ក្រុមស្ត្រីថ្ងៃសុក្រ ស្នើ​សហភាពអឺរ៉ុប​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ស្វាមី​ខ្លួន​ដែល​កំពុង​ជាប់ឃុំ

ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយសន្តិសុខខណ្ឌដូនពេញ អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបលើករណីតុលាការផ្ដន្ទាទោសសាច់ញាតិដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលបានរំលាយ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ ជា​ភរិយានិង​សាច់​ញាតិ​សកម្មជនគណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ​​ បាននាំគ្នា​ទៅដាក់ញត្តិ​នៅ​​សហភាព​​អឺរ៉ុប​ នៅថ្ងៃសុក្រនេះ ដើម្បី​ស្នើ​ដល់​មន្ត្រី​ទូត​ជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា​​ឱ្យមានការ​ដោះលែង​ក្រុម​គ្រួសារ​របស់​​​ពួក​គាត់ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យជាប់​ពន្ធនាគារ​ចន្លោះពី៣ឆ្នាំ​ដល់៦ឆ្នាំ​ ក្រោម​បទ​ «ញុះ​ញង់ ​និង​​រួមគំនិតក្បត់​»។

ក្នុងការប្រមូល​ផ្តុំនេះដែរ ក៏មានការ​តាមឃ្លាំមើលពីសំណាក់​ក្រុមសន្តិសុខខណ្ឌដូនពេញផងដែរ ក្នុងនោះក៏មានការប៉ះទង្គិចពាក្យសម្តីគ្នា ខណៈក្រុមសន្តិសុខមិនអនុញ្ញាតឱ្យក្រុម​ស្ត្រីជិត​១០នាក់​លើកបដានៅមុខ​សហភាពអឺរ៉ុបនោះឡើយ​។

ភរិយាលោក ស៊ុន ធន់ អតីត​មន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ​ គឺអ្នកស្រី សេង ចាន់ថន មានប្រសាសន៍នៅមុនពេលដាក់ញត្តិ​​​ថា ពួកគាត់មិនចង់ដើរដាក់ញត្តិ​នៅតាម​បណ្តាស្ថានទូតនិងស្ថាប័នផ្សេងៗបែបនេះទេ ប៉ុន្តែដោយសារ​តែគ្រួសាររបស់ពួកគាត់​រង​នូវ​ភាពអយុត្តិ​ធម៌ ព្រោះតែស្វាមីរបស់គាត់ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​ជាង៣ឆ្នាំ។

ករណីនេះ អ្នកស្រីបានស្នើដល់​មន្ត្រីទូតនៃបណ្តាប្រទេស​ក្នុងសហភាពអឺរ៉ុបជួយអន្តរាគមន៍ទៅ​រដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានការ​ដោះលែងស្វាមីនិង​សកម្មជនបក្ស​ប្រឆាំងដែលត្រូវ​តុលាការ​បានរំលាយ ឱ្យ​មានសេរីភាពវិញ។

អ្នកស្រីក៏បានបង្ហាញការខកចិត្ត ដែលក្រុមសន្តិសុខខណ្ឌដូនពេញមិនអនុញ្ញាតឱ្យពួក​គាត់​លើកបដានៅទីសាធារណៈនេះផងដែរ។

កាលពីពេលកន្លងមក ក្រុមស្ត្រីថ្ងៃសុក្រ ក៏នាំគ្នារកកិច្ចអន្តរាគមន៍ពីប្រទេសលោកសេរីមួយចំនួនប្រចាំកម្ពុជាឱ្យជួយជំរុញទៅរដ្ឋាភិបាលនិងតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ និងដោះលែងគ្រួសាររបស់ពួកគេឱ្យមានសេរីភាពវិញ។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ តុលាការ​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសមេដឹកនាំ និងអ្នកគាំទ្របក្សប្រឆាំងដែលតុលាការ​បានរំលាយ​ រួមទាំង​កញ្ញា​ សេង ធារី មេធាវីខ្មែរ​អាមេរិក ដាក់ពន្ធនាគារ​ចន្លោះពី៣ឆ្នាំទៅ៨ឆ្នាំ។

បន្ទាប់ពីមានការ​កាត់ទោស​ក្រុម​បក្សជំទាស់ក្នុងទ្រង់ទ្រាយធំនេះ អ្នកជំនា​ញ​សិ​ទ្ធិមនុស្សនៅ​អង្គ​ការសហប្រជាជាតិ​ កាលពីថ្ងៃពុធ ក្នុងសប្តាហ៍នេះ បាន​ស្នើរ​ដ្ឋាភិបាល​កម្ពុ​ជាពិនិត្យឡើ​ង​វិញ​​លើ​ករ​ណីនេះ ដោ​​​​យ​ស​ម្អា​​​ងថា​ វិ​​​ធាននោះមិនបានភ្ជាប់កាតព្វកិច្ចនៃការគោរព​សិទ្ធិមនុស្ស​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ