បទយកការណ៍​៖​ ​​កសិករ​​ខេត្ត​បន្ទាយមានជ័យ​ត្អូញ​ត្អែរ​ពី​តម្លៃ​ស្រូវ​​ធ្លាក់​ចុះ​ ខណៈ​តម្លៃ​ ​ជី​ ​សាំង​ ​ឡើង​ខ្ពស់​ ​

លោក ហម អៀង ប្រជាកសិកររស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងអង្គុយលើបេឬប៉ាវស្រូវ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ រៀបរាប់ពីការប្រមូលផលស្រូវប្រាំងនិងតម្លៃស្រូវឆ្នាំនេះ។ (ពក ខឺយ)

«ប៉ុន្តែខ្ញុំឆ្ងល់ជាធម្មតារៀងរាល់ឆ្នាំឱ្យតែដល់សម្បូរ[ស្រូវ] គឺតម្លៃស្រូវចុះ យើងមិនចង់និយាយថាអាគេថ្នាក់លើឈ្មួញធំគេគិតយ៉ាងម៉េចទេណា៎! ប៉ុន្តែឱ្យតែដល់ស្រូវដំបូងបានថ្លៃ តែឱ្យតែស្រូវទំពេញវាលស្រូវគឺដឹងតែចុះជារៀងរាល់ឆ្នាំ»។

នេះគឺជាសំដីបុរសម្នាក់​រស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងបង្ហាញទឹកមុខក្រៀមក្រំ ដោយលើកឡើងថា ​ឆ្នាំនេះការប្រមូលផលស្រូវប្រាំងបានតិចតួចបំផុត បើប្រៀបទៅនឹងឆ្នាំមុនៗ ហើយតម្លៃក៏ថោក រីឯតម្លៃ ជី ប្រេង សាំង ថ្នាំកសិកម្ម បែបជាឡើងខ្ពស់ទៅវិញ។

កំពុងអង្គុយនៅលើគោយន្តដឹកស្រូវដោយសម្លៀកពាក់អាវក្រហម និងខោ​ចាស់ក្នុងវាលស្រែដែលមើលទៅដាច់កន្ទុយភ្នែកផងនោះ ​លោក ហម អៀង បានរៀបរាប់​ថា ស្រូវប្រាំងឆ្នាំនេះមិនខុសពីឆ្នាំមុននោះទេ ឱ្យតែដល់រដូវប្រមូលផល​ ​ដឹង​តែធ្លាក់ថ្លៃតែម្តង។ លោកបន្តថា ធ្វើស្រែប៉ុន្មានឆ្នាំនេះតាំងពីមានជំងឺកូវីដ-១៩មក មិនដែលបានចំណេញអ្វីទេ ត្បិតតម្លៃប្រេង​ សាំង ជី ចេះតែឡើងថ្លៃខ្ពស់រហូត​។

លោកថា៖«សម្រាប់ផលដែលបានឆ្នាំនេះ ពាក់ព័ន្ធនឹងរឿងប្រេង សាំងឡើងថ្លៃ ព្រោះធម្មតាយើងធ្វើស្រែប្រាំងយើងត្រូវបូមទឹក ហើយជីវាថ្លៃឡើងមួយជាពីរឬជាបីវាអត់ចំណេញប៉ុន្មានទេ»។

បុរសវ័យ ៥៤ ឆ្នាំរូបនេះបានឱ្យដឹងទៀតថា ឆ្នាំនេះលោកធ្វើស្រែប្រមាណ៥ហិកតាដែរ ដោយ​ ក្នុងមួយហិកតាត្រូវចំណាយពូជស្រូវពីរបេឬពីរការ៉ុង ហើយបើគិតជាលុយប្រហែលជាង ១លានរៀល​។ លោកបន្តថា ប្រជាកសិករភាគច្រើនត្អួញត្អែរគ្រប់គ្នាអំពីតម្លៃជីឡើងថ្លៃរហូតដោយមួយបេ ឬមួយការ៉ុង តម្លៃប្រមាណ២០ម៉ឺនរៀល បើធៀបនឹងឆ្នាំមុនៗមានតម្លៃប្រមាណ១០ម៉ឺនតែប៉ុណ្ណោះ។

ដោយឡែកលោកថា តម្លៃស្រូវវិញ ឆ្នាំនេះមួយតោនបានតម្លៃ ៨០ម៉ឺនរៀលតែប៉ុណ្ណោះ ខណៈកាលពីឆ្នាំមុនស្រូវមួយតោនលក់បានប្រមាណ ១លានរៀលដែរ។

លោកនិយាយថា៖«ឆ្នាំនេះអត់ទេ មិនមានសល់ទេគ្រាន់តែបានមួយរស់ប៉ុណ្ណឹងឯង អត់មានសល់ដូចមុនទេ ព្រោះយើងពាក់ព័ន្ធនឹងបញ្ហាជីថ្លៃ និងប្រេង [ថ្លៃ]។ យើងជាប្រជាកសិករ យើងមិនអាចទៅធ្វើអីក្រៅពីធ្វើស្រែនេះបានទេគ្រាន់តែប៉ុណ្ណឹងគឺថានៅតែធ្វើដដែល ប៉ុន្តែគ្រាន់តែយើងបានតិច ឬច្រើនបើកើតទៅបានគ្រាន់បើ»។

ស្រដៀងគ្នាដែរ កសិកររស់នៅភូមិព្រះស្រែម្នាក់ទៀត ដែលកំពុងអង្គុយនៅលើម៉ូតូជាមួយចៅផងនោះ អ្នកស្រី អ៊ុម គឹមជួន មានប្រសាសន៍ថា ស្រូវប្រាំងនៅតំបន់ដែលគាត់រស់នៅ គេចាប់ផ្តើមធ្វើពីខែឧសភា ដល់ខែកញ្ញា ពោលគឺរយៈពេល ៥ខែទើបប្រមូលផលម្តង ហើយក្នុងមួយឆ្នាំអាចធ្វើបានពីរដង។

អ្នកស្រីបន្តថា ឆ្នាំនេះមិនសូវខុសពីឆ្នាំមុនៗប៉ុន្មានទេ ប្រជាកសិករតែងតែជួបការលំបាកខ្លាំង ជាពិសេសរឿងជី ប្រេង ថ្នាំកសិកម្មឡើងថ្លៃខ្ពស់ ហើយវាស្ទើរតែក្លាយជាជំងឺរ៉ាំរៃរបស់កសិករទៅហើយ។

អ្នកស្រីនិយាយថា៖ «ជួបការលំបាកណាស់អូនអើយ ភ្លៀងច្រើនចេះផងធ្វើយ៉ាប់ អាណាជី អាណាថ្លៃថ្នាំ ថ្លៃអីផង កណ្តុរក្តាមកាត់អីឡើងទំរាំតែបានផល មិនបានប៉ុន្មានទេ បានតែមួយហូបៗ ហើយបើមិនគ្រប់ក៏ទិញគេថែមនោះឯង»។

​អ្នកស្រី អ៊ុម គឹមជួន ​បញ្ជាក់ថា គាត់មានដីស្រែពីររ៉ៃដែរ ​ហើយជារៀងរាល់ឆ្នាំដីពីររ៉ៃនេះ អាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន ប្រសិ​​នបើ ជី ប្រេង ថ្នាំ មិនឡើងថ្លៃខ្លាំងដូចបច្ចុប្បន្ន។

លោកស្រីថា៖«ប្រសិនបើ​ប្រេង ម៉ាស៊ីនច្រូតបានចុះថោកទៅ វាធូរគ្រាន់ អាចបានមួយរស់ៗទៅណា ពលរដ្ឋខ្មែរយើង […] តិចតួចគ្រាន់ធ្វើមួយហូបៗ ខ្ញុំតិចដែរបានពីររ៉ៃហ្នឹងឯង»។

មិនខុសគ្នានេះ ​​កសិករស់នៅភូមិព្រះស្រែមួយរូបទៀត​ លោក វ៉ែន វណ្ណា ​ដែលកំពុងឈរលើភ្លឺស្រែនិយាយទាំងទឹកមុខក្រៀមក្រំថា បញ្ហាស្រូវថោក ហើយជី ថ្នាំ ប្រេង ឡើងថ្លៃនេះមិនដឹងត្រូវរកដំណោះស្រាយយ៉ាងណាទេ​។ លោកបន្តថា មួយឆ្នាំៗ លោកចំណាយសព្វគ្រប់បែបយ៉ាងមិនថា ​ ព្រោះតែ​ចង់បានផល និងមិនចង់ទុកដីទំនេរចោល។

លោកថា៖«ប្អូនឯងគិតមើលថ្លៃភ្ជួរដីប្រេងម៉ាស៊ូតថ្លៃ វៃដី[ភ្ជួរស្រែ] ថ្លៃភ្ជួរឥឡូវ ១ ៥០០បាត ហើយម៉ាស៊ូតក្នុងមួយហិកតាយ៉ាងហោចណាស់ក៏បីធុង[ប៊ីដុង] គិតមើលម៉ាស៊ូតឥឡូវឡើង ១ ៧០០លុយបាត សង្ឃឹមអ្វី»។

លោក វ៉ែន វណ្ណា ហៅពូម៉ាប់ ប្រជាកសិកររស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រៀបរាប់ប្រាប់វីអូឌីកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ពីបញ្ហាស្រូវថោក ខណៈជី ប្រេង ថ្នាំកសិកម្មឡើងថ្លៃខ្ពស់។ (ពក ខឺយ)

លោក វ៉ែន វណ្ណា ហៅពូម៉ាប់ ​អំពាវនាវដល់​រាជរដ្ឋាភិបាលជួយបញ្ចុះតម្លៃ ជី ប្រេង ថ្នាំឱ្យចុះថោកជាងពេលបច្ចុប្បន្ន ដើម្បី​សម្រួលដល់ជីវភាពប្រជាកសិករ​។

លោកថា៖«មានតែយើងបានផលលក់ឱ្យបានថ្លៃជាងនេះទៅយើងក៏បានថា ឱ្យវាទំនិញដូចជី ដូចថ្នាំចុះថោកតិចទៅណា យើងអាចទូទាត់បានដូចរាល់ឆ្នាំចឹងទៅ ព្រោះឆ្នាំឃើញឡើងទាំងអស់ ដូចថ្នាំបាញ់វាធ្លាប់តែមួយដបមួយម៉ឺន ឥឡូវឡើងពីរម៉ឺនប្រាំ អ្វីៗក៏ឡើងទាំងអស់ឆ្នាំនេះ»។

ពាក់ព័ន្ធ​បញ្ហានេះដែរ មេភូមិព្រះស្រែ ​ លោក ទាវ ប៊ុនរឿង បានឱ្យដឹងថា ប្រជាកសិករធ្វើស្រែប្រាំងនៅក្នុងភូមិរបស់លោកមានសរុបជាង ១២០គ្រួសារ។ លោកបន្តថា បញ្ហាលើកឡើងរបស់កសិកររឿងជី ប្រេងសាំងឡើងថ្លៃនៅក្នុងភូមិលោក លោកធ្លាប់បានយកកង្វល់ទាំងនេះដាក់ស្នើទៅឃុំ ស្រុក ខេត្ត ជាច្រើនដងដែរ ប៉ុន្តែ​គ្មានដំណោះស្រាយ​ឡើយ។

លោកបន្តថា៖«គ្មាននរណាដោះស្រាយចេញបើជីវាថ្លៃ ហើយជីវាថ្លៃច្រូតទៅវាអត់សូវបានផល ស្រូវដាក់ផ្លែតិចផង ពេលច្រូតទៅវាអត់រួចខ្លួន ថ្លៃជី ថ្លៃត្រាក់ទ័រក៏ថ្លៃ ប្រេងក៏ថ្លៃ អ្វីក៏ថ្លៃ ហើយលក់[ស្រូវ]ទៅមិនបានថ្លៃផង ផលក៏បានតិចទៀត»។

លោកមេភូមិរូបនេះ បានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះប្រជាកសិករភាគច្រើនកំពុងជួបបញ្ហាជំពាក់បំណុលធនាគារ​ ដោយសារការប្រមូលផលស្រូវមិនបានគ្រប់គ្រាន់និងមានតម្លៃថោក។

លោកបន្តថា ប្រសិនបើបញ្ហានេះនៅតែបន្តកើតមាននិងមិន​មានដំណោះស្រាយ​ទេ ពលរដ្ឋខ្លះអាចនឹងលក់ផ្ទះ ឬចំណាកស្រុកទៅក្រៅប្រទេសដើម្បីរកប្រាក់សងបំណុលធនាគារ។

លោកថា៖«អ្នកខ្លះលក់ស្រែ លក់ចម្ការ អ្នកណាទៅលក់ផ្ទះលក់សម្បែង ឥឡូវរត់អស់ហើយ[ចំណាកស្រុក] បើរកមិនបានមានតែតាមដំណើរ. បើបញ្ហានេះមិនដោះស្រាយ ហើយមិនដឹងគាត់ដោះយ៉ាងម៉េចរឿងជីថ្លៃ ឥឡូវប្រេងក៏ថ្លៃ ខ្ញុំថ្នាក់មូលដ្ឋានម៉េចដឹង»។

ចំណែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ លោកប៉ាង សុវណ្ណាសេដ្ឋ ​មានប្រសាសន៍យ៉ាងខ្លីថា ទីផ្សារប្រេងសាំងនៅលើពិភពលោកថ្លៃទាំងអស់​ មិនមែនឡើងថ្លៃនៅតែប្រទេសកម្ពុជានោះទេ។ លោកបន្តថា ប្រសិនបើស្រូវចុះថោកមែននោះកសិករទុកចោលមិនខាន។

លោកនិយាយថា៖«បើថោកធ្វើមិនចំណេញគេមិនធ្វើតទៅទៀតទេ គេឈប់ គេទុកចោលហើយ។ […] គាត់នៅតែចំណេញចឹង បើគ្រាន់តែវា អ្វីដែលគាត់ធ្វើបានផលច្រើនគ្រប់គ្រាន់ អាកាសធាតុល្អសមរម្យគាត់នៅតែចំណេញនឹងឯង»។

មន្ត្រី​សម្របសម្រួល​សមាគមការពារសិទ្ធិមនុស្សអាដហុក ​(Adhoc) ប្រចាំនៅខេត្តបន្ទាយមានជ័យ​​ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា រដ្ឋចាំបាច់ណាស់ត្រូវគិតគួរនិងយកចិត្តទុកដាក់បម្រើរាស្រ្ត។ លើសពីនេះ ត្រូវជួយរកទីផ្សារលក់ផលិតផលជូន​ប្រជាពលរដ្ឋ ជាពិសេសការទទួចស្នើរបស់​ពលរដ្ឋជុំវិញការបញ្ចុះតម្លៃ ជី ប្រេងសាំង ថ្នាំកសិកម្មជាដើមនេះ។ ​

លោកមានប្រសាសន៍ថា៖«រដ្ឋត្រូវតែពិនិត្យមើលថាជីឡើងថ្លៃ ប្រេងឡើងថ្លៃចឹង តើតួនាទីរបស់រដ្ឋត្រូវជួយដល់ប្រជាពលរដ្ឋយ៉ាងម៉េច ត្រូវធ្វើយ៉ាងម៉េច ថាបើជីឡើងថ្លៃចឹង។ យើងឃើញថា តើយកអាជីហ្នឹងមកធ្វើជាជំងឺសម្រាប់ខ្លួនមិនអាចដោះស្រាយ ឬមួយក៏ទុកចោលចឹង ហើយនិយាយចឹងដើម្បីឱ្យរួចខ្លួន។ អ៊ីចឹងយើងថា តួនាទីនិងកាតព្វកិច្ចរបស់រដ្ឋនឹងថាតើនៅតែធ្វើចឹង នៅតែឆ្លើយដោះសារឱ្យរួចខ្លួនចឹងដដែល ឬមួយត្រូវតែអនុវត្តន៍»។

​រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ មាត្រា ដដែលថា រាល់ការស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវទទួលបាន​ការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ឬរដ្ឋាភិបាល។

ចំណែកមាត្រា ៦២វិញចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផលជូនពលរដ្ឋផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ