សមាគម​មួយ​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ដែល​កំពុង​ហក់​ឡើង​ខ្ពស់

បុរសម្នាក់បណ្ដើរម៉ូតូនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ស្នើដល់រដ្ឋាភិបាលអនុគ្រោះពន្ធលើការ​​នាំចូលប្រេង​ឥន្ធនៈមកកម្ពុជា និង​ទប់​ស្កាត់ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ដើម្បីធានាពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុង​​សេចក្ដីថ្លែងការណ៍មួយ​របស់​​សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បាន​លើកឡើង​ថា ការ​ហក់ឡើងថ្លៃ​ប្រេងឥន្ធនៈខ្ពស់​ និង​ទំនិ​ញ​នៅ​លើ​ទីផ្សារ​នាពេលបច្ចុប្បន្ននេះ បាន​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅប្រចាំ​ថ្ងៃរបស់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេស​ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សមាគម​មួយ​នេះបា​ន​ស្នើដល់​រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាពលើការអនុគ្រោះពន្ធនាំចូលប្រេងឥន្ធនៈ​ចូល​មក​កម្ពុជាចំពោះក្រុម​ហ៊ុននាំចូលប្រេងឥន្ធនៈ ដើម្បី​ឱ្យក្រុមហ៊ុនមានលទ្ធភាពលក់ក្នុងតម្លៃទាបជូនពលរដ្ឋ ហើយ​ក៏ស្នើឱ្យពិនិត្យមើលលទ្ធភាពទប់ស្កាត់​ទំនិញ​នៅ​លើ​ទីផ្សារ​កុំ​ឱ្យឡើង​ថ្លៃខ្ពស់​ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍នេះបន្ថែមថា ដើម្បីស្តារស្ថានភាពកំពុងលំបាក​នេះ រដ្ឋាភិបាល​​គួរពិចារណាបិទការនាំចូល​បន្លែ​ត្រី​សាច់ពីប្រ​ទេសជិត​ខាង ហើយងាក​មក​លើទឹកចិត្តឱ្យមានឱកាសដាំដុះបន្លែ ចិញ្ចឹម​ត្រី សត្វ​ក្នុង​ស្រុក​ ដើម្បីផ្គត់ផ្គង់ជំនួសវិញ ជាពិសេស​គឺ​ការ​បង្កើនប្រាក់ចំណូលគ្រួសារ និងទប់ស្កាត់ការចំណាកស្រុក​ដោយខុសច្បាប់​របស់​ប្រជាពលរដ្ឋទៅប្រទេសជិតខាង។

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន មាន​ប្រសាសន៍​បន្ថែម​​លើ​សេចក្តី​ថ្លែងការណ៍​​​​​នេះ​ថា ប្រសិន​បើបញ្ហានេះមិន​​ត្រូវ​​បាន​​ដោះស្រា​យ​ទេ នឹង​ធ្វើឱ្យពលរដ្ឋបន្តរងទុក្ខលំបាក​ ជាពិ​សេសពលរដ្ឋ​ប្រកបរបរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

លោកបន្ថែមថា៖ «បើសិនជារដ្ឋាភិបាល​​អត់​ដោះស្រាយ​បញ្ហា​ប្រេង​សាំង​ហ្នឹងទេ ខ្ញុំនៅតែ​មើលឃើញថា ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង ​ជាពិសេស​​​អ្នកប្រកបរបរក្រៅប្រព័ន្ធ អ្នករត់ម៉ូតូឌុប កង់បី និងអ្នកបម្រើសេវាដឹកជញ្ជូនកម្មករក៏ប៉ះពាល់ និងកម្មករ​ក៏ប៉ះពាល់ដែរ ប្រសិនបើម្ចាស់រថយន្តដឹកជញ្ជូនទាំងនោះទាមទារកម្មករឡើងថ្លៃដែរ»

លោក ណៅ ពិសិដ្ឋ មានស្រុកកំណើតនៅខេត្តកំពត និងបានមកប្រកបរបររត់​ម៉ូតូកង់បីនៅរាជធានី​ភ្នំពេញ រយៈពេល​១០ឆ្នាំមកហើយ និយាយ​ថា មុខ​របរ​រត់​កង់​បី​បាន​រង​ផល​ប៉ះពាល់​ខ្លាំង ខណៈប្រេងសាំង​ឡើង​ថ្លៃ ប៉ុន្តែ​ថ្លៃ​សេវាដឹកជញ្ជូន​មិន​ត្រូវ​បាន​ឡើង​ថ្លៃ​តាម។

អ្នករត់ម៉ូតូកង់បីរូបនេះបន្ត​ថា កាល​ពី​មុន​ លោក​អាច​រក​លុយ​សល់​ចន្លោះពី​២០ ០០០រៀល ទៅ៤០ ០០០រៀល ក្រោយ​ពីទូទាត់ថ្លៃប្រេងសាំងរួច ប៉ុន្តែអំឡុងពេលប្រេងសាំងឡើងថ្លៃនេះ លោក​នៅ​សល់​លុយ​តិច​តួចប៉ុណ្ណោះ និង​ពេលខ្លះមិនចំណេញសោះក៏មាន។

លោកបន្ថែមថា៖ «យើងជួបការលំបាកច្រើនដែរ​ កាល​ពីសម័យកូវីដ-១៩ តម្លៃសាំងតែជាង​២ ០០០រៀល​ទេ ចុះទម្រាំ​តែ​ឥលូវ​សាំង​ឡើងតម្លៃ​ជាង​៦ ០០០រៀល​ជាង ហើយ​យើង​រក​អត់​បាន​ទៀត ហើយ​តម្លៃ​ដែល​យើង​ដឹក​ហ្នឹង យើង​មិន​អាច​ដំឡើង​តាម​សាំង​បាន​ទេ។ បើយើងឡើង​ថ្លៃពេក គេ​ក៏មិនជិះ​យើង​ដែរ គេ​រត់​ទៅ​ជិះផាស់អេប [កង់បីឥណ្ឌា] វិញហើយ»

អ្នករត់ដឹកដីនៅខេត្តកំពង់ឆ្នាំង លោក សុខ គង់ ឱ្យដឹងថា លោកបានផ្អាកការដឹកជញ្ជូនដីមួយរយៈសិន ដោយសារប្រេងសាំងឡើងថ្លៃខ្លាំង ខណៈថ្លៃសេវាដឹកជញ្ជូនដីមិនត្រូវបានឡើងថ្លៃ។ លោកបន្តថា ករណីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់នេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់អ្នកបម្រើសេវាដឹកជញ្ជូន ជាពិសេសប្រឈមជំពាក់ទ្វេដង ដោយសារគ្មានលុយសម្រាប់បង់សង ខណៈពួកគេរកប្រាក់ចំណូលពុំបាន។

លោកបន្ថែមថា៖ «កាលពីមុន យើងបានមួយខែ២លានរៀលសម្រាប់បង់ធនាគារ ដល់ឥលូវយើងរកដែរ ប៉ុន្តែថ្លៃប្រេងសាំងវាកាត់យកអស់ជាងពាក់កណ្ដាលហើយហ្នឹង។ អ៊ីចឹងយើងមានទប់ធនាគារអីជាប់! រត់ម៉ូតូក៏អ៊ីចឹងដែរ ពីមុនយើងចាក់តែ៣ ០០០រៀល យើងជិះបាន ដល់ឥលូវ៦ ០០០រៀល យើងម៉េចជិះបាន! កាលណាតែប្រេងសាំងឡើងថ្លៃ វាប៉ះពាល់ខ្លាំងណាស់»

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ មាន​ប្រសាសន៍​ថា ករណី​តម្លៃ​ប្រេង​សាំង​ហក់​ឡើង​ខ្ពស់​នេះ បាន​ធ្វើឱ្យប៉ះពាល់​ដល់​ពលរដ្ឋ​គ្រប់​គ្នា ប៉ុន្តែ​អ្នក​ដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺអ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី និងអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន។

លោក​បាន​ដាក់ជា​អនុសាសន៍​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ រដ្ឋាភិបាល​អាច​បន្ធូរ​បន្ថយ​ពន្ធ​នៃ​ការ​នាំ​ចូលប្រេង​ឥន្ធនៈ ហើយ​អាច​ដំឡើង​ពន្ធរបស់របរផ្សេងទៀតដែលមិនចាំបាច់ ជាពិសេស​គ្រឿងស្រវឹង។

លោកបន្ថែមថា៖ «ការឡើងថ្លៃប្រេងសាំងនេះ វាជាការឡើងមួយកំណត់គោលនៃការឡើងថ្លៃសព្វសារពើ ហើយ​ទាំង​អស់​នេះ​ វាបាន​ប៉ះពាល់​ផ្ទាល់​ដល់​វិស័យ​ដឹក​ជញ្ជូន​ ដូចជា​ ម៉ូតូឌុប អ្នក​រត់​រ៉ឺម៉ក អ្នក​រត់​តាក់ស៊ី អ្នករក​ស៊ីលក់​ដូរ ការ​ធ្វើវិស័យ​កសិកម្ម​ដោយ​កសិករ​គាត់​ក៏​ប្រើប្រាស់​ប្រេងសាំងនេះ​ដែរ ហើយក្រុមហ៊ុនឧស្សាហកម្មជាដើមក៏ប៉ះពាល់ដែរ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានទេ នៅថ្ងៃអង្គារនេះ។

ក្នុងពិធីមួយ​កាល​ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា តម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ននេះ គឺមិន​អាច​គ្រប់​គ្រង​បាន​នោះ​ទេ ដោយ​សារ​តែ​ឥទ្ធិពល​នៃសង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន។ លោក​បាន​ប្រាប់ដល់ព​លរដ្ឋ​កុំឱ្យមានការស្តីបន្ទោសរដ្ឋាភិបាលអំពីបញ្ហារឿងប្រេងសាំងឡើងថ្លៃនេះផងដែរ។

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សហភាព​សហជីព​កម្ពុជា ក៏​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​​ចា​ត់​វិធាន​ការ​ចំពោះ​បញ្ហា​ប្រេងសាំងឡើងថ្លៃនេះផងដែរ​ តាមរយៈការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូលប្រេង​ឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកា​ ដើម្បីទប់ស្កាត់កុំឱ្យតម្លៃប្រេងបន្ដហក់ឡើងថែមទៀត។​

សហជីពមួយនេះលើកឡើងថា ការហក់ឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈបានធ្វើឱ្យប្រជាពលរដ្ឋ​ភាគច្រើន​មានការប្រឈម និង​ទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលហាក់​មិនបានខ្វល់អំពីតម្លៃប្រេងឥន្ធនៈនេះឡើយ។

សហភាពសហជីពកម្ពុជា បានបន្តថា តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើងខ្ពស់ នាំ​ឱ្យ​តម្លៃទំនិញគ្រប់មុខលើទីផ្សារក៏ហក់ឡើងខ្ពស់ដែរ​ ដែលធ្វើឱ្យប្រជាពលរដ្ឋដែល​មានប្រាក់ចំណូលទាបនិងមធ្យម ​ដូចជា មន្រ្ដីរាជការ អាជីវករ កម្មករ អ្នកលក់ដូរមិនរៀបរយ និងកសិករ ជាដើម ទទួលរង​ផល​ប៉ះពាល់ធ្ងន់​ធ្ងរ​​​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម ចាប់​ពីថ្ងៃទី២១ ដល់​ថ្ងៃទី​៣០ ខែមិថុនា​នេះ តម្លៃលក់រាយប្រេងឥន្ទនៈ ត្រូវបានកំណត់ ៥ ៨០០រៀលក្នុង១លីត្រ សម្រាប់​សាំងធម្មតា និង ៦ ៣០០រៀល​ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ បើធៀបនឹងតម្លៃលក់រាយប្រេងឥន្ធនៈកាលពី១០ថ្ងៃមុនថ្ងៃទី២១ ខែមិថុនា​ ប្រេងសាំងធម្មតា គឺ​មានតម្លៃថេរ ខណៈតម្លៃប្រេងម៉ាស៊ូត បានកើនឡើងចំនួន​២០០រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ