លោក ហ៊ុន សែន ប្ដេជ្ញា​ពង្រីក​ការ​អភិវឌ្ឍ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​សុខដុម​ក្នុង​សហគមន៍

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​លោក​នា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និ​ងជាប្រធានគ​ណប​ក្សប្រ​​​ជាជនក​ម្ពុ​ជា បាន​​ប្ដេជ្ញាចិ​ត្ត​ធ្វើ​​ឱ្យ​ឃុំ​​សង្កាត់មាន​​ភា​​​ព​​​​រីកចម្រើន​​ និងធ្វើឱ្យ​​​ប្រ​ជាព​លរ​ដ្ឋរស់នៅក្នុងភាពសុខដុមរមនា ទាំង​ក្នុង​សហគមន៍និង​សង្គម​ជាតិ ដើ​ម្បីឆ្លើ​​យតបទៅ​​នឹងការសន្យារបស់​ខ្លួននាពេលឃោសនា​រក​សំឡេងឆ្នោត​ថ្មីៗ​នេះ។

ការថ្លែងរបស់លោក ហ៊ុន សែន នេះធ្វើឡើងក្នុងពិធីប្រារព្ធខួប៧១ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើ​ង​នៅ​ស្នាក់​ការ​កណ្ដាលគណបក្ស​ រាជ​ធានីភ្នំពេញ នា​ថ្ងៃ​អង្គារនេះ។

ក្នុង​ពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការ​បោះឆ្នោ​​​តជ្រើស​រើសក្រុមប្រឹក្សាឃុំ​សង្កាត់ អាណ​​ត្តិ​ទី​៥ កា​ល​ពីថ្ងៃទី៥​ ខែមិ​ថុនា ​ឆ្នាំ២០២២នេះ​ បា​​នប្រព្រឹត្តទៅ​​ដោយ​ជោគ​ជ័យ​ ក្នុង​បរិយាកាស​ន​យោបាយ អព្យាក្រឹត្យ ​សេរី និងសុខសុវត្ថិភាព។ លោកបន្តថា ការបោះឆ្នោតនេះ មាន​ប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនកុះ​ករនៅ​តាម​ការិយាល័យបោះឆ្នោតនីមួយៗ ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់​ពួកគេ ដើម្បីបន្ត​ជ្រើស​រើស​មេដឹក​នាំ​នៅ​មូល​ដ្ឋាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ជ័យ​ជម្នះ​របស់គណបក្ស​ប្រជាជនកម្ពុជានា​ពេលនេះ ជាមូលដ្ឋានជំរុញដល់ការប្តេជ្ញាចិ​ត្តអនុវត្តគោលនយោបាយដែលបានសន្យាអំឡុង​ពេលឃោសនា​រក​សំឡេង​ឆ្នោត។

លោកថា៖ «គណបក្សសូមប្ដេជ្ញាប្រឹងប្រែង​ពេញ​ទំហឹង ដើម្បី​អភិវឌ្ឍគោលនយោបាយឃុំ​សង្កាត់ឆ្នាំ២​០២​២-​២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចមកហើយ​នោះឱ្យស​ម្រេច​ជោគ​ជ័យ ធ្វើ​ឱ្យ​ឃុំ​ស​ង្កា​ត់​នៅ​ទូទាំង​ប្រទេស​កាន់តែមានការរីកចម្រើនឡើង​លើគ្រប់​វិស័យ ប្រជាជន​កាន់​តែមានជីវភាពធូរធារ ហើ​យបន្តរស់នៅយ៉ាង​សុខដុមរមនាទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល»។

បើតាមលទ្ធផលផ្លូវការដែល​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសកាលពីថ្ងៃទី២៦ ខែ​មិថុនា​នេះ គណបក្ស​​ប្រជាជនកម្ពុជានៅបន្តគ្រប់គ្រងតំណែង​មេឃុំចៅសង្កាត់​ភាគច្រើន​នៅ​ទូទាំងប្រទេស ក្នុងចំ​ណោ​មគណប​ក្សសរុបទាំង១៧ដែលបានចូលរួមប្រកួត។

គណបក្សប្រជាជនកម្ពុជានៅបន្តគ្រប់គ្រងតំណែងក្រុមប្រឹក្សា​ឃុំសង្កាត់ចំនួន៩ ៣៧៦តំណែង​ ជា​មេឃុំ-ចៅសង្កាត់ចំនួ​​ន១ ៦៤៨ ក្នុង​ចំណោមតំណែងក្រុមប្រឹក្សាសរុប១១ ៦២២។

ចំ​​​​ណែក​គណបក្សដេញតាមពីក្រោយស្ថិតនៅលេខរៀងទី២ គឺ​គណបក្សភ្លើងទៀន ទទួល​បានតំណែង​ក្រុ​​ម​ប្រឹ​ក្សាចំនួន២ ១៩៨ និងមេឃុំ-ចៅសង្កាត់​ចំនួន​៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ