កម្មករ​អះអាង​ថា​ម្ចាស់​ទីតាំង​ដែល​ជួល​ឱ្យ​រោងចក្រ ឃែនធើរេន បាន​ដេញ​ពួកគេ​ចេញ​ពី​កន្លែង​តវ៉ា​ក្នុង​បរិវេណ​រោងចក្រ

កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាប្ដូរទៅ​​បោះតង់​​លើ​ចិញ្ចើម​​ផ្លូវ​នៅខាង​មុខ​រោង​ចក្រ ដោយ​អះអាងថា ​​ម្ចាស់​ទីតាំង​ដែលជួល​ដីនិង​​​អគារ​​ឱ្យ​​រោ​ង​ចក្រ ឃែនធើរេន បាន​​ដេញ​​ពួកគេ​​មិនឱ្យស្នាក់នៅនិងដេកយាមក្នុងបរិវេណ​រោងចក្រ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាប្ដូរទៅ​​បោះតង់​​លើ​ចិញ្ចើម​​ផ្លូវ​នៅខាង​មុខ​រោង​ចក្រ ដោយ​អះអាងថា ​​ម្ចាស់​ទីតាំង​ដែលជួល​ដីនិង​​​អគារ​​ឱ្យ​​រោ​ង​ចក្រ ឃែនធើរេន បាន​​ដេញ​​ពួកគេ​​មិនឱ្យស្នាក់នៅនិងដេកយាមក្នុងបរិវេណ​រោងចក្រនេះទៀត​។

កម្មករ-កម្មការិនីធ្វើការ​​នៅ​រោងចក្រ​​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ បាននាំគ្នាតវ៉ានិងដាក់វេនគ្នា​ដេកយាម​មុខ​រោង​ចក្រ​​​ជិត​២ខែមក​ហើយ ដើម្បីការ​ពារ​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោង​ចក្រនេះ​បិទ​ទ្វាររត់ចោល​កម្មករ។

ប្រធាន​សហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់វីអូឌីនៅថ្ងៃ​ពុធនេះថា កាលពីថ្ងៃចន្ទដើមសប្តាហ៍​នេះ ម្ចាស់​ទីតាំងដែល​រោង​ចក្រ​ ឃែន​ធើរេន បានជួល​​ បានដេញក្រុមកម្មករមិនឱ្យស្នាក់នៅនិងដេកយាមក្នុងបរិវេណរោងចក្រទៀតឡើយ។ ប្រធានសហជីពរូបនេះ បន្តថា បច្ចុប្បន្ន កម្មករបាននាំគ្នាបោះតង់នៅខាងក្រៅរោងចក្រជាប់ចិញ្ចើមផ្លូវវេងស្រេងវិញ​ ដើម្បីយាមកុំឱ្យមានការដឹកសម្ភារចេញ និងរង់ចាំដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

អ្នកស្រីបន្ថែមថា៖ «អ៊ីចឹងខ្ញុំសូមអំពាវនាវដល់ប្រមុខរដ្ឋាភិបាល គាត់ត្រូវរកដំណោះស្រាយបញ្ហានេះ ​កុំឱ្យមានសម្រែកតវ៉ា សម្រែក​ទាម​ទារ​ភាពស្រែក​​​ឃ្លាន សម្រែកទាមទាររកភាពយុត្តិធម៌ វាខ្មាសប្រទេសគេនៅជិតខាងផង ដែលគេអភិវឌ្ឍ​បាន​ល្អ មិនមាន​ការ​រំលោភ​សិទ្ធិ​កម្មករ»។

កម្មការិនី​ម្នាក់ទៀត អ្នកស្រី ជួន ផាន អាយុ៥៦ឆ្នាំ ដែលបាន​ធ្វើការនៅ​រោងចក្រ ឃែនធើរេន រយៈ១៤ឆ្នាំមក​ហើយ​ បាន​​និយាយ​ថា អំឡុងពេល​​​តវ៉ា​រយៈ​ពេល​កន្លងមក​ កម្មករ​បានដាក់បណ្ដឹង​រកកិច្ចអន្តរាគមន៍​ពី​អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រសួង​កាងារ និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ​​ជាដើម ប៉ុន្តែរហូតពេលនេះ នៅ​ពុំមានដំណោះស្រាយណាមួយសម្រាប់កម្មករឡើយ។

កម្មការិនីដែលមានលំនៅនៅខេត្តកណ្ដាល​នេះ បន្តថា អ្នកស្រី​ត្រូវ​ជិះរថយន្ត​​ឈ្នួល​​មក​ធ្វើការងារ​នៅ​រាជ​ធានី​​ភ្នំពេញ ដោយ​​​ក្នុងមួយខែត្រូវ​​ចំណាយអស់១០ម៉ឺន​រៀល ខណៈអ្ន​កស្រីត្រូវ​​ចំណាយលើការសិក្សា​របស់​​កូន និង​ការ​​ចំណាយ​​ផ្សេង​ៗ​​ក្នុង​​គ្រួសារ ព្រមទាំងត្រូវបង់​សង​បំណុល​ធនាគារ ជាដើម។ អ្នកស្រីថា ការពន្យារពេល​មិនដោះស្រាយនេះបានធ្វើឱ្យអ្នកស្រី និងកម្មករផ្សេងទៀត ជួបការលំបាកជាខ្លាំងលើការចំណាយប្រចាំថ្ងៃ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមានផលលំបាកក្នុងការចិញ្ចឹមកូន ដោយគ្រួសារខ្ញុំមានជីវភាពខ្វះមុខខ្វះក្រោយ ព្រោះខ្ញុំរកស៊ីចិញ្ចឹមកូន​៥នាក់ ​ប្ដីខ្ញុំ​គាត់បានស្លាប់​ហើយ។ ដល់ពេលក្រុមហ៊ុនធ្វើអ៊ីចឹងដាក់ពួកខ្ញុំ ដូច្នេះខ្ញុំត្រូវពិបាកវេទនា។ ឥលូវនេះ មកបិទច្រកមិនឱ្យពួកខ្ញុំចូលជ្រកក្នុងរោងចក្រទៀត មកចង​តង់​ដេក​លើចិញ្ចើមផ្លូវ។ អ៊ីចឹងសូមសម្តេច ហ៊ុន សែន ជួយដល់ពួកខ្ញុំផង»។

លោក តាំង ឆាំងស្រ៊ុន ជាតំណាងម្ចាស់ទីតាំងនិងអគារដែល​រោងចក្រ ឃែនធើរេន បានជួល ប្រាប់វីអូឌីយ៉ាងខ្លីថា ម្ចាស់​ទីតាំង​មិន​បាន​ដេញ​កម្មករឱ្យចេញពីបរិវេណ​ដូចការលើកឡើងរបស់ក្រុមកម្មករឡើយ។

មន្ត្រី​សម្ព័ន្ធ​​​សហ​ជី​​ព​ចលនា​កម្មក​រ លោក ស៊ុត ចិត្រ ដែលតាមឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករ បានដាក់ការសង្ស័យថា ការអូសបន្លាយមិនមានដំណោះស្រាយ​ករណីថៅកែរត់ចោលកម្មករនេះ អាចមានការគប់គិតគ្នាជាប្រព័ន្ធរវាងម្ចាស់ទីតាំង ភាគី​ថៅកែ និងអាជ្ញាធរពាក់ព័ន្ធ។ លោកជឿថា ថៅកែមិនទាន់គេចចេញដីកម្ពុជានៅឡើយ គឺនៅរោងចក្រសាខាផ្សេង ប៉ុន្តែអាជ្ញាធរមិនមានចំណាត់ការ។

លោកបន្ថែមថា៖ «ខ្ញុំគិតថា ការរកថៅកែមកទទួលខុសត្រូវ វាមិនពិបាកនោះទេ ព្រោះគាត់នៅក្នុងស្រុកខ្មែរនៅឡើយ ហើយគាត់មានអត្តសញ្ញាណ​ច្បាស់​លាស់។ ប៉ុន្តែខ្ញុំមិន​ដឹង​ថា​មានអ្វីនៅពីក្រោយខ្នង បានជាអាជ្ញាធរពាក់ព័ន្ធ​គាត់មិនអាចចាប់ថៅកែ​មកជជែក ពេលដែលគាត់មានបញ្ហារត់​ចោល​កម្មករ»។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ មិនអាចបញ្ជាក់បានទេ ថាតើថៅកែរោងចក្រ​ ឃែនធើរេន បិទ​ទ្វាររត់ចោលកម្មករឬយ៉ាងណា​នោះ ប៉ុន្តែលោកថា ក្រសួងការងារនៅតែបន្តស្វែងរកថៅកែឱ្យមកទទួលខុសត្រូវករណីនេះ។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា លើកឡើងថា ករណីថៅកែបិទទ្វាររោងចក្ររត់ចោលដោយមិនបើកប្រាក់ឈ្នួលនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់នេះ មិនមែនជាលើកទី១នោះទេ ហើយអាជ្ញាធរកម្ពុជាក៏មិនដែលមានវិធានការទៅ​ថៅកែ​ ដែលធ្វើ​ឱ្យ​​កម្មករ​មិន​ទទួលបាន​ការដោះស្រាយដោយត្រឹមត្រូវ។

មេសហជីពរូបនេះបន្តថា ប្រសិនបើរដ្ឋាភិបាលមិនបង្កើតគោលនយោបាយឬយន្តការណាមួយ ដើម្បីទប់ស្កាត់និងដោះស្រាយ​បញ្ហា​នេះ​ជូនកម្មករ​ទេ នោះ​នឹងលើកទឹកចិត្តកាន់ខ្លាំងដល់ថៅកែផ្សេងៗទៀតយកគំរូតាម និងបន្ត​គេច​វេះពីការទទួល​ខុសត្រូវក្នុងការទូទាត់ប្រាក់ឈ្នួលនិងផលប្រយោជន៍ផ្សេងៗដល់កម្មករ ហើយកម្មករខ្មែរ​នឹង​បន្ត​រងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងជួបទុក្ខលំបាក រងភាពអយុត្តិធម៌ និងភាពឈឺចាប់។

លោកបន្ថែមថា៖ «ហើយទិដ្ឋភាពនៃសម្រែកតវ៉ាតាមដងផ្លូវ ហាលភ្លៀង ហាលខ្យល់ ការដេកយាមក្នុងរោងចក្រ ដោយ​ប្រថុ​យ​ប្រថាន ដើម្បី​ការ​ពារសម្ភារកាក​សំណល់​ដែល​នៅ​សេស​សល់​តិច​តួច ព្រោះវាជាស្បៀងចុងក្រោយបង្អស់របស់ពួកគាត់ ដូច្នេះហើយ បើរដ្ឋមិនបង្កើតគោលនយោបាយ ឬ​យន្ត​​ការ​ណាមួយ​ដើម្បីដោះស្រាយករណីនេះទេ វានឹងធ្វើឱ្យកម្មករ​កាន់តែរងនូវការកេងប្រវ័ញ្ច ភាព​អយុត្តិធម៌ និងភាពឈឺចាប់»។

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ កម្មករ-កម្មការិនីបាន​នាំគ្នាដាក់​​ញត្តិ​នៅស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅ​កម្ពុជា ដើម្បី​ស្នើ​ឱ្យ​មន្ត្រី​ទូត​ជួយ​អន្តរាគម​ន៍​​ទៅ​កាន់​ក្រុមហ៊ុន​បញ្ជា​ទិញ Walmart និងក្រុមហ៊ុន Primark ទទួលខុស​ត្រូវ​ក្នុងការ​ទូទាត់​​ប្រាក់​​ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់ ក្រោយថៅកែរោង​ចក្រ​បិទ​ទ្វាររត់ចោល​កម្មករ​​​ដោយពុំមានការជូនដំណឹងជាមុន។ កម្មករអះអាងថា ក្រុមហ៊ុនបញ្ជាទិញ Walmart និងក្រុមហ៊ុន Primark ជាក្រុមហ៊ុនរបស់អាមេរិក ដែលរោងចក្រ ឃែនធើរេន បាន​ផលិត​ទំនិញ​ឱ្យជាង២០ឆ្នាំមក​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ