សហគមន៍​និង​កូដករ​បារម្ភ​ថា​ការ​តវ៉ា​អហិង្សា​នឹង​កាន់​តែ​រឹតត្បិត​ ​ក្រោយ​រដ្ឋាភិបាល​ព្រមាន​​វិធាន​​ការ​ច្បាប់​លើ​អ្នក​តវ៉ា​បិទ​ផ្លូវ​

កូដករប្រមាណ១០០នាក់បានព្យាយាមទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជាថ្មីទៀត នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ប៉ុន្តែត្រូវបានសមត្ថកិច្ចជាច្រើននាក់រារាំង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

ប្រជាសហគមន៍និងកូដរណាហ្គាវើលដ៍មួយចំនួន បង្ហាញការព្រួយបារម្ភអំពីសេរីភាពការប្រមូលផ្តុំតវ៉ាអហិង្សា ដើម្បីទាមទារដំណោះស្រាយវិវាទផ្សេងៗរបស់ពួកគាត់នឹងកាន់តែរួមតូច ​ ក្រោយរដ្ឋាភិបាលណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ​ចាត់វិធានការច្បាប់តឹងរ៉ឹងលើបុគ្គលដែល​តវ៉ា​បិទផ្លូវសាធារណៈ។​

អ្នកស្រី ប្រាក់ សុភា ដែលអះអាងថា ជា​តំណាងសហគមន៍សំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ​ដែលទើបទទួលបានដីកាកោះរបស់តុលាការ និយាយថា  ប្រជាពលរដ្ឋ​​២៥០គ្រួសារ និង១០៨ខ្នងផ្ទះ ​ត្រូវបានអាជ្ញាធរខណ្ឌចោទពួក​គាត់​ថា ​រស់នៅលើដីចំណីផ្លូវជាប់បឹងតាមោកដោយខុសច្បាប់។ អ្នកស្រីបន្តថា ពួកគេតែងតែចេញតវ៉ាតាមដងផ្លូវសាធារណៈយកញត្តិដាក់នៅស្ថាប័នរដ្ឋ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទនេះ​ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយ ។

អ្នកស្រីបន្តថា ស្របពេលបញ្ហារបស់ពួកគាត់មិនទាន់មានដំណោះស្រាយ ស្រាប់តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់​ចំពោះបុគ្គលបង្កអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវ៉ា​បិទផ្លូវសាធារណៈដោយខុសច្បាប់ កាន់តែធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈម។

អ្នកស្រីបារម្ភ​ថា៖ «ពួកខ្ញុំមានការព្រួយបារម្ភខ្លាំងបំផុត ព្រោះប្រជាពលរដ្ឋតវ៉ាទាមទារសិទ្ធិដីធ្លី និងលំនៅឋានដោយបាតដៃទទេ ដោយមិនមានអាវុធនៅនឹងដៃ។ អ៊ីចឹង គាត់បារម្ភប៉ះទង្គិចជាមួយអាជ្ញាធរដែលមានកំហឹងជាមួយប្រជាពលរដ្ឋ។ ខ្ញុំមិនដឹងថា ទទួលរងបែបណានោះទេ មានសម្ពាធផ្លូវចិត្តខ្លាំងបំផុត តែពួកខ្ញុំនៅតែតស៊ូដើម្បីជម្រករបស់ពួកខ្ញុំ»។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋតែងតែយកដងផ្លូវធ្វើជាចំណាប់ខ្មាំងនៃការតវ៉ាលើបញ្ហាផ្សេងៗ ​របស់ពួកគេ ដែលបង្កការកកស្ទះចរាចរណ៍ រំខានការធ្វើដំណើរ និងប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដំណើរដទៃទៀតជាដើម។

ករណីនេះ លោក​ ហ៊ុន សែន ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាត់វិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់បំផុត ចំពោះបុគ្គលបង្កអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់ផងដែរ។

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា និយាយថា នៅពេលទទួលព័ត៌មានថា លោកនាយករដ្ឋមន្ត្រីណែនាំឱ្យមន្ត្រីរបស់ខ្លួនទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យប្រមូលផ្តុំគ្នាតវ៉ានៅតាមទីសាធារណៈ និងបិទផ្លូវជាដើមនោះ ធ្វើឱ្យពួកគាត់កាន់តែព្រួយបារម្ភពីសុវត្ថិភាពនៅពេលចេញតវ៉ាដោយសន្តិវិធី និងអហិង្សា ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនជួយដោះស្រាយបញ្ចប់វិវាទជូនពួកគាត់ឱ្យបានឆាប់ ។

ទោះជាយ៉ាណា កញ្ញាថា ពួកគេនៅតែប្តេជ្ញាបន្តធ្វើដូកកម្ម ដើម្បីទាមទារសិទ្ធិការងារស្របតាមច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងទាមទារឱ្យថៅកែជួយដោះស្រាយបញ្ចប់វិវាទជូនពួកគាត់ឱ្យបានឆាប់ ។

កញ្ញាបញ្ជាក់ថា៖ «ខ្ញុំគិតថា ការរឹតត្បិតមិនឱ្យមានការជួបជុំ ជាការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់កូដករ។ យើងគ្រាន់តែទាមទារលក្ខខណ្ឌការងារពីក្រុមហ៊ុនតែប៉ុណ្ណោះ។  ពួកខ្ញុំនៅតែទាមទារយុត្តិធម៌សម្រាប់ខ្លួនឯង និងបុគ្គលិកផ្សេងទៀត។ ពួកខ្ញុំមិនអាចទទួលយកនូវការរំលោភសិទ្ធិកម្មករ ពីសំណាក់ថៅកែណាហ្គាវើលដ៍ និងរំលោភលើច្បាប់បែនេះបានទេ»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) លោក ស៊ឹង សែនករុណា ចាត់ទុកប្រសាសន៍របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាការរឹតត្បិតសេរីភាពជួបជុំ និងការតវ៉ារបស់ពលរដ្ឋដោយសន្តិវិធី  ស្របតាមច្បាប់ជាតិ និង​អន្តរជាតិ។

មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា បើរដ្ឋាភិបាលបិទសិទ្ធិសេរីភាពមិនឱ្យប្រជាពលរដ្ឋ​តវ៉ាដោយសន្តិវិធី និង​អហិង្សាទេ នឹងធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បន្តរិះគន់ជុំវិញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​បន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «បើមានដំណោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះទេ យើងមានការព្រួយបារម្ភនឹងជះទៅដល់មុខមាត់រដ្ឋាភិបាល និងសង្គមជាតិទាំងមូលទៅវិញ។ អ៊ីចឹងត្រូវដោះស្រាយ​ពីបញ្ហាដែលតូចតាចឡើងទៅ កុំឱ្យបញ្ហាទាំងហ្នឹងកាន់តែ​ធំឡើងទៅ ធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិយើង»។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំនេះ របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី៦ របស់អង្គការសង្គមស៊ីវិលចំនួន៣ បានបង្ហាញថា ក្នុងឆ្នាំ២០២១ លំហនៃការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា នៅតែរងការរឹតត្បិត ក្រោមហេតុផលថា ច្បាប់មិនបានអនុញ្ញាត។

ប្រភពដដែលលើកឡើងថា មានរបកគំហើញសំខាន់ៗចំនួន៥ ដែលគាំទ្រដល់ការសន្និដ្ឋាននេះ ទី១ គឺការកែប្រែក្របខណ្ឌច្បាប់របស់កម្ពុជា ដែលរារាំងដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់បុគ្គលម្នាក់ៗ។ ដោយឡែកទី២ គឺក្រុមនយោបាយជំទាស់ត្រូវបានកំណត់ជាមុខសញ្ញា ហើយទី៣ ជាការជាប់ពាក់ព័ន្ធរបស់អាជ្ញាធរ ក្នុងការជ្រៀតជ្រែកតាមទំនើងចិត្តលើការជួបប្រជុំ។ រីឯចំណុចទី៤ គឺការរឹតត្បិតលើការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើង និងរបកគំហើញទី៥ គឺបុគ្គលម្នាក់ៗនៅតែមិនមានសេរីភាពពេញលេញក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ