ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្តព្រះវិហារ ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​បំពាន​យក​ដី​របស់​ពួកគេ

ពលរដ្ឋជាច្រើនរូបតំណាងឱ្យពលរដ្ឋ​ជាង​១០០គ្រួសារ ឈរតវ៉ានៅមុខស្នាក់ការសហគមន៍ព្រៃឈើ «ព្រៃពោធិ៍មែកបួន» ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដោយចោទ​ក្រុមហ៊ុន «ខេមបូឌា ប៊្លូ ហេ​វិន លីមីធីត» ថាកំពុងដាក់គ្រឿងចក្រឈូស​ឆាយ​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់។ (ផ្ដល់ឱ្យ)​

ពលរដ្ឋ​ជាង​១០០គ្រួសារ នៅស្រុក​គូលែន ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុនឯកជនមួយថាកំពុងដាក់គ្រឿងចក្រឈូស​ឆាយ​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​កាន់​កាប់និងអាស្រ័យផលជាង២០ឆ្នាំ។

លោក ឡេង ពីន អាយុ៤២ឆ្នាំ រស់នៅភូមិព្យួរ​ជ្រូក ឃុំគូលែន ស្រុកគូលែន​ ប្រាប់វីអូឌី​នៅថ្ងៃចន្ទនេះ​ថា ពលរដ្ឋប្រមាណ១៣០​គ្រួសារ នៅឃុំគូលែន មានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយ​ក្រុមហ៊ុន «ខេមបូឌា ប៊្លូ ហេ​វិន លីមីធីត» តាំងពីឆ្នាំ២០១៣ រហូត​មកដល់​បច្ចុប្បន្ន ក្រោយក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកាលពីឆ្នាំ២០១២។

ពលរដ្ឋរូបនេះអះអាងថា ពួក​គាត់​មានដីចន្លោះ​ពី​៣ទៅ​៥​ហិកតា​ក្នុង​មួយ​គ្រួសារ ដោយបានចូលអាស្រ័យផលធ្វើស្រែនិងដាំដំណាំដំឡូងមី​តាំង​ពី​ឆ្នាំ​២០០០ មុន​ក្រុមហ៊ុន​ចូល​មក​វិនិយោគ។ លោកថា កាល​ពីចុងខែ​មុន​នេះ ក្រុមហ៊ុនបានដាក់គ្រឿងចក្រ​ឈូសឆាយ​ព្រំ​ដីនិងក្បាលដីប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានអ្នកភូមិនាំគ្នាតវ៉ាប្រឆាំង ដើម្បីស្វែងរកការដោះស្រាយ​ពីអាជ្ញាធរ​ពាក់ព័ន្ធ។

លោកបន្ថែមថា៖ «ខ្ញុំសុំសំណូម​ពរ​ដល់​អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល​​ចុះដោះស្រាយជូនពលរដ្ឋ កាត់ឆ្វៀលដីឱ្យ​ដាច់​​ចេញ​ពី​ដី​ក្រុម​ហ៊ុន វាស់​វែង និង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ កុំឱ្យក្រុមហ៊ុនគំរាមកំហែងលើពលរដ្ឋទៀត។ កន្លងមក ក្រុមហ៊ុនតែងតែគំរាមកំហែងវាយខ្នោះនិង​ប្ដឹងពលរដ្ឋដាក់គុក»

លោក ផេង ផល ជាប្រជា​ពលរដ្ឋរស់នៅ​ឃុំគូលែន​ម្នាក់ទៀតដែល​មាន​ដី​៥​ហិកតា និយាយ​ថា ក្រុមហ៊ុន​មិនត្រឹមតែឈូសឆាយ​ដី​បំពាន​លើដីពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានប្តឹងតំណាងពលរដ្ឋ១០នាក់ទៅអាជ្ញាធរឃុំ ទាមទារសំណងក្នុង​​​ម្នាក់១ ៥០០ដុល្លារ ទាំង​អយុត្តិធម៌ថែមទៀត។

ពលរដ្ឋរូបនេះបន្តថា ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ភាគច្រើនជាពលរដ្ឋក្រីក្រ និង​មាន​មុខរបរធ្វើស្រែចម្ការ។ លោក​ថា ប្រសិនបើ​ក្រុមហ៊ុនរំលោភយកដីធ្លីអស់ អ្នកភូមិ​នឹង​ជួប​ការលំបាកក្នុងជីវភាពគ្រួសារ ដោយសារគ្មានដីធ្លីសម្រាប់​បង្ក​បង្កើន​ផល។

លោក ផេង ផល ឱ្យដឹង​ទៀត​ថា កន្លងមក អាជ្ញាធរមូលដ្ឋានតែងតែសន្យាជួយដោះស្រាយជម្លោះដីធ្លីរវាងពលរដ្ឋនិង​ក្រុម​ហ៊ុន​​ដែរ នៅពេលមានការ​បោះឆ្នោត​ម្តងៗ ប៉ុន្តែ​ក្រោយ​បោះឆ្នោតរួច អាជ្ញាធរមិនដែលអនុវត្តបាន​ឡើយ ហើយ​តែង​តែនិយាយ​ការ​ពារ​ក្រុម​ហ៊ុន​ទៅ​វិញ។

លោកបន្ថែមថា៖ «អាជ្ញាធរ​កាល​ពី​មុនបោះ​ឆ្នោត​ គាត់​សន្យា​ថាចាំបោះ​ឆ្នោត​រួច គាត់នឹងដោះស្រាយឱ្យ ប៉ុន្តែរយៈកាលកន្លងមក ការសន្យានេះ វាហាក់បីដូចជាមិនមានលទ្ធផលអី ហើយបងប្អូនប្រជាពលរដ្ឋចេះតែចាំមើល»

វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងក្រុមហ៊ុន «ខេមបូឌា ប៊្លូ ហេវិន» បានទេពាក់ព័ន្ធការចោទប្រកាន់នេះ ខណៈមេឃុំគូលែន​ លោក លាម សាងីម និងមេភូមិព្យួរជ្រូក លោក ឃាន រ៉ុម មិនទទួលទូរសព្ទ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រាប់វីអូឌីថា លោកមិនទាន់ទទួលបានព័ត៌មានជុំវិញជម្លោះដីធ្លីទេ ប៉ុន្តែលោកថានឹងឱ្យមន្ត្រីចុះពិនិត្យមើលករណីនេះ។

មន្រ្តី​សម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ជម្លោះដីធ្លីរវាង​ពលរដ្ឋ និងក្រុមហ៊ុន ខេមបូឌា ប៊្លូ ហេវិន បានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយ​អាជ្ញាធរពាក់ព័ន្ធមិនបាន​យកចិត្តទុកដាក់ដោះស្រាយ​បញ្ចប់​នោះទេ។ លោក​ថា ការដោះស្រាយកន្លងមក អាជ្ញាធរហាក់មានភាពលម្អៀង ឬការពារផលប្រយោជន៍ក្រុម​ហ៊ុន​ជាងការពារផលប្រយោជន៍ប្រជាពលរដ្ឋរងគ្រោះ ដោយលោកបានដាក់ការសង្ស័យថា អាជ្ញាធរអាចទទួលបានផល​ប្រយោជន៍ណាមួយពីក្រុមហ៊ុន។

មន្ត្រីសិទ្ធិមនុស្សរូបនេះ​បន្តថា ករណីអាជ្ញាធរមិនយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋនេះ នឹងធ្វើឱ្យពលរដ្ឋបន្តរងទុក្ខលំបាក និងរងការគំរាមកំហែង។

លោកបន្ថែមថា៖ «កន្លងមក យើងឃើញក្រុមហ៊ុន ​ប៊្លូ ហេវិន បានធ្វើឱ្យប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋនិងព្រៃឈើនៅតំបន់ព្យួរជ្រុកហ្នឹង ​ដល់ពេលប្រជាពលរដ្ឋនាំ​គ្នាតវ៉ា ក៏ត្រូវបានខាងក្រុមហ៊ុននិងអាជ្ញាធរធ្វើការរារាំងនិងគំរាមកំហែងប្រជាពល​រដ្ឋ​ដែរ។ នេះគ្រាន់តែជាការវិភាគរបស់ខ្ញុំទេ ខ្ញុំអត់ភស្តុ​តាង​ទេ ប្រសិនជាអាជ្ញាធរគាត់អត់មានប្រយោជន៍ពីក្រុមហ៊ុន ហើយហេតុអី​គាត់កាន់ជើងក្រុមហ៊ុន?»

បើតាម​លោក ឡោ ចាន់ កន្លងមក ក្រុមហ៊ុន​ «ខេមបូឌា ប៊្លូ ហេវិន» ក៏សកម្មក្នុងការកាប់និងដឹកឈើចេញពីតំបន់កំពុង​មានជម្លោះ​នោះ​ដែរ ហើយប្រជាពលរដ្ឋតែងតែតវ៉ាប្រឆាំងករណីនេះ។

បើតាម​អនុក្រឹត្យ​​​កាលពីឆ្នាំ២០១២ ក្រុមហ៊ុន​ «ខេមបូឌា ប៊្លូ ហេវិន លីមីធីត» ទទួល​បាន​ដី​សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលលើដីទំហំ៩ ១៩២​ហិកតា ដើម្បីធ្វើការវិនិយោគ ស្ថិតនៅឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ប៉ុន្តែអ្នកភូមិអះអាងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់អភិវឌ្ឍ​អ្វីមួយ​​នៅឡើយ​​ទេ ក្រៅតែពីការ​ដាំស្លឹកគ្រៃ និងឈូសឆាយដីព្រៃទុកចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ