មន្ត្រី​ជំនាញ​ខេត្តសៀមរាប​ថា​កំពុង​រៀបចំ​ដាក់​កាមេរ៉ា​ដើម្បី​ការពារ​ដើមក្រញូង​ក្នុង​តំបន់​អភិរក្ស​មួយ

(កណ្ដាល) លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារវិស័យព្រៃឈើឆ្នាំ២០២០ និងលើកផែនការអនុវត្តបន្តឆ្នាំ២០២១ របស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីដើមឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប)

មន្ត្រី​ជំនាញកសិកម្ម និងព្រៃឈើខេត្តសៀមរាប អះអាងថា ខាងជំនាញកំពុងរៀបចំដំណើរការ​ដាក់កាមេរ៉ាលើដើមក្រញូងក្នុងនៅតំបន់អភិរក្សព្រៃឈើមួយកន្លែងក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី បន្ទាប់ពីមានការចូលលួចកាប់ដើមឈើក្រញូងចំនួន៤ដើម កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ដោយមិនទាន់រកជនល្មើសឃើញនៅឡើយ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម ថ្លែងប្រាប់វីអូឌីនៅថ្ងៃពុធនេះថា មកដល់ពេលនេះ អាជ្ញាធរមិនទាន់រកឃើញជនល្មើសដែលលួចកាប់ដើមក្រញូងចំនួន៤ដើមនៅក្នុងតំបន់ស្ដារនិងអភិវឌ្ឍន៍ព្រៃឈើនៅក្នុងខេត្តសៀមរាបនៅឡើយទេ។

តែយ៉ាងណា​ លោកបន្ដថា អាជ្ញាធរ​កំពុងបន្ដស្វែងរកជនល្មើសដែលលួចកាប់ឈើទាំងនោះរហូត ដោយមិនបិទបញ្ចប់នោះឡើយ។

លោកថា៖ «អត់បិទទេ! ឃើញថ្ងៃណា អនុវត្តថ្ងៃហ្នឹង! ជនល្មើសនៅតែជាជនល្មើស! ឱ្យ​តែឃើញ យើងអនុវត្តច្បាប់តែប៉ុណ្ណឹង!»

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបរូបនេះបានឱ្យដឹងទៀតថា បន្ទាប់ពីមានករណីលួចកាប់ដើមឈើពូជក្រញូងចំនួន៤ដើមនេះមក អាជ្ញាធរបានដាក់កម្លាំងស៊ើបអង្កេត និងកំពុងរៀបចំដាក់កាមេរ៉ាលើដើមក្រញូងមួយចំនួន ដើម្បីការពារការលួចកាប់ប្រភេទឈើប្រណិតនេះបន្តទៀត។

លោកថា៖ «យើងដាក់កម្លាំងស៊ើបអង្កេត ហើយជាពិសេសយើងដាក់កាមេរ៉ា»។

លោកបន្ដថា៖ «យើងដាក់តែក្រញូងមាន៥៥២[ដើម] បាត់អស់បួនដើម សល់ប៉ុន្មានយើងដាក់[កាមេរ៉ា]»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទា គឹមសុទ្ធ​​ ក៏បានឱ្យដឹងនៅថ្ងៃនេះ​ដែរថា អាជ្ញាធរកំពុងតែរៀបដំណើរការក្នុងការដាក់កាមេរ៉ា ដើម្បីជួយការពារព្រៃឈើនៅតំបន់អភិរក្សនេះ។ បើទោះជាតំបន់នេះមិនមានសេវាគ្រប់គ្រាន់ និងមានការពិបាកក្នុងការដាក់កាមេរ៉ាសុវត្ថិភាពយ៉ាងណាក៏ដោយ តែអាជ្ញាធរកំពុងដំណើរការរៀបចំ។

លោកថា៖ «តំបន់នោះអត់សេវាផង កាមេរ៉ាក៏ពិបាកដាក់។ ឥលូវកំពុងរៀបចំដាក់បណ្ដើរៗហើយ»។

លោកបន្ដថា ការដាក់កាមេរ៉ានេះ អាជ្ញាធរគ្រាន់តែដឹងនៅពេលមានជនល្មើសកាប់ឈើក្នុងតំបន់នេះប៉ុណ្ណោះ។ ​យ៉ាងណា​ លោកថា ការ​ការពារនេះ​ វាគ្រាន់តែជារឿងមួយប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលសំខាន់បំផុត គឺស្មារតីនៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាព្រៃឈើទុកដល់កូនចៅជំនាន់ក្រោយ។

ទាក់ទិនទៅនឹងរឿងនេះ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញ​ថា អាជ្ញាធរគួរតែពន្លឿននីតិវិធីក្នុងការស៊ើបអង្កេត ចំពោះការលួចកាប់ដើមក្រញូងក្នុងតំបន់អភិរក្សដែលមិនទាន់រកឃើញជនល្មើសនេះ។ លោក​ជឿជាក់ថា ប្រសិនបើអាជ្ញាធរមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកជនល្មើស​ ប្រាកដជាអាចធ្វើបានក្នុងរយៈពេលខ្លី។

ចំពោះការដាក់កាមេរ៉ាឃ្លាំមើលព្រៃឈើរបស់អាជ្ញាធរពេលនេះ ​លោក ហេង គឹមហុង យល់ឃើញថា វាជារឿងល្អដែលអាជ្ញាធរបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការការពារព្រៃឈើ ប៉ុន្តែនេះជាការចំណាយធនធានដ៏ច្រើនមួយ​ដែរ។ លោកបន្ថែមថា មន្ត្រីជំនាញត្រូវពង្រឹងគុណភាពនិងប្រសិទ្ធភាព​មន្ត្រីរបស់ខ្លួនល្អជាជាង។ 

លោកថា៖ «ខ្ញុំគិតថា វាការចំណាយធនធានមួយច្រើនដែរ ខណៈ​នេះការចំណាយមិនចាំបាច់មួយចំនួន យើងមិនចាំបាច់ចំណាយនោះទេ ប៉ុន្តែគ្រាន់ពង្រឹងគុណភាពនិងប្រសិទ្ធភាពរបស់មន្រ្ដី»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជារូបនេះ លើកឡើងថា ក្នុងករណីមាន​បទល្មើស​នៅតំបន់អភិរក្សនេះ មន្ត្រីប្រចាំការនៅទីនោះគួរតែជាអ្នកទទួលខុសត្រូវមុនគេ ទាំងផ្នែកពិន័យរដ្ឋបាលនិងផ្លូវច្បាប់ ​ដើម្បីជាគំរូភាពនៃការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មានជនខិលខូចចូលលួចកាប់ឈើពូជក្រញូងចំនួន៤ដើមដែលមានអាយុកាលប្រមាណ៥០ឆ្នាំ។ មន្ទីរជំនាញមួយនេះក៏បានចេញសេចក្ដីប្រកាសផ្ដល់រង្វាន់ជាទឹកប្រាក់ចំនួន១​ ០០០ដុល្លារដល់សាធារណជនដែលបានស្គាល់និងជូនដណឹងពាក់ព័ន្ធនឹងជនល្មើស ហើយ​ផ្ដល់ព័ត៌មានដល់សមត្ថកិច្ចរហូតចាប់ជនល្មើសនោះបាន។ បន្ថែមពីនេះ ព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ មិនឱ្យមានបញ្ហាដល់អ្នកដែលបានផ្ដល់ព័ត៌មាននោះទេ។

បើតាមមន្ត្រីជំនាញខេត្តសៀមរាប ឱ្យដឹងថា តំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ​ មានផ្ទៃដីជិត២ ០០០ហិតា ដែលបានទទួលស្គាល់ជាតំបន់ការពារពីក្រសួងកសិកម្ម​ កាលពីឆ្នាំ២០១៦ និង​មានមន្ត្រីជំនាញដើម្បី​ការពារប្រមាណ១០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ