សហភាពសហជីពកម្ពុជា ស្នើរដ្ឋាភិបាលចាត់វិធានការលើតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់

តម្លៃប្រេងឥន្ធនៈបង្ហាញលើតារាងតម្លៃសាំងនៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហភាពសហជីពកម្ពុជា ស្នើឱ្យរដ្ឋាភិបាល​ចាត់វិធានការ​តាមរយៈការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូលប្រេង​ឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកា​ ដើម្បីទប់ស្កាត់កុំឱ្យតម្លៃប្រេងបន្ដហក់ឡើងថែមទៀត។​

នៅក្នុង​សេចក្ដីថ្លែងការណ៍មួយរបស់​សហភាពសហជីពកម្ពុជា ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានលើកឡើងថា បច្ចុប្បន្ន​នេះ តម្លៃប្រេងឥន្ធនៈមានការហក់ឡើងខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋ​ភាគច្រើន​មានការប្រឈម និង​ទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលហាក់​មិនបានខ្វល់អំពីតម្លៃប្រេងឥន្ធនៈនេះឡើយ។

សហភាពសហជីពកម្ពុជា បានបន្តថា តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើងខ្ពស់ នាំ​ឱ្យ​តម្លៃទំនិញគ្រប់មុខលើទីផ្សារក៏ហក់ឡើងខ្ពស់ដែរ​ ដែលធ្វើឱ្យប្រជាពលរដ្ឋដែល​មានប្រាក់ចំណូលទាប និងមធ្យម ​ដូចជា មន្រ្ដីរាជការ អាជីវករ កម្មករ អ្នកលក់ដូរមិនរៀបរយ និងកសិករ ជាដើម ទទួលរង​ផល​ប៉ះពាល់ធ្ងន់​ធ្ងរ​​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ថា៖ «ចំពោះបញ្ហា​តម្លៃ​ប្រេង​​ឥន្ធនៈ​​ដែល​​មាន​​តម្លៃ​ហក់​​ឡើង​​ខ្ពស់​នេះ ​បណ្ដាលមកពីសង្គ្រាមអ៊ុយក្រែនយ៉ាងណាក៏ដោយ រដ្ឋាភិបាលត្រូវចាត់វិធាន​ការបញ្ចុះតម្លៃនៃការនាំប្រេងចូល និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់តម្លៃប្រេងឥន្ធនៈឱ្យមានតម្លៃស​ម​រម្យ មិនត្រូវទុកឱ្យតម្លៃប្រេងបន្ដហក់ឡើងតទៅទៀតទេ»។

ករណីនេះ សហភាពសហជីពកម្ពុជា ស្នើដល់រដ្ឋាភិបាលកាត់​បន្ថយពន្ធលើការនាំចូលប្រេងឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីទប់ស្កាត់និងបញ្ចុះតម្លៃប្រេងឥន្ធនៈ​ត្រឹម​តម្លៃមួយសមរម្យ ក្នុងការសម្រួលដល់ការប្រើប្រាស់ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២២ ស្ដីពី ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅតាមស្ថានីយ បាន​ឱ្យដឹង​ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនានេះ តម្លៃលក់រាយប្រេងឥន្ធនៈ ត្រូវបានកំណត់ ៥ ៨០០រៀលក្នុង១លីត្រ សម្រាប់​សាំងធម្មតា និង ៦ ៣០០រៀល​ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ បើធៀបនឹងតម្លៃលក់រាយប្រេងឥន្ធនៈកាលពី១០ថ្ងៃមុន ប្រេងសាំងធម្មតាមានតម្លៃថេរ ខណៈតម្លៃប្រេងម៉ាស៊ូត បានកើនឡើងចំនួន​២០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ