លោក ហ៊ុន សែន បបួល​អ្នក​ដែល​ចោទ​ប្រកាន់​លោក​លួច​សន្លឹកឆ្នោត​ស្បថ​ឱ្យ​រន្ទះបាញ់​ស្លាប់

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រធានគណបក្សប្រជាជនកម្ពុជា បបួលក្រុមអ្នករិះគន់ស្បថស្បែក្រោមបណ្ដាសាផ្សេងៗ ដែល​​នៅ​​តែចោទប្រកាន់ថា គណ​​បក្ស​​គ្រប់​​គ្រង​​​អំណាចលួច​​សន្លឹក​ឆ្នោតសម្រាប់ការបោះឆ្នោត​​ជ្រើស​​រើសសមាជិក​ក្រុមប្រឹក្សា​​ឃុំ-​​សង្កា​​ត់​កន្លង​​ទៅថ្មីៗនេះ ដើម្បីបញ្ជាក់ពីភាពក្លាហាន ហើយហ៊ាន​​ទទួល​​យក​​ការ​​ពិតចំ​​ពោះ​​​ការចោទ​​ប្រ​​កាន់​​​នេះ។

ថ្លែងនៅក្នុងវេទិកាមួយនៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញជំហរថា ការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាល មានភាពចាស់ទុំរឿង​​កិច្ច​​ការ​​បោះឆ្នោតនេះ​​គ្រប់​​គ្រាន់​​​ហើយ។ បើតាមលោកនាយករដ្ឋមន្រ្តី ចំពោះការចោទប្រកាន់ថាគណ​បក្សដែល​​លោក​ដឹក​​នាំ​​នេះចេះលួចសន្លឹកឆ្នោតរាល់ពេលបោះឆ្នោតម្តងៗនោះ វាពិតជាពិបាក​​ទ​​ទួ​​ល​​​យកណាស់ ព្រោះ​លោក​​មិនដឹងថាតើការលួចសន្លឹកឆ្នោតនេះត្រូវធ្វើដោយដោយរ​​បៀបណា​​នោះ​​ទេ។

ប្រតិកម្មចំពោះបញ្ហានេះ លោក ហ៊ុន សែន បានបន្តបបួលអ្នកដែលរិះគន់លោក ដោយមិន​​សំដៅ​​​ចំ​ឈ្មោះនេះ មកស្បថស្បែក្រោមហេតុផលផ្សេងៗ ដូចជាឱ្យរន្ទះបាញ់ជាដើម។

លោកបន្តថា៖ «ម៉េចបានថាស្បថជារឿងលេងសើច ថាជារឿងទាល់ច្រក? អ្នកខ្លះដល់ទៅរកអី មិនហ៊ានស្បថ ខ្លាចរន្ទះបាញ់ ព្រោះគេបបួលស្បថឱ្យរន្ទះបាញ់ អត់ហ៊ានស្បថ អាងថាស្បថគ្រាន់តែជាមនុស្សទាល់ច្រកតើ! អត់ទេ! ​ស្បថមិនមែនជារឿងលេងសើចទេ។ នៅប្រទេសយើងមិនទាន់បានស្បថ មិនទាន់មានសុពលភាព ត្រូវចាំឱ្យច្បាស់! តំណាងរាស្ត្ររូបណាដែលមិនទាន់​បានចូលស្បថ តំណាងរាស្ត្ររូបហ្នឹងអត់ទាន់មានសុពលភាពទេ ត្រូវចាំឱ្យច្បាស់។ អ៊ីចឹងតើពួកអ្នកឯងដែលចោទថាគេលួចនេះ [លួចសន្លឹកឆ្នោតនេះ] ហ៊ានស្បថឱ្យរន្ទះបាញ់ឬអត់? ហ៊ានស្បថឱ្យងាប់តៃហោងឬអត់? យើងនិយាយគ្នាអញ្ចេះវិញម្ដង»។

បើទោះជាសារនយោបាយនៅពេលនេះរបស់លោកនាយករដ្ឋមន្រ្តី មិនសំដៅចំ​​ឈ្មោះ​អ្នកដែល​​ចោទគណបក្ស​​កាន់​អំណាចថានៅតែបន្តលួចសន្លឹកឆ្នោត តាមរូបភាពចាស់ តែប្រហែលជាលោក ហ៊ុន សែន ចង់​​ផ្លែផ្កា​ឱ្យដៃគូនយោបាយរបស់លោក គឺលោក សម រង្ស៊ី។

គេសង្កេតឃើញថា ក្រោយ​​ប្រកាសលទ្ធផលបឋមភ្លាមៗអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គណ​​បក្ស​​នយោ​​បាយនៅក្រៅរដ្ឋាភិបាលមួយចំនួនបានប្រកាសមិនពេញចិត្តចំពោះលទ្ធផលឆ្នោតបឋមនេះ ក្នុង​​នោះក៏មានគណបក្សភ្លើងទៀនដែរ។

ក្រោយពេលគណបក្សដែលចូលរួមប្រកួតប្រជែងនូវការបោះឆ្នោតឃុំ-សង្កាត់នេះ ចេញសេចក្តីប្រ​​កា​ស​​​ព័ត៌មានជាបន្តបន្ទាប់អំពីលទ្ធផលឆ្នោតបឋមនេះ ចំណែកលោក សម រង្ស៊ី ក៏បាន​​បង្ហាញ​​នូវ​​ការ​​យល់ឃើញរបស់ខ្លួនទាក់ទិនដំណើរការបោះឆ្នោតនេះដែរ។ ជាអ្នកនយោបាយចាស់វស្សា និង​​ជា​​​ដៃគូនយោបាយដ៏មានឥទ្ធិពលជាមួយលោក ហ៊ុន សែន លោក សម រង្ស៊ី បានហៅ​​លទ្ធផល​បឋមដែលគណបក្សភ្លើងទៀនទទួលបាននៅពេលនេះថា ជាលទ្ធផលដែលនៅសេស​​សល់​​ពី​ការ​​លួច​​បន្លំប៉ុណ្ណោះ។

សម្រាប់លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ លើកឡើង​កាលពីថ្ងៃទី​៩ ខែមិថុនា ​ថាការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥​នេះ គណ​​បក្ស​​​​ភ្លើងទៀន ត្រូវទទួលបានអាសនៈច្រើនជាងនេះ។ លោកបន្តថា ដោយ​សារ​គណបក្ស​ប្រជាជន​កម្ពុជាលេង​ផ្លូវ​កាត់ ទើបធ្វើឱ្យលទ្ធផលបឋមដែលប្រកាសដោយ គ.ជ.ប ចេញ​មក​ខុស​ពីការពិតទាំងស្រុងបែប​​នេះ​​។

លោកបន្តថា៖ «យើងឃើញថា ​សំឡេង​ប្រជាធិបតេយ្យ គឺកើន​ គឺកើនខ្លាំងមែនទែន។ តែការកើននេះ​ត្រូវ​គេ​កាត់​បន្ថយ​តួលេខ។ គេច្បិច​គេច្បាម​បាន​សល់​ប៉ុណ្ណឹង សល់២២%ហ្នឹង! មែនទែន មិនមែនសល់ត្រឹម២២%​​ហ្នឹង​​​ទេ ត្រូវ​គុណ​ជា​ពីរ​ជា​បី។ ហើយគណបក្សប្រជាជនកម្ពុជា ដែលគេអះអាងហ្នឹង​​​ គឺមិនមែន​​អ៊ីចឹងទេ ពី​​ព្រោះ​ គ.ជ.ប នៅក្នុងកណ្ដាប់ដៃគេ »។

នាយកប្រតិបត្តិ​នៃអង្គការ​និចហ្វិក លោក សំ គន្ធាមី ឱ្យដឹងថា ពាក្យស្បថស្បែមានភាព​​ខុស​គ្នារ​វាង​ស្បថ​ចូលកាន់តំណែងរបស់ប្រធានាធិបតី ឬតំណាងរាស្រ្ត និងស្បថចង់ឈ្នះចង់​ចាញ់ក្នុង​ហេតុ​ផល​អ្វីមួយ ដែល​ចំណុចទាំងពីរនេះ គឺមិនអាចឡូកឡំគ្នាបានទេ។ លោកថា ការ​ស្បថ​ដោយ​​ច​ង់​​ឈ្នះ​ចង់​ចាញ់ ជារឿងដែលគួរឱ្យអស់សំណើច ហើយក៏មិនខុសពីល្បែងក្មេងលេងដែរ។

បើតាមលោក សំ គន្ធាមី ការចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត គឺភាគីពាក់ព័ន្ធ​មាន​សម្អាងហេតុនីមួយៗរបស់គេត្រឹមត្រូវ។ លោកបន្តថា ប្រសិនបើដំណើរការបោះឆ្នោ​​​ត​អនុវត្តទៅដោយតម្លាភាព និងមិនមានការបិទបាំង ពេលប្រកាសលទ្ធផលឆ្នោតបឋម ប្រហែល​​​មិន​​មាន​បញ្ហាកើតឡើង ក្រោយការបោះឆ្នោត​ត្រូវបិទបញ្ចប់នៅតាមការិយាល័យនោះ​ទេ។

លោកបន្តថា៖ «រឿងលួចបន្លំសន្លឹកឆ្នោតហ្នឹងនេះទេ ដោយសារបញ្ហាហ្នឹង គេឃើញការិយាល័យមា​​​ន​​​​គណបក្សនយោ​បាយ​មួយ​ចំនួន គេឃើញការិយាល័យបានបិទទ្វារ បិទបង្អួច និងបិទទ្វារ ដូច្នេះវាអត់​​មានតម្លាភាព។ នេះគ្រាន់តែជាការសង្ស័យថា ការរាប់សន្លឹកឆ្នោតហ្នឹងមានភាពមិនប្រក្រតី វាអត់តម្លាភាព។ ទាំងនេះហើយដែលគេចោទថាមានការលួចបន្លំអ៊ីចឹង​ទៅ។ តាមពិត អ្នកចោទហ្នឹងគឺមានហេតុផលអ៊ីចឹង។ តាមខ្ញុំយល់ គឺរឿងបិទទ្វារហ្នឹងឯង បិទទ្វារតាមការិយាល័យរាប់សន្លឹក​ឆ្នោត និងបិទបង្អួចអីហ្នឹង។ បញ្ហារឿងបបួលស្បថអីនេះ អានេះជារឿងក្រៅផ្លូវការទេ វាអត់មែនជារឿងច្បាប់អីទេ»។

គ.ជ.ប បាន​ប្រកាសលទ្ធផលបឋមរបស់ខ្លួនកាលពីថ្ងៃទី​៥ ខែមិថុនា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខ គណបក្ស​ភ្លើង​ទៀន ដែលបាន​ត្រឹម​តែ៤ឃុំ​ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំសង្កាត់​សរុបទាំង១ ៦​​៥​​២នៅទូទាំងប្រទេស។ ក្រោយ​លទ្ធផល​បឋមត្រូវ​បាន​ប្រកាស អនុប្រធានគណ​​បក្សភ្លើងទៀន លោក សុន ឆ័យ បញ្ជា​​ក់ក្នុងសន្និសីទ​មួយ​​ថា នឹង​មិន​ធ្វើ​បាតុ​កម្ម​តវ៉ា​លទ្ធផលឆ្នោតបឋមនេះទេ។ ប៉ុន្តែអនុប្រធានរូបនេះ លើក​​ឡើង​​ថា កា​​រ​​នៅ​ស្ងៀម​នេះមិន​មែន​មាន​ន័យ​ថា គណបក្សភ្លើងទៀន យល់ស្របថា​ដំណើរការបោះឆ្នោតនេះថាមាន​​ភាព​​ត្រឹមត្រូវ សេរី និងយុត្តិធម៌នោះឡើយ។

បើតាមអ្ន​កនយោបាយចាស់វស្សារូបនេះ អ្វីដែលគណបក្សភ្លើងទៀនត្រូវបន្តធ្វើ គឺចង់មាន​​ការ​​ចរ​​ចា​​​​​ជាមួយ​​គណបក្ស​​ប្រជាជន​​កម្ពុជា ដើម្បីទាមទារឱ្យមានការកែទម្រង់​ស្ថាប័នជាតិរៀប​​ចំ​ការ​​​​បោះ​​​ឆ្នោត ដែលហៅកាត់ថា គ.ជ.ប។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកែកនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សកាន់​​អំ​​ណា​ចដែលទទួលបានមេឃុំ-ចៅសង្កាត់ប្រមាណ៩៩% សម្រាប់ការបោះឆ្នោតលើកនេះ មិន​ត្រូវ​​​ការ​​​ចរចា​ណាមួយជាមួយគណបក្សភ្លើងទៀនទេ។ លោក ហ៊ុន សែន បានបង្ហើបថា ប្រសិន​​​​បើ​​​គណបក្សណា ចង់ពិគ្រោះយោបល់ គួរធ្វើឡើងជាមួយ គ.ជ.ប វិញចុះ ព្រោះ​​គណ​បក្ស​​​​គ្រប់​​​​​គ្រង​​​​អំណាចក៏ជាគូប្រកួតមួយដែរ ដែល​មិនត្រូវការការ​ចរចា​​​ណា​​មួយ​​​ឡើយ​​​​។

បើតាមលោក ហ៊ុន សែន បានទស្សន៍ទាយទុកជាមុន​​​​​ថា ដោយ​មើល​ឃើញ​ជើង​ក្រោម គណបក្ស​នយោបាយផ្សេងគ្រប់គ្រង​អំណាចប្រមាណ ២០%​​ទៅ​​ហើយ ដូច្នេះការ​បោះ​ឆ្នោត​ជ្រើស​រើស​​តំណាងរាស្រ្តនៅឆ្នាំ២០២៣ កម្ពុជា​នឹងលែង​រងការ​រិះ​​គន់​ថាជា​រដ្ឋាភិបាល​ឯកបក្ស​ទៀត​ហើយ។

ចំណែក​លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិ​​កាល​ទី៥​​នេះ គ​ណៈ​​​​កម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រ​​កាស​​​​នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​​​២​០​២២​​ ខាង​​​​មុខ​​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ