “អូ! ខ្ញុំអត់បោះឆ្នោតឱ្យអ្នកឯង អ្នកឯង​​ឈ្នះ​​​ក៏ឈ្នះទៅ ខ្ញុំអត់គោរព!” អាហ្នឹងមិនមែនអ៊ីចឹងទេ! ខុសច្បាប់ហើយ​​ធ្វើអ៊ីចឹងនោះ​​ អាម៉េចដែលគេ​​ហៅ​​​​ថាលទ្ធិប្រជាធិបតេយ្យ គឺអ៊ីចឹង! យើងប្រឆាំងៗ ប៉ុន្តែដល់ពេលបោះឆ្នោត អ្នកណា​​ឈ្នះ​​ គេ​​គោ​​រព​​អ្នកហ្នឹងហើយ។ គេកាន់អំណាចធ្វើម៉េច អាហ្នឹងវារឿងអ៊ីចឹង។ ប្រជាធិបតេយ្យ​​នៅត្រង់ហ្នឹង។​​ វា​​អត់​​​មែន​​​ដូចថា “ហ្អេ! សមរភូមិ១ បើខ្ញុំវាយចាញ់ថ្ងៃហ្នឹង ស្អែកខ្ញុំវៃយកវិញ។” វាអត់មែនអ៊ីចឹងទេ បោះ​​ឆ្នោត​​ថ្ងៃហ្នឹ​ងចាញ់ ស្អែកអត់ឱ្យបោះឆ្នោតឡើងវិញបានទេ»។

គណបក្សកម្ពុជានិយម ក្រៅពីចង់ឃើញបរិបទនយោបាយថ្មី អនុវត្តប្រកបដោយតម្លាភាពនិង​ប្រ​​​ជា​​​ធិ​​​បតេយ្យ ហើយគណបក្សថ្មីថ្មោងមួយនេះក៏សង្កេតឃើញដែរ អំពីភាពមិនប្រក្រតីនៅមុន​​ថ្ងៃ​​បោះឆ្នោត និងអំឡុងពេលបោះឆ្នោត។

​បញ្ហាដែលគណបក្សមួយនេះរកឃើញ គឺអាជ្ញាធរ​​បំពាន​​ដែនសមត្ថកិច្ចលើស្ថាប័នជាតិរៀបចំ​កា​រ​​បោះ​​ឆ្នោត គំរាមកំហែងបេក្ខជន​​ដែលមានបំណង​​ឈរ​​ឈ្មោះ​​ជាបេក្ខជន មានរថយន្តបិទ​​សញ្ញា​​គ​​ណ​បក្សប្រជាជនកម្ពុជាចូលក្នុងមណ្ឌលបោះឆ្នោត កា​​រិ​​យា​ល័យខ្លះមិនបានបិទទម្រង់១១០២ និងបិទទ្វាររាប់សន្លឹកឆ្នោត ជាដើម។

យ៉ាងនេះក្តី អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (comfrel) លោក កន សាវាង្ស យល់​ឃើញថា ការបំពេញកាតព្វកិច្ចក្នុងនាមជាប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់នេះ វា​​មិន​​មានជា​​បញ្ហា​​​​​ចោទទេ ប្រសិនបើគ្រប់ភាគីបក្សនយោបាយអនុវត្តទៅតាមនីតិវិធី​​ដែលបាន​​កំ​​ណ​​ត់​ដោយច្បាប់​។

អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះមើលឃើញថា ការអនុវត្តទៅហើយ មានភាព​រើស​​​អើងឬមិន​​រើស​​អើងខាងនយោបាយ វាគឺជារឿងមួយផ្សេងទៀត ដែលអាស្រ័យ​ទៅលើ​​ឆន្ទៈ​​ផ្ទាល់របស់ប្រធាន​​ក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុណ្ណោះ ហើយបញ្ហានេះនៅតែជារឿងដែលរសើប​​នៅ​​ឡើយ​។

លោកបន្តថា៖ «រឿងការអនុវត្តនេះ គឺត្រូវការជជែកគ្នានៅក្នុងគណៈកម្មការហ្នឹងដែលបានពិភាក្សាអ៊ី​​ចឹង​។ បើអនុវត្តថា “ទេ” ត្រូវតែគោរពទៅតាមគោលការណ៍របស់គណក្សនេះ គណបក្សនោះ អាហ្នឹងប្រ​​ហែល​ជាមានការលំបាកបន្តិច។ ប៉ុន្តែបើមើលពីតួនាទី អាហ្នឹងអាចនឹងធ្វើការងារដោយតម្លាភាព ព្រោះ​​​​អីនៅក្នុងតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ គេមានចែងសម្រាប់ភារកិច្ចរបស់ខ្លួនដូចដែលមាន​​កំណត់នៅក្នុងច្បាប់»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងប្រកាសលទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​​ជាផ្លូវ​​កា​​រ​ នៅថ្ងៃទី២៦ ខែមិថុ​​នា ខាងមុខនេះ។ គ.ជ.ប បានចេញសេចក្តីសម្រេចពេលល្ងាច ក្នុងថ្ងៃបិទ​​បញ្ច​​ប់​​​​ការបោះឆ្នោត ដោយប្រកាសថា ចំនួនអ្នកដែលបានទៅចូលរួមបោះឆ្នោតមានកំណើនជិត៨០  ភាគរយ។ បើតាមលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អះអាងថា តួលេខនេះគឺជាចំនួនដ៏ខ្ពស់ បើ​​ធៀប​​នឹងបណ្តាប្រទេសមួយចំនួនលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ