ពលរដ្ឋ​ជាង​៤០គ្រួសារ​នៅ​ខេត្តកណ្ដាល​ចោទ​អាជ្ញាធរ​ថា​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ប៉ះពាល់​ដី​និង​ដំណាំ​ពួកគាត់

សាលាស្រុកខ្សាច់កណ្ដាល។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល)

ពលរដ្ឋជាង៤០គ្រួសារ រស់​នៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចោទ​អាជ្ញាធរ​ថាបាន​ដាក់​គ្រឿងច​ក្រឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​ប៉ះ​ពាល់​ដល់​ដីធ្លី និងផលដំណាំរបស់ពួកគាត់ ដោយគ្មានការជូនដំណឹងជា​មុន និង​ដោះស្រាយ​សំណង​ណាមួយ​ដល់ពួកគាត់ឡើយ​។

លោក សេង វ៉ន អាយុ៦៣ឆ្នាំ អះអាងថាជាប្រជាពលរដ្ឋ​​​រស់នៅភូមិកណ្ដាល ឃុំស្វាយរមៀត ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះ​ថា អាជ្ញាធរ​បាន​ដាក់គ្រឿង​ចក្រ​កាយ និង​ឈូសឆាយដី​នៅ​ក្នុង​សហគមន៍ ដើម្បីធ្វើផ្លូវ ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន​​អំពី​គម្រោង​ឈូស​ឆាយ​នេះ​ទេ។ លោក​បន្តថា ការឈូសឆាយដីនោះបានធ្វើឱ្យ​​​ប៉ះពាល់ដល់ក្បាលដីប្រជាពលរដ្ឋជាង៤០គ្រួសារ នៅភូមិកណ្ដាល ភូមិ​ស្វាយ​តំណាក់ ភូមិឈើទាល នៃឃុំស្វាយរមៀត ដោយ​ក្នុងមួយគ្រួសារ​ប៉ះពាល់​ក្បាលដីចន្លោះពី​១០​ទៅ​៥០​ម៉ែត្រ និងប៉ះពាល់ដល់ដំណាំហូបផ្លែផងដែរ។

លោក សេង វ៉ន បន្តទៀតថា​ លោកមិនជំទាស់នឹងគម្រោងអភិវឌ្ឍន៍​របស់រដ្ឋាភិបាលនោះទេ ប៉ុន្តែលោកទាមទារ​ឱ្យអាជ្ញាធរ​ពាក់​ព័ន្ធ​ត្រូវជូនដំណឹង និងពិភាក្សាជាមួយប្រជាពលរដ្ឋជាមុន​ អំពីបញ្ហាផលប៉ះពាល់ដីធ្លី និង​ផលដំណាំរបស់ពួកគាត់។

លោកបន្ថែមថា៖ «ខ្ញុំទាមទារ​ដោះ​ស្រាយ​ជា​សំណងជាលុយ ខ្ញុំមិនប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ទេ ប៉ុន្តែដីនេះខ្ញុំទិញគេ។ ខ្ញុំយក​លុយ​ធនាគារ​មក​ទិញ​ មិន​ទាន់​បង់​សងគេអស់ផង។ ចុះបើមកយកឆៅៗអ៊ីចឹង ខ្ញុំបានអី?»

លោក សួន តាំង ប្រជាពលរដ្ឋរស់​​នៅភូមិស្វាយតំណាក់ និយាយថា គ្រួសារលោក​បានខ្ចីលុយពីធនាគារ​មកទិញដីនេះសម្រាប់​បង្ក​បង្កើន​ផល ដោយ​មិន​ទាន់សង​ធនាគារគ្រប់នៅឡើយទេ ខណៈអាជ្ញាធរបានចាក់​ដីលុប​ដី​ស្រែរបស់លោកអស់ជាង​១០ទៅ២០ម៉ែត្រទៅហើយ និងសំណងមិនត្រូវបានដោះស្រាយ។

ពលរដ្ឋរូបនេះបន្តថា ថ្មីៗនេះ អ្នកភូមិបានដាក់បណ្ដឹងមួយទៅសាលាឃុំស្វាយរមៀត ដើម្បីសុំឱ្យ​​​ជួយរកដំណោះស្រាយ​​ ប៉ុន្តែអាជ្ញាធរមូលដ្ឋានមិន​អើពើក្នុងការដោះស្រាយជូនពលរដ្ឋឡើយ។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យអាជ្ញាធរដោះស្រាយជូនពួកខ្ញុំ ព្រោះដីខ្ញុំ ខ្ញុំ​ខ្ចីលុយធនាគារទិញ បង់គេមិនទាន់រួចផង។ ឥលូវគេយក​គ្រឿងចក្រ​កាយយកដីខ្ញុំអស់១០ទៅ២០ម៉ែត្រទទេ ដោយអត់ជូនដំណឹងយើងមួយម៉ាត់ផង»

មេឃុំស្វាយរមៀត លោក លឹម គាង មានប្រសាសន៍ថា សកម្មភាពឈូសឆាយនោះ គឺក្រសួងធនធានទឹក កំពុងអភិវឌ្ឍ​ធ្វើប្រឡាយទប់​ទឹកផង និងធ្វើផ្លូវលំ​សម្រាប់ប្រជាពលរដ្ឋក្នុងឃុំធ្វើដំណើរផង។ មេឃុំរូបនេះប​ន្ត​ថា ជុំវិញ​ការ​​ឈូសឆាយនេះ លោក​បាន​សួរ​ទៅខាងក្រសួងធនធានទឹកដែរ អំពីសំណងផលប៉ះពាល់​ក្បាលដីពលរដ្ឋ ប៉ុន្តែខាងក្រសួងបញ្ជាក់ថាគ្មានគោល​ការណ៍​ដោះស្រាយសំណងជូនពលរដ្ឋនោះទេ។

លោកបន្ថែមថា៖ «ខាងក្រសួងធនធានទឹក គាត់ជាអ្នកអនុវត្តគម្រោងហ្នឹង ទី១ គឺការពារ​ព្រែក ទី២​ បានផ្លូវ​ដល់​ប្រជាជនសម្រាប់​ធ្វើ​ដំណើរ ទី៣ គឺ​ដីរបស់ប្រជាជននៅជាប់ហ្នឹងលែង​កាត់ចូលព្រែកទៀតហើយ។ អ៊ីចឹងនេះ​ជាគោលការណ៍​របស់ក្រសួង​ទេ មិនមែនរបស់ឃុំទេ។ ខ្ញុំបានសួរក្រសួងរួច​ហើយ​ គ្មានគោលការណ៍ដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋទេ»

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានទេ​ នៅថ្ងៃចន្ទនេះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ប្រសិន​បើ​ការ​សាង​សង់​ទំនប់ ឬផ្លូវ ដោយ​រដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់អ័ក្សផ្លូវរួចហើយ គឺរដ្ឋអាចធ្វើផ្លូវនោះដោយ​គ្មាន​ការដោះស្រាយសំណងជូនពលរដ្ឋទេ។ ប៉ុន្តែ លោកថា ​បើការអភិវឌ្ឍនេះបានប៉ះពាល់ដល់ដីពលរដ្ឋដែលមានបណ្ណ​កម្មសិទ្ធិស្របច្បាប់ និងមិនស្ថិតក្នុង​អ័ក្សផ្លូវដែលបានកំណត់ដោយអនុក្រឹត្យទេ គឺរដ្ឋត្រូវដោះស្រាយសំណងជូនពលរដ្ឋ។

លោកបន្ថែមថា៖ «ពលរដ្ឋមានសិទ្ធិក្នុងការ[ព្រមព្រៀងឱ្យរដ្ឋ]ដកហូតអចលនទ្រព្យរបស់ខ្លួន ដើម្បីផលប្រយោជន៍សាធារណៈ ប៉ុន្តែ​ត្រូវមានការ​វាយតម្លៃផលប៉ះពាល់បរិស្ថានសង្គម​ជា​មុន ហើយ​ត្រូវ​មាន​ការ​យល់ព្រម​ពីម្ចាស់​ដី​ពី​ប្រជាពលរដ្ឋទៅតាមតម្លៃសមរម្យដែល​គាត់អាចទទួលបាន នេះបើតាមច្បាប់អស្សាមិករណ៍យើង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ