ប្រទះ​ឃើញ​បុរស​ម្នាក់​ចងកស្លាប់​នៅ​កាស៊ីណូ​ដែល​ម្ចាស់​មាន​ទំនាក់ទំនង​ជាមួយ​ក្មួយប្រុស​លោក ហ៊ុន សែន

ទិដ្ឋភាពកាស៊ីណូយីហោ ហេង ហ៊ី ប៉ែកខាងលើដំបូលជ្រុងខាងស្ដាំ ថតដោយដ្រូនបញ្ជា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។ (Danielle Keeton-Olsen/VOD)

បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកាស៊ីណូ ក្នុងទីក្រុងបាវិត ខេត្តស្វាយរៀង មួយកន្លែង គ្រប់គ្រងដោយបុគ្គលមួយរូបដែលត្រូវបានគេស្គាល់ថាមានទំនាក់ទំនងជាមួយលោក ហ៊ុន តូ ខណៈជនជាតិឥណ្ឌូនេស៊ី ២២នាក់ផ្សេងទៀត ក៏ត្រូវបានជួយសង្គ្រោះចេញពីទីតាំងមួយចំនួនក្នុងតំបន់នោះផងដែរ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ច។

​លោក​ អែម សុវណ្ណារិទ្ធ អធិកា​រនគរ​បាល​ក្រុងបាវិត ថ្លែងថា ករណីប្រទះឃើញបុរសម្នាក់ស្លាប់ដោយចងកកាលពីថ្ងៃសុក្របន្ទាប់ពីធ្វើការនៅទីនោះបានតែមួយថ្ងៃ កើតឡើងនៅទីតាំងកាស៊ីណូយីហោ ហេង​ហ៊ី (Heng He)ហេងហេង

លោកបន្តថា បុរស​​ជា​ជនជាតិ​វៀតណាមដែលមាន​ឈ្មោះ ត្រាន់ វ៉ាន់​បាន អាយុ២៨ឆ្នាំ ​ត្រូវបានរកឃើញដោយសមត្ថកិច្ចថាមានវិបត្តិ​ផ្លូវចិត្ត ទើបឈានដល់ការ​សម្លាប់​ខ្លួនឯងតែម្ដង។

ទោះជាយ៉ាងណា អធិកា​រនគរ​បាល​ក្រុងបាវិតដដែលបានឱ្យដឹងទៀតថា រូបលោក​មិន​ដឹង​ថាជនរងគ្រោះធ្វើការងារអ្វីឡើយនៅទីក្រុងបាវិត។

លោកថា៖ «​ហេតុការណ៍​បែប​នេះ​មិន​ដែល​កើត​ឡើង​ពីមុននោះទេ ហើយ​នេះ​ជា​ករណី​ទី​មួយផងដែរ»។

គួរបញ្ជាក់ថា ក្រុមហ៊ុន ហេងហ៊ី បាវិត អចលនទ្រព្យ (Heng He Bavet Property) ដែលរួមមានកាស៊ីណូយីហោ «ហេងហ៊ី» ផងដែរនោះ ត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់លោក Chen Al Len ដែលបច្ចុប្បន្ន​ដឹកនាំ​ក្រុមហ៊ុន​ចំនួន​បីផ្សេងទៀត ​ជាមួយក្មួយ​ប្រុសបង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧកញ៉ា ហ៊ុន តូ។

លោក Chen Al Len ក៏ត្រូវបានគេស្គាល់ថាជាម្ចាស់ទីតាំងអាគារ Kaibo (KB) ក្នុងខេត្ត​ព្រះសីហនុ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញផង​ដែរ។

យោងតាមនាយ​រងប៉ុស្តិ៍​នគរបាល​សង្កាត់​បាវិត លោក ពុទ្ធា នុតសិទ្ធ បានឱ្យដឹងថា សមត្ថកិច្ច​មិនអាចចូលទៅកាន់​បរិវេណកាស៊ីណូ ហេង​ហ៊ី បានឡើយ។

លោកថា៖ «សម្រាប់ទីតាំងនេះ ខ្ញុំមិនដែលចូលឡើយ ដោយសារតែវាពិបាកចេញចូលខ្លាំងណាស់»។

ជាមួយគ្នានេះ ចៅសង្កាត់បាវិតរង លោក កៅ សារ៉ាន់ បន្ថែមថា៖ «យើងមិនដឹងពីចំនួនមនុស្សសរុបនៅក្នុងទីតាំងនោះឡើយ ហើយពួកគេក៏មិនដែលទាក់ទងអ្វីមកកាន់យើងផងដែរ»។

កាលពីខែមុន បុរសជាជនជាតិវៀតណាមមួយរូបក៏ធ្លាប់បានប្រទះឃើញស្លាប់ផងដែរ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូក្នុងក្រុងបាវិតមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។

យោងតាមលោក​ អែម សុវណ្ណារិទ្ធ សមត្ថកិច្ចនៅក្នុងខែនេះ ក៏បានជួយសង្រ្គោះជនជាតិឥណ្ឌូនេស៊ីចំនួន២២នាក់ចេញពីទីតាំងមួយចំនួនក្នុងទីក្រុងបាវិតផងដែរ។

លោក​បន្ថែមថា៖ «ខាងខេត្ត​បាន​មក​ជួយ​សង្គ្រោះពួកគេទាំងនេះចេញពីទីតាំងពីរទៅបីទីតាំងដែលពួកគេធ្វើការ»។

ទាក់ទិន​ករណីនេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ​លោក កែវ វ៉ាន់ថន បានលើកឡើងថា ប្រតិបត្តិការ​ជួយ​សង្គ្រោះនេះត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២ ខែ​មិថុនា ដោយថា អ្នកដែលត្រូវបានជួយសង្រ្គោះទាំងអស់មាន​វិវាទ​ការងារ។

លោកថា៖ «នៅពេលដែលមានការរាយការណ៍មកថា ពួកគេត្រូវបានគេឃុំខ្លួនដោយខុសច្បាប់ ដែលពេលខ្លះកើតឡើងដោយសារតែជម្លោះ ការទទួលបានប្រាក់ខែខុសពីការសន្យា ឬការមិនមានសេរីភាពជាដើមនោះ គឺយើងអាចចាត់ទុកករណីនេះបានថាជាវិវាទការងារ»។

លោកបន្ថែមថា៖ «យើងក៏ត្រូវ​ពិនិត្យ​មើល​ថា​តើ​ពួកគេ​ឆ្លង​កាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ឬ​អត់ផងដែរ។ ពេលពួកគេមកត្រូវតែស្របច្បាប់ មានទិដ្ឋាការ លិខិតឆ្លងដែនដែលមានសុពលភាព និងមានឯកសារការងារគ្រប់គាន់។ ​យើង​មិនបាន​ដាក់ទោសទណ្ឌអ្វីលើពួកគេឡើយ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Death at Casino, 22 Indonesians Rescued in Bavet

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ