សហជីព​ថា​បំណុល​ខ្ទង់​៨០ម៉ឺន​ដុល្លារ​ដែល​ថៅកែ​រោងចក្រ ឃែនធើរេន ជំពាក់​កម្មករ​ក្រោយ​បិទ​រោងចក្រ

កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាប្ដូរទៅ​​បោះតង់​​លើ​ចិញ្ចើម​​ផ្លូវ​នៅខាង​មុខ​រោង​ចក្រ ដោយ​អះអាងថា ​​ម្ចាស់​ទីតាំង​ដែលជួល​ដីនិង​​​អគារ​​ឱ្យ​​រោ​ង​ចក្រ ឃែនធើរេន បាន​​ដេញ​​ពួកគេ​​មិនឱ្យស្នាក់នៅនិងដេកយាមក្នុងបរិវេណ​រោងចក្រ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហជីពអះអាងថា តាមការ​​គណនាបឋម គឺថៅកែរោងចក្រ​ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ជំពាក់​បំណុល​ក្រុម​កម្មករខ្ទង់​៨០ម៉ឺន​ដុល្លារ ខណៈ​ថៅកែរោងចក្រនេះបានបិទ​រោង​ចក្រ​រត់​ចោល​កម្មក​រជាង​៣០០​នាក់។

កម្មករ-កម្មការិនីជិត៥០នាក់​​ធ្វើការនៅ​រោងចក្រ​ ឃែនធើរេន នៅថ្ងៃព្រហស្បតិ៍​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ​នៅ​ស្ថាន​ទូតម៉ាឡេ​ស៊ី​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​​ស្ថាន​ទូត​ជួយ​ជំរុញ​​​ទៅ​​ថៅកែរោ​​ង​​ចក្រ​ដែលជាជនជាតិម៉ាឡេស៊ី ចេញ​មក​ដោះស្រាយវិវាទការ​ងារ​ ដោយ​ទូទាត់​ប្រាក់​​ឈ្នួលនិងអត្ថប្រយោជន៍ផ្សេង​ៗដល់កម្មករតាមផ្លូវច្បាប់ ក្រោយរោងចក្រនេះបិទទ្វារលែងដំណើរការ​អាជីវកម្ម។

កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីជំរុញឱ្យថៅកែរោងចក្រជាជនជាតិម៉ាឡេស៊ីចេញមុខដោះស្រាយវិវាទការងារថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) បាននាំគ្នាទៅស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីជំរុញឱ្យថៅកែរោងចក្រជាជនជាតិម៉ាឡេស៊ីចេញមុខដោះស្រាយវិវាទការងារថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

មន្ត្រីសម្ព័ន្ធ​​​សហ​ជី​​ព​ចលនា​កម្មក​រ លោក ស៊ុត ចិត្រ ប្រាប់ វីអូឌី នៅមុខស្ថានទូតថា តាម​ការគណនារបស់ក្រុមសហជីពបាន​រក​ឃើញ​ថា ថៅកែរោងចក្រ​ ឃែន​ធើរេន ជំពាក់បំណុលកម្មករសរុបខ្ទង់៨០ម៉ឺនដុល្លារ។

លោកបន្តថា ​ថៅកែបាន​បិទ​អាជីវកម្មរបស់ខ្លួន​​​ដោយ​មិន​បាន​ជូន​ដំណឹង​​​ត្រឹម​​ត្រូវ​តាមផ្លូវច្បាប់ដល់កម្មករនោះទេ ខណៈកម្មករ​​ត្រូវទទួលបាន​ប្រាក់សំណងចំនួន៥ចំណុច រួមមាន ​ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីភាពការ​ងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសស់ជាដើម។

លោកបន្ថែមថា៖ «អ្វីដែលយើងរំពឹងទុក មិនមែនថាយើងទាមទារឱ្យបានទាំងស្រុងទេ។ យើងនឹងធ្វើការសម្របសម្រួល ធ្វើយ៉ាងណាឱ្យភាគីកម្មករ ថៅកែ និងភាគីពាក់ព័ន្ធផ្សេងទៀត ទទួលយកបានដូចគ្នា។ ខ្ញុំសូមសំណូមពរដល់សម្តេច ហ៊ុន សែន និង​ភាគី​ពាក់​ព័ន្ធ​ មាន​ក្រសួង​ការងារ ស្ថានទូតអាមេរិក ស្ថានទូតម៉ាឡេស៊ី ជួយជំរុញយ៉ាងណា រួមគ្នាជំរុញឱ្យមានការជជែកគ្នា ដើម្បីដោះស្រាយបញ្ចប់វិវាទការនៅរោងចក្រ ឃែនធើរេន ដើម្បីកុំឱ្យ​​កម្មករបន្តរងទុក្ខលំបាកទៀត»

អ្នកស្រី ហឹន ជឿន អាយុ៥៨ឆ្នាំ ធ្វើការងារនៅរោងចក្រ ឃែនធើរេន រយៈពេល​១៤ឆ្នាំ និយាយ​ថា ពេលដែលថៅកែបិទទ្វាររោង​ចក្រ​រត់​ចោលកម្មករ​នោះ ខាងរោងចក្រ​មិនបានបើកប្រាក់ឈ្នួ​ល​ចុងក្រោយ ប្រាក់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ​ទៀត​ជូន​ពួក​គាត់​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ថៅកែរត់ចោលហ្នឹង វាមានរយៈពេល២ខែហើយ មិនមានអាជ្ញាធរណាដោះស្រាយជូនពួកយើងទេ។ ពួក​យើង​គ្មាន​លុយ​សម្រាប់​ចំណាយ​លើថ្ងៃទឹកភ្លើង ថ្លៃហូបចុកប្រចាំថ្ងៃ។ យើងធ្វើការរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដល់ពេលថៅកែគាត់ទៅចោល​ដោយមិនបានប្រាប់ ធ្វើឱ្យពួកយើងជួបការលំបាកជីវភាពកាន់តែខ្លាំង»

កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ហូបបាយជុំគ្នានៅក្នុង​​បោះតង់​​លើ​ចិញ្ចើម​​ផ្លូវ​នៅខាង​មុខ​រោង​ចក្រ ក្រោយ​​ម្ចាស់​ទីតាំង​ដែលជួល​ដីនិង​​​អគារ​​ឱ្យ​​រោ​ង​ចក្រ ឃែនធើរេន បាន​​ដេញ​​ពួកគេ​​មិនឱ្យស្នាក់នៅនិងដេកយាមក្នុងបរិវេណ​រោងចក្រ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។
កម្មករ-​កម្មការិនីនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ហូបបាយជុំគ្នានៅក្នុង​​បោះតង់​​លើ​ចិញ្ចើម​​ផ្លូវ​នៅខាង​មុខ​រោង​ចក្រ ក្រោយ​​ម្ចាស់​ទីតាំង​ដែលជួល​ដីនិង​​​អគារ​​ឱ្យ​​រោ​ង​ចក្រ ឃែនធើរេន បាន​​ដេញ​​ពួកគេ​​មិនឱ្យស្នាក់នៅនិងដេកយាមក្នុងបរិវេណ​រោងចក្រ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា​ លោក ព្រុំ ប៊ុនថន ដែល​ឃ្លាំមើលកា​រ​តវ៉ា​របស់​កម្មករ និងបានយកញត្តិទៅដាក់ស្ថានទូតម៉ាឡេ​ស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹង​ថា មន្ត្រីទូត​​មិន​ចេញ​មក​ទទួល​ញត្តិរបស់កម្មករនោះទេ ដោយឱ្យផ្ញើនៅ​កន្លែងសន្តិ​សុខ​យាម​​នៅខាង​មុខទ្វារ​ស្ថាន​ទូត។

ប្រធាន​សមាគម​រូ​ប​នេះ​បន្តថា ក្រុមកម្មករសម្រេចមករកកិច្ចអន្តរាគមន៍ពីស្ថានទូតម៉ាឡេស៊ី ដោយសារថៅកែរោងចក្រ ឃែនធើរេន ជាជនជាតិម៉ាឡេស៊ី។

លោកបន្ថែមថា៖ «អ៊ីចឹង​រដ្ឋាភិបាលម៉ាឡេស៊ី ត្រូវចាត់វិធានការទៅលើថៅកែជាជនជាតិម៉ាឡេស៊ី ដែលមករកស៊ីខិល​ខូច ធ្វើបាប​កម្មករ​ខ្មែរ មិនគោរពសិទ្ធិកម្មករ និងច្បាប់របស់កម្ពុជា ឱ្យចេញមុខមកដោះស្រាយនិងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ​តាម​ផ្លូវ​ច្បាប់»

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីតំណាងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា​បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

ក្នុងញត្តិរបស់សម្ព័ន្ធសហជីពចលនាកម្មករដែលដាក់ជូនឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំ​នៅ​កម្ពុជា​​ បាន​លើកឡើងថា រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ​ដែលមានទីតាំងនៅសង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាក្រុម​ហ៊ុន​កាត់ដេរសម្លៀកបំពាក់​ បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែលមានថៅកែ​ធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី និងមានកម្មករ​បម្រើការ​ងារចំនួន៣២០នាក់។

ញត្តិដដែលបន្តថា រោង​ចក្រ​នេះបាន​បិទទ្វារលែងដំណើរការ​ និងបាន​ដឹក​សម្ភារខ្លះចេញ​ពីរោង​ចក្រ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសា ដោយពុំបានទូទាត់ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ​និយោជិតឡើយ។

គួរបញ្ជាក់ថា កម្មករ-កម្មការិនី​នៅ​រោងចក្រ​​​ ឃែន​ធើរេន បាន​នាំ​គ្នា​តវ៉ា និង​ដាក់​វេន​គ្នា​​ដេក​យាម​មុខ​​រោង​​ចក្រ​​​ជិត​២ខែមក​ហើយ ដើម្បីការ​​ពារ​​មិន​ឱ្យ​មាន​ការ​ដឹក​សម្ភារ​ផ្សេងៗ​ចេញ​ពី​រោង​ចក្រ និង​​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយ​សំណងជូនពួកគេតាមផ្លូវច្បាប់។

បើតាមសហជីពកន្លងមក ពួកគេធ្លាប់ដាក់ញត្តិទៅអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រសួងការងារ និងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីសុំអន្តរាគមន៍ឱ្យមានដំណោះស្រាយវិវាទការងារនេះ ប៉ុន្តែរហូតពេលនេះនៅតែពុំមានដំណោះស្រាយណាមួយឡើយ ហើយពួកគេកំពុងពិភាក្សាជាមួយមេធាវី ដើម្បីប្តឹងករណីនេះទៅតុលាការបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ