បេក្ខភាពមេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយពីឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមួយយប់។
សមត្ថកិច្ចខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានចាប់និងបញ្ជូនលោក ញឹម សារ៉ុម ទៅឃុំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដោយថា ការចាប់ឃុំខ្លួននេះធ្វើតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ។
អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង ប្រាប់វីអូឌីនៅល្ងាចថ្ងៃពុធនេះថា លោក ញឹម សារ៉ុម ពិតជាត្រូវបានសមត្ថកិច្ចដោះលែងវិញប្រាកដមែន។
ក្នុងដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វណ្ណៈ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ញឹម សារ៉ុម តាមបទចោទប្រកាន់«ប្លន់»ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។ ករណីនេះ ប្រធានពន្ធនាគារខេត្តកំពង់ធំ ត្រូវទទួលយកលោក ញឹម សារ៉ុម រហូតដល់បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
បើតាមអនុប្រធានក្រុមការងារមកពីគណបក្សភ្លើងទៀនខេត្តកំពង់ធំ លោក ឆាយ ចែង ឱ្យដឹងថា នៅឆ្នាំ២០១២ លោក ញឹម សារ៉ុម បានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំមកពីគណបក្ស សម រង្ស៊ី ហើយឆ្នាំ២០១៧ លោកជាប់ជាជំទប់ទី១ មកពីគណបក្សសង្គ្រោះជាតិ ខណៈឆ្នាំ២០២២ លោកគឺជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕