អភិបាលខេត្ត​បន្ទាយមានជ័យ​ស្ដីបន្ទោស​អភិបាលស្រុក​រឿង​ប្រមូល​ឈ្មោះ​ពលរដ្ឋ​ចូលរួម​ពិធី​លែងកូនត្រី​របស់​នាយករដ្ឋមន្រ្តី

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថ្លែងក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូនប្រជាពលរដ្ឋ នៅភូមិ​១​សង្កាត់​ ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​ នាថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

យោងតាមវីដេអូមួយដែលត្រូវបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់មន្រ្តីសមាគមអាដហុកមួយរូប បានបង្ហាញឱ្យឃើញពីសកម្មភាពរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដែលបានស្តីបន្ទោសខ្លាំងៗលើអភិបាលស្រុក​ភ្នំស្រុក លោក ជូ បុត្រ ទាក់ទងនឹងការរៀបចំបញ្ជីឈ្មោះពលរដ្ឋមិនគ្រប់គ្រាន់ដើម្បីចូលរួមពិធីមួយដែលនឹងត្រូវចូលរួមដោយលោកនាយករដ្ឋមន្ត្រីនៅក្នុងសប្ដាហ៍នេះ។

អភិបាល​ខេត្តខាងលើនេះមានការ​ខឹង​សម្បាយ៉ាងខ្លាំង​ចំពោះ​ការបំពេញការងារមិនល្អរបស់លោក ជូ បុត្រ ក្នុង​ការ​រៀបចំបញ្ជីឈ្មោះពលរដ្ឋក្នុងស្រុករបស់ខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បី​ចូលរួមក្នុងពិធីលែងកូនត្រីដែលនឹងត្រូវធ្វើឡើងនៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ខាងមុខនេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

វីដេអូដដែលនេះបានបង្ហាញឱ្យឃើញទៀតថា លោក អ៊ុំ រាត្រី ហាក់ដូចជាមានការខឹងសម្បាចំពោះបញ្ជីឈ្មោះនៃចំនួនពលរដ្ឋដែលអភិបាលស្រុក​ភ្នំស្រុកបានដាក់ជូន ក៏ដូចជាភាពមិនច្បាស់លាស់របស់អភិបាលស្រុករូបនេះជុំវិញចំនួនអ្នកចូលរួមក្នុងពិធីនេះផងដែរ។

ថ្លែងបន្ទាប់ពីពិនិត្យតួលេខពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុក​ភ្នំស្រុក ដែលនឹងត្រូវចូលរួម លោក អ៊ុំ រាត្រី បានប្រើពាក្យសម្ដីខ្លាំងៗទៅកាន់លោក ជូ បុត្រ ថា៖ «ខ្ញុំធ្លាប់បានប្រាប់លោកពីតួលេខនេះយ៉ាងច្បាស់ ហេតុអ្វីបានលោកស្ដាប់មិនបាន»។

នៅចុងបញ្ចប់នៃវីដេអូដែលមានរយៈពេលខ្លីនេះ គេសង្កេតឃើញថា លោក ជូ បុត្រ បានដើរចេញពីទីតាំងដោយឱនក្បាលចុះក្រោម។

ទាក់ទិននឹងករណីនេះ វីអូឌីមិន​អាចធ្វើការ​ទាក់​ទងទៅកាន់​លោក អ៊ុំ រាត្រី និងលោក ជូ បុត្រ ដើម្បីសុំការអធិប្បាយបន្ថែមបាន​ទេ ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញនេះ។

ទោះជាយ៉ាងណា មេឃុំស្រះជីក លោក ជូប ថាន ដែលបានចូលរួមក្នុងហេតុការណ៍នេះ បានបញ្ជាក់ថា ករណីស្ដីបន្ទោសនេះពិតជាបានកើតឡើងមែនកាលពីថ្ងៃអាទិត្យ។

លោក​ថា កិច្ច​ប្រជុំខាងលើ​នេះ​ត្រូវ​បាន​រៀបចំ​ឡើងក្នុងគោលបំណង​​ពិភាក្សា​អំពី​ការរៀបចំពិធីលែងកូនត្រី​ទៅ​ក្នុង​អាង​ស្តុក​ទឹកមួយ ​ដែលនឹងត្រូវធ្វើឡើងនៅ​ថ្ងៃ​សុក្រនេះ។

ទាក់ទិននឹងសំណួរថាតើមានករណី​ឈ្លោះ​ប្រកែក​គ្នាឬយ៉ាងណានោះ មេឃុំខាងលើនេះហាក់ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពីករណីនេះ។

លោកថា៖ «វាមិនមែនជារឿងចម្លែកនោះទេ សម្រាប់មន្រ្តីថ្នាក់ធំ [ក្នុងករណីស្ដីបន្ទោសនេះ]។ រាល់ពេលដែល​យើង​ធ្វើ​អ្វី​មួយ​​មាន​កំហុស វាតែងតែមាន​ការស្ដី​បន្ទោស​តិចតួចហើយ។​ វា​ជា​រឿង​ធម្មតានោះទេ»។

លោក​​បន្ថែម​ថា​៖ «​នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​ដាក់ការងារឱ្យ​យើងបំពេញ គឺ​យើងត្រូវតែ​ខិតខំ​ប្រឹងប្រឹងអនុវត្ត​គោលនយោបាយនិង​គោលការណ៍​ទាំងនោះ»​។

ជាមួយគ្នានេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា ដែលជាអ្នកបង្ហោះវីដេអូខាងលើនេះ បានលើកឡើងថា អភិបាល​ខេត្ត​គួរ​តែ​ធ្វើ​ជា​គំរូ​ដល់​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត ខណៈលោកសុំមិន​ធ្វើការ​អត្ថាធិប្បាយ​ទាក់ទងនឹង​អាកប្បកិរិយា​របស់​លោក អ៊ុំ រាត្រី ឡើយ។

លោកថា៖ «[យើង] មិនចង់ធ្វើការអត្ថាធិប្បាយលើរឿងនេះទេ ប៉ុន្តែយើងចង់និយាយថា ថ្នាក់ដឹកនាំគំរូល្អមួយគឺជាបុគ្គលដែលមានសីលធម៌ខ្ពស់ ដែលគួរតែធ្វើឱ្យអ្នកដទៃអនុវត្តតាមពួកគេ ហើយធ្វើតែអំពើល្អ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Banteay Meanchey Governor Lambasts Local Official Over Fish Event

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ