ពលរដ្ឋ​នៅ​ខេត្តសៀមរាប​ប្ដឹង​មន្ត្រី​បរិស្ថាន​៤នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​រំលោភបំពាន​ដីធ្លី

ពលរដ្ឋះម្ចាស់ដីអះអាងថា មន្ត្រីឧទ្យានុរក្ស៤នាក់នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចុះដកបង្គោលរបងលើដីរបស់ពួកគេ ក្រោមហេតុផលថា ពលរដ្ឋបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃ «តំបន់ការពារធម្មជាតិជប់សោម» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋនៅស្រុកស្វាយលើ ខេត្តសៀមរាប ប្តឹងមន្ត្រីបរិស្ថាន៤នាក់ទៅតុលាការ ពាក់ព័ន្ធការបំផ្លាញទ្រព្យសម្បត្តិ និងការរំលោភបំពានដីធ្លីរបស់ពួកគាត់។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្ស៤នាក់នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចុះដកបង្គោលរបងលើដីរបស់ប្រជាពលរដ្ឋប្រមាណ៦០ដើម ក្រោមហេតុផលថា ពលរដ្ឋបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃ «តំបន់ការពារធម្មជាតិជប់សោម» ដោយខុសច្បាប់។

លោក សាន សិទ្ធ ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា ដីដែលហ៊ុមព័ទ្ធដោយបង្គោលរបងនោះជាដីរបស់លោកបានអាស្រ័យផលជាង១០ឆ្នាំ និងកាន់កាប់ដោយមានការទទួលស្គាល់ពីអាជ្ញាធរឃុំនិងស្រុកត្រឹមត្រូវ។ លោកថា ករណីមន្ត្រីបរិស្ថានចុះដកបង្គោលរបងរបស់លោកនេះ គឺលោកបានប្តឹងមន្ត្រីបរិស្ថានចំនួន៤នាក់ទៅតុលាការ រួមមាន លោក ហួត តូ, លោក សៅ ឃាន, លោក សៀម ប៉ុន និងលោក ហោ ស៊ីវែង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។

លោកបន្ថែមថា៖ «ខ្ញុំមានទាំងច្បាប់ឈូសឆាយ មានទាំងប្លង់ដី ការស្នើសុំធ្វើកសិកម្មហ្នឹងក៏មាន។ តែខ្ញុំមិនយល់ហេតុអីគេមកបំផ្លិចបំផ្លាញរបស់ខ្ញុំទៀតអ៊ីចឹង។ ខ្ញុំលិខិតស្នាមត្រឹមត្រូវរបស់ខ្ញុំ។ អ៊ីចឹងខ្ញុំទៅប្តឹងតុលាការនៅថ្ងៃនេះ»

លោក ញ៉ែម ផល្លា រស់នៅភូមិសែនជ័យ ឃុំកន្ទួត ឱ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋប្រហែល២០០គ្រួសារកំពុងមានបញ្ហាជម្លោះដីជាមួយមន្ត្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន។ លោកថា មន្ត្រីអាជ្ញាធរមូលដ្ឋានទាំងនេះបានបង្កើតសហគមន៍មួយដោយគ្មានការចូលរួមពីប្រជាពលរដ្ឋឡើយ ដើម្បីគប់គិតគ្នាយកដីធ្លីរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលជាង១០ឆ្នាំ។

ពលរដ្ឋរូបនេះអះអាងថា អ្នកភូមិបានចូលទៅអាស្រ័យផលដោយដាំស្វាយ ខ្នុរ ចេក និងដំណាំហូបផ្លែផ្សេងៗ តាំងពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០២២នេះ ដោយកន្លងមក ដីនោះធ្លាប់មានជម្លោះជាមួយក្រុមទាហាន អាជ្ញាធរមូលដ្ឋានមួយចំនួន និងចុងក្រោយនេះជាមួយមន្ត្រីបរិស្ថាន ហើយពលរដ្ឋធ្លាប់ប្តឹងមន្ត្រីអាជ្ញាធរទាំងនោះទៅតុលាការជាបន្តបន្ទាប់ដែរ ប៉ុន្តែមិនត្រូវបានតុលាការចាត់ការឡើយ។

លោក ញ៉ែម ផល្លា បន្តថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថាន មិនត្រឹមតែធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋទេ ថែមទាំងបានប្តឹងពួកគាត់ទៅតុលាការថែមទៀត។

លោកបន្ថែមថា៖ «មិនយុត្តិធម៌ទេ ពួកគេធ្វើបាបតែប្រជាពលរដ្ឋ។ រឿងជម្លោះដីធ្លីនេះ យើងធ្លាប់បានប្តឹងទៅតុលាការសាលាឧទ្ធរណ៍ហើយ។ ហើយមួយផ្នែកទៀតជាមួយមន្ត្រីបរិស្ថាននេះ យើងប្តឹងទៅសាលាដំបូងខេត្តទៀត បើគេមិនចាត់ការ យើងនឹងប្តឹងទៅសាលាឧទ្ធរណ៍ទៀត»

បើតាមរបាយការណ៍របស់ប្រធានស្នាក់ការ នៃការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លោក សឿន តូ ដែលផ្ញើទៅអភិបាលស្រុកស្វាយលើបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្ស៤នាក់បានសហការជាមួយកម្លាំងយោធាចុះល្បាតដីសហគមន៍ជប់សោម ស្ថិតនៅ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានជួបប្រទះការបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃសហគមន៍ដើម្បីធ្វើកម្មសិទ្ធិ ដែលមានលោក សាន សិទ្ធ ជាម្ចាស់។

របាយការណ៍ដដែលបន្តថា កម្លាំងល្បាតបានដកចោលបង្គោលរបងនោះអស់ចំនួន៦០បង្គោល និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការផងដែរ។

ប្រធានស្នាក់ការ នៃការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លោក សឿន តូ ស្នើឱ្យវីអូឌីដាក់លិខិតទៅមន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន ដើម្បីលោកអាចឆ្លើយតបបន្ថែមជុំវិញរឿងនេះ។

មេភូមិសែនជ័យ លោក ផាន ផល អះអាងថា នៅភូមិសែនជ័យមានពលរដ្ឋប្រហែល៤០គ្រួសារប៉ុណ្ណោះកំពុងមានជម្លោះដីធ្លីជាមួយសហគមន៍។ លោកថា ពលរដ្ឋបានចូលទៅអាស្រ័យលើដីសហគមន៍ដោយខុសច្បាប់ ខណៈសហគមន៍នេះបានបង្កើតឡើងតាំងពីមុនឆ្នាំ២០០០ម៉្លេះ។ យ៉ាងណាលោកទទួលស្គាល់ថា ពលរដ្ឋមួយចំនួនពិតជាបានចូលទៅអាស្រ័យផលលើដីកំពុងមានជម្លោះនោះតាំងពីអំឡុងឆ្នាំ២០០០មែន។

មេភូមិរូបនេះបន្តថា គណៈកម្មការសហគមន៍ជប់សោម មានពលរដ្ឋ១២នាក់ចូលរួមជាសមាជិក ក្រៅពីនោះជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ។

លោកបន្ថែមថា៖ «បងចង់ដឹងថាមូលហេតុអីបានជាប្រជាជនមួយចំនួនគាត់ធ្វើអត់បាន មកពីប្រជាជនគាត់ទុកដីចោល ឈើព្រៃដុះឡើងវិញ គាត់រវល់ទៅណា ក្រោយមកគាត់ចូលទៅអាស្រ័យផលវិញ ស្របពេលព្រៃឈើវាដុះច្រើន ដល់សហគមន៍ បរិស្ថានគេមិនការពារព្រៃឈើ! ព្រោះប្រជាជនយើងចូលទៅអាស្រ័យផលហ្នឹង គឺនៅក្នុងដីសហគមន៍ ដោយសារគាត់អត់ដឹងថា ព្រៃនេះគេចូលជាសហគមន៍តាំងពីសម្តេចសីហនុនៅរស់ម្ល៉េះ»

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ប្រជាពលរដ្ឋ​ដែល​មានដីនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចោទអាជ្ញាធរមូលដ្ឋានថា បានគប់គិតគ្នាបង្កើតសហគមន៍ចង់យក​ដីធ្លីពួក​គេ។ ពលរដ្ឋលើកឡើងថា ថ្នាក់ដឹកនាំគណៈកម្មការសហគមន៍ភាគច្រើនគឺជាអាជ្ញាធរ និងពុំមានការចូលរួមនិងគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ