មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​កំពុង​ស្វែងរក​អ្នក​លួច​កាប់ឈើ​ក្រញូង​ក្នុង​តំបន់​អភិរក្ស

(កណ្ដាល) លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារវិស័យព្រៃឈើឆ្នាំ២០២០ និងលើកផែនការអនុវត្តបន្តឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីដើមឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប)

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពុងប្រកាសស្វែងរកអ្នកលួចកាប់ឈើក្រញូង និងផ្ដល់រង្វាន់ដល់អ្នកដែលផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នៅតំបន់អភិរក្សព្រៃឈើមួយកន្លែងក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី កាលពីម្សិលមិញ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ឈើពូជក្រញូងចំនួនបួនដើមដែលមានអាយុកាលប្រមាណ៥០ឆ្នាំ។

បើតាមសេចក្ដីប្រកាសនេះ ​ការចូលលួចកាប់ឈើនេះជាបទល្មើសឧក្រិដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈដ៏មានតម្លៃរបស់រដ្ឋ។ មន្ទីរកសិកម្មឱ្យដឹងបន្ថែមថា ចម្ការពូជឈើក្រញូងមានទំហំ១ ៨៨០ហិកតា ស្ថិតនៅភូមិសាស្រ្ដឃុំកន្ទួត​ ស្រុកស្វាយលើ និងឃុំឃុនរាម​ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សេចក្ដីប្រកាសដដែលនេះបញ្ជាក់ថា មន្ទីរគ្រប់គ្រងនិងអភិវឌ្ឍតំបន់នេះតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើ តំបន់លំហែកម្សាន្ត និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្រ្ដ ហើយក៏ជាតំបន់មានសក្ដានុពលធនធានព្រៃឈើដ៏មានតម្លៃ ដែលក្រសួងកសិកម្ម​ ទទួលស្គាល់ជាតំបន់ស្ដារនិងអភិវឌ្ឍព្រៃឈើកាលពីឆ្នាំ២០១៦។

មន្ទីរកសិកម្មអះអាងថានឹងផ្ដល់រង្វាន់ជាទឹកប្រាក់ចំនួន១​ ០០០ដុល្លារដល់សាធារណជនដែលបានស្គាល់និងជូនដណឹងពាក់ព័ន្ធនឹងជនល្មើសហើយរាយការណ៍និងផ្ដល់ព័ត៌មានដល់សមត្ថកិច្ចរហូតចាប់ជនល្មើសនោះបាន។ បន្ថែមពីនេះ ព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ មិនឱ្យមានបញ្ហាដល់អ្នកដែលបានផ្ដល់ព័ត៌មាននោះទេ។

លោក ម៉ុង ប៊ុនលីម ប្រធានរដ្ឋបាលព្រៃឈើខេត្តសៀមរាប ថ្លែងប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ចាប់តាំងពីបាត់ដើមក្រញូងនៅថ្ងៃទី១៤មក អាជ្ញាធរបានធ្វើការស្រាវជ្រាវ ដោយរួមសហការជាមួយមន្ត្រីពាក់ព័ន្ធ រហូតដល់មានប្រកាសផ្ដល់រង្វាន់ដល់អ្នកដែលផ្ដល់ព័ត៌មានពីអ្នកលួចកាប់ឈើនេះ។

លោក ម៉ុង ប៊ុនលីម បានឱ្យដឹងថា មកដល់ពេលនេះ លោកមិនទាន់មានព័ត៌មានអ្វីពីជនល្មើសនោះទេ ខណៈកំពុងស្រាវជ្រាវបន្ដ។​ លោកបានឱ្យដឹងបន្ថែមថា ជនល្មើសចូលលួចនៅពេលដែលឆ្មាំនៅទីនោះឆកល្វែងមិននៅ ហើយជនល្មើសក៏ឆ្លៀតឱកាសចូលលួចឈើ ដោយពួកជនល្មើសអារដោយរណារជាដុំៗដាក់ក្នុងកាបូងស្ពាយ អំឡុងនៅពេលថ្ងៃ ខណៈដែលមេឃកំពុងភ្លៀង។

ប្រធានរដ្ឋបាលព្រៃឈើខេត្តសៀមរាបរូបនេះ ថ្លែងថា តំបន់នេះពិបាកគ្រប់គ្រង ព្រោះមានផ្ទៃដីជិត២ពាន់ហិតា ប៉ុន្ដែមានមនុស្សការពារតែប្រហែល១០នាក់ប៉ុណ្ណោះ។ ប៉ុន្ដែទោះជាយ៉ាងណា ក្រោយដឹងដំណឹងភ្លាមៗ លោកបានប្រកាសជាសាធារណៈ ដើម្បីស្វែងរកអ្នកលួចកាប់នោះ។

​លោក ម៉ុង​ ប៊ុនលីម អំពាវនាវថា៖ «សុំប្រជាពលរដ្ឋទាំងអស់ជួយផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទហ្នឹងផង ដើម្បីស្វែងរកជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ បើមិនអ៊ីចឹងទេ​ ជនល្មើសនឹងនៅតែប្រព្រឹត្តបទល្មើសដដែល»។

ស្រដៀងគ្នានេះដែរ លោក ទា គឹមសុទ្ធ​​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រាប់វីអូឌីថា ជនល្មើសបានលួចឈើក្រញូងអស់បួនដើម ដែលមានមុខកាត់៣តឹក និងប្រវែង៧ម៉ែត្រ ដែលមានអាយុប្រហែល៦០ឆ្នាំហើយ។

លោកបន្ថែមថា លោកពិតជាមានការសោកស្ដាយ ព្រោះថាមានតែកន្លែងនេះទេដែលមានព្រៃបែបនេះ។ លោកបញ្ជាក់ថា តំបន់មានទំហំ១ ៨៨០ហិកតា ជាតំបន់ស្ដារព្រៃពូជឡើងវិញ ដូចជាក្រញូងជាដើម។

ក្នុងករណីនេះ លោកថា ជនល្មើសឆក់ឱកាសចូលលួចឈើនៅពេលមេឃភ្លៀង ខណៈដែលមន្ត្រីរដ្ឋបាលព្រៃឈើមិនអាចបានដើរយាមបាន២៤ម៉ោងនោះទេ ព្រោះមានមន្ត្រីប្រមាណ១០នាក់ប៉ុណ្ណោះក្នុងការការពារតំបន់នេះ។

ទាក់ទងទៅនឹងករណីនេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា បានប្រាប់វីអូឌីថា ការស្វែងរកជនល្មើសកាប់ឈើនៅតំបន់អភិរក្សស្រុកបន្ទាយស្រីនេះ ជាគំរូដែលបង្ហាញនូវការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងការទប់ស្កាត់នូវការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃឈើកម្រ។

ទន្ទឹមនេះ លោក ហេង គឹមហុង ក៏បានលើកឡើងថា​ ករណីនេះ វាក៏ជាការបង្ហាញឱ្យឃើញនូវការធ្វេសប្រហែសរបស់អាជ្ញាធរក្នុងតំបន់ការពារ ប៉ុន្ដែបែរជាមានការលួចកាប់ទៅវិញ។ លោកបន្ដថា នេះជាហេតុមួយដែលមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះត្រូវមានការស៊ើបអង្កេតនិងពង្រឹងការការពារបន្ថែម​ ហើយត្រូវយកចិត្តទុកដាក់ការពារព្រៃឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ត្រីជាន់ខ្ពស់នៃសមាគមបណ្តាញយុវជនកម្ពុជារូបនេះ លើកឡើងថា៖ «មន្រ្ដីប្រចាំការនៅទីនោះគួរតែទទួលខុសត្រូវពាក់ព័ន្ធនឹងភាពធ្វេសប្រហែសរបស់ខ្លួន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្ដែមានភាពធ្វេសប្រហែស ការពារមិនបានដិតដល់ រហូតមានដើមឈើប្រមាណ៤ដើមត្រូវបានបំផ្លាញរបៀបនេះ»។

លោកបញ្ជាក់ថា ប្រសិនបើគ្មានការទទួលខុសត្រូវលើផ្នែករដ្ឋបាលនិងការប្រហែសរបស់អាជ្ញាធរនោះទេ ការលួចកាប់ឈើនេះនៅតែមាន។ លោកបន្ថែមថា នេះមិនមែនជាលើកទីមួយទេ ខណៈដែលកន្លងមកនៅឧទ្យានអង្គរក៏ធ្លាប់មានការលួចកាប់ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ