លោក ហ៊ុន សែន សម្រេច​ឱ្យ​រើស​ទាហាន​ថ្មី​៦០០នាក់​បំពេញ​ក្របខណ្ឌ​ឱ្យ​៣​កង​វរសេនាតូច​ទើប​បង្កើត

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរមុខលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងអំឡុងពេលពិធីបើកសម្ពោធវិមាន ឈ្នះ-ឈ្នះ នៅភូមិព្រែកតាសោម នៅជាយក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ទី29 ខែធ្នូ ឆ្នាំ2018 ។ (ក្រសួងការពារជាតិ)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចឱ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មីចំនួន៦០០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យ៣កងវរសេនាតូចទើបបង្កើតថ្មីទៀត បន្ទាប់ពីមានសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ 

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលបាន ឱ្យដឹងថា ការអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសពលទាហានថ្មីនេះ ដើម្បីបំពេញក្របខណ្ឌឱ្យ «៣កងវរសេនាតូច» ដែលទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ នៃអគ្គបញ្ជាការដ្ឋាន។

សេចក្ដីសម្រេចបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តតាមសេចក្ដីសម្រេចចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

វីអូឌី​ មិន​អាចសុំការឆ្លើយតបបន្ថែមជុំវិញបញ្ហានេះពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងមួយនេះ លោក ឈុំ សុជាតិ បានទេ នៅថ្ងៃនេះ។ រីឯអ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា សុំមិនបកស្រាយរឿងនេះឡើយ ដោយថាមិនមែនជាភារកិច្ចរបស់ខ្លួន។

នាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី យល់ថា ការជ្រើសរើសកងកម្លាំងនេះ វាជាអាទិភាពមួយសម្រាប់ប្រទេសកម្ពុជាក្នុងការការពារជាតិ និងបូរណភាពទឹកដី ប៉ុន្តែលោកជំរុញឱ្យការជ្រើសរើសកងកម្លាំងនេះប្រកបដោយតម្លាភាព ​ដើម្បីផ្ដល់ឱកាសដល់​យុវជននិងប្រជាពលរដ្ឋអាចចូលធ្វើការក្នុងវិស័យប៉ូលិសទាហាន។

លោកបន្តថា ដើម្បីធានាការជ្រើសរើសនេះមានតម្លាភាព សុចរិតភាព គ្មានអំពើពុករលួយនោះ លោកស្នើឱ្យមានការចូលរួមឃ្លាំមើលពីភាគីពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។

លោកថា៖ «បើសិនជាវិស័យការពារ​ជាតិយើង ជោគជាំដោយបញ្ហាផ្សេងៗ ឧទាហរណ៍ យើងជ្រើសអ្នកដែលចូលធ្វើការហ្នឹងមិនផ្អែកទៅលើគោលការណ៍សមត្ថភាព គោលការណ៍បទពិសោធន៍ ហើយនិងសុភវិនិច្ឆយដែល​យើងមានទេ យើងអាចបានកម្លាំងនិងធនធានការពារជាតិដែលខ្សោយ។ ដល់ពេលខ្សោយ ហើយមានអំពើពុករលួយ​ ឧទាហរណ៍ គាត់ជាប់ដោយគាត់បង់លុយគេ អ៊ីចឹងយើងអាច​​បានធនធានមួយជោគជាំដោយបញ្ហាហើយ។ វិស័យការពារជាតិ ជាវិស័យសំខាន់ណាស់ បើសិនជាវិស័យហ្នឹងមានបញ្ហា ​ពុករលួយជាដើម ប្រហែលជាសមត្ថកិច្ចនៃការផ្ដល់សេវាមានបញ្ហាហើយ»។

ចំណែកនាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុកការជ្រើសរើសជារឿងល្អ បើសិនជាជ្រើសរើសនេះមាននៅក្នុងផែនការដែលកម្ពុជាខ្វះកងកម្លាំងប្រដាប់អាវុធផ្នែកជំនាញ និងបច្ចេកទេស ប៉ុន្តែបើសិនការជ្រើសរើសទាហានថ្មីនេះក្នុងគោលដៅមួយមិនឆ្លើយតបនឹង​ការពារជាតិនិងទឹកដីទេ លោកថា ក្រសួងគួរតែពិចារណាឱ្យច្បាស់លាស់។

មួយវិញទៀត លោកថា រដ្ឋាភិបាលត្រូវបង្ហាញទៅប្រជាពលរដ្ឋ ឬសាធារណជនឱ្យបានច្បាស់អំពីមូលហេតុនៃការជ្រើសរើស និងការបញ្ជាក់អំពីសមត្ថភាព ជាដើម ដើម្បីផ្ដល់ឱកាសដល់យុវជននិងប្រជាពលរដ្ឋដាក់ពាក្យចូលបម្រើការងារក្នុងវិស័យមួយនេះ បើសិនពួកគេចង់ចូលរួមក្នុងការបំពេញកាតព្វកិច្ច​ជាពលរដ្ឋខ្មែរការពារបូរណភាពទឹកដី។

លោកបញ្ជាក់ថា បើសិនជាការជ្រើសរើសមន្ត្រីរាជការនិងពលទាហានថ្មីមានអំពើពុករលួយនោះ លោក​បារម្ភថា ពួកគេអាចនឹ​ងមិនការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋហើយ រួមទាំងប្រើប្រាស់តួនាទីខុសក្រមសីលធម៌និងវិ​ន័យ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់និងបក្ខពួកទៅវិញ។

លោកថា៖ «កងយោធពលខេមរ​ភូមិន្ទជាកម្លាំងរបស់ជាតិ​ គឺជាអ្នកការពារជាតិ​ ការពារទឹកដី ហើយជាអ្នកការពារនូវភាពអយុត្តិធម៌ទាំងឡាយ ប៉ុន្តែបើសិនពួកគាត់បោះបង់ចោលកាតព្វកិច្ចនិងតួនាទី​ ក្នុងនាមជាអ្នកការពារទឹកដី ​និងការពារជាតិ ការពារ​ប្រជាពលរដ្ឋ ហើយគាត់ប្រើប្រាស់ឥទ្ធិពលនិងអំណាចគាត់ទៅតាមផ្លូវផ្សេង អ៊ីចឹងវាធ្វើឱ្យប៉ះពាល់ទៅដល់​ផលប្រយោជន៍សង្គមនិងប៉ះពាល់ដល់នីតិរដ្ឋ ហើយសង្គមនឹងមានភាពច្របូកច្របល់ ក៏ដូចជាធ្វើឱ្យមានថ្នាំងថ្នាក់ និងការមិនពេញចិត្តពីប្រជាពលរដ្ឋចំពោះកងយោធពលខេមរភូមិន្ទទាំងមូល ហើយធ្វើឱ្យប៉ះពាល់សង្គមរបស់យើង ធ្វើឱ្យមានការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ពាក់ព័ន្ធនឹងមន្ត្រីកងយោធពលខេមរភូមិន្ទមិនបានគោរតាមតួនាទី បែរជាយកតួនាទីដើម្បីបម្រើ​ផលប្រយោជន៍ឬលាភសក្ការៈរបស់ខ្លួននិងក្រុមបក្ខពួក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ