ពលរដ្ឋ​រង​ផល​ប៉ះពាល់​​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្ត​ខេត្ត​កណ្តាល​រក​កិច្ច​អន្តរាគមន៍​ពី​ ​លោក​ ហ៊ុន​ ​ម៉ាណែត ​

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាច្រើននាក់ បានប្រមូលផ្តុំគ្នាយកញត្តិដាក់នៅគេហដ្ឋាន លោក ហ៊ុន ម៉ាណែត នាខណ្ឌទួលគោករាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

ពលរដ្ឋ​ដែល​កំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​ថ្មី ស្ថិតក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បានប្រមូលផ្តុំគ្នាយកញត្តិដាក់នៅគេហដ្ឋានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីសុំ​កិច្ច​អន្តរាគមន៍ជួយពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់ ខណៈពួកគេបារម្ភខ្លាចក្រុមហ៊ុនមិនផ្តល់សំណងសមរម្យដល់ពួកគេ។

លោក អ៊ឹម ដារ៉ា ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋចំនួន៣ភូមិ រួមមានភូមិពុតស ភូមិព្រែកស្លែង និងភូមិបឹងខ្យាង ​ បានឱ្យដឹងនៅថ្ងៃសៅរិ៍នេះថា ដើមចមដែលនាំឱ្យពួកគាត់ជិត១០០នាក់ប្រមូលផ្តុំយកញត្តិដាក់ដល់ផ្ទះលោក ហ៊ុន ម៉ាណែត នៅក្បែរផ្សារមាន់អាំង ស្ថិតក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃនេះ ដោយសាររយៈពេល៤ឆ្នាំហើយ អាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ក្រោមជាតិដល់ថ្នាក់ជាតិ រួមទាំងស្ថាប័ន​រដ្ឋមួយចំនួន មិនព្រមដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់នៅឡើយ។

លោកបន្តថា នៅពេលទៅដល់ផ្ទះលោក ហ៊ុន ម៉ាណែត ស្រាប់តែអភិបាលខណ្ឌទួលគោក លោក ជា ពិសី បានចេញមកទទួលយកញត្តិជំនួស ដោយអះអាងថា គាត់ទទួលបញ្ជាពីលោក ហ៊ុន ម៉ាណែត។ មិនត្រឹមតែប៉ុណ្ណោះលោកថា លោក ជា ពិសី បានសន្យាជាមួយពលរដ្ឋថា នឹងយកញត្តិនេះប្រគល់ឱ្យដល់ដៃលោក ហ៊ុន ម៉ាណែត ដើម្បីពិនិត្យនិងសម្រេចនៅពេលក្រោយ​ទៀតផង។

តំណាងពលរដ្ឋរូបនោះបង្ហាញជំនឿថា លោក ហ៊ុន ម៉ាណែត ​ នឹងជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់នៅពេលឆាប់ៗនេះ។

លោកនិយាយថា៖ «ពួកខ្ញុំយកញត្តិដាក់ដល់ផ្ទះឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាជម្រើសចុងក្រោយ ឱ្យគាត់ជួយដោះស្រាយ ដោយសារពួកខ្ញុំធ្លាប់ដាក់ញត្តិនៅរដ្ឋសភា ព្រឹទ្ធសភា ក្រសួងដែនដី និងអភិបាលខេត្តកណ្តាលដែរ ប៉ុន្តែអត់មានដំណោះស្រាយ»។

លោកបន្ថែមថា ដីប្រជាពលរដ្ឋដែលត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះយកនោះ បានកំណត់តម្លៃ១ម៉ែត្រការ៉េ ចំនួន៨ដុល្លារជូនពលរដ្ឋតែប៉ុណ្ណោះ ខណៈពួកគាត់ទាមទារ១ការ៉េចន្លោះពី៥០ដុល្លារ ទៅ១០០ដុល្លារ  ទើបស្របតាមតម្លៃទីផ្សារបច្ចុប្បន្ននេះ។

កាល​ពី​ខែក​ញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១​ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់​​​ដីធ្លី​ពី​គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី​នេះ និង​ចៀសវាង​នូវ​កិច្ចព្រមព្រៀង​ដោយ​មានការ​បង្ខិត​​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នា ដោយ​ឈរ​លើ​ផល​ប្រយោជន៍និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ។

មាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ បានចែងថា ពលរដ្ឋកម្ពុជា​គ្រប់រូប ទោះជា​បុគ្គល​ក្ដី ជាសមូហភាពក្ដី គឺមានសិទ្ធិជាម្ចាស់​កម្ម​សិទ្ធិ។ កម្មសិទ្ធិ​ឯកជន​ស្របច្បាប់ស្ថិតនៅ​ក្រោមការ​គាំពារ​​នៃច្បាប់នេះ ដែល​នឹងត្រូវដកហូតដើម្បី​​​ជាប្រយោជន៍​សាធារណៈបាន លុះត្រាតែមានការផ្ដល់សំណងជាមុនដោយសមរម្យនិងយុត្តិធម៌។

ចំណែកមាត្រា​២២ នៃច្បាប់អស្សាមិករណ៍ បានចែង​ថា ប្រាក់​សំណង​​ដែលត្រូវ​ផ្ដល់ឱ្យម្ចាស់អចលនវត្ថុ ឬ​ម្ចាស់​​កម្មសិទ្ធិ ត្រូវគិត​តាមថ្លៃ​ទីផ្សារ ឬ​​ថ្លៃជំនួស​នូវ​កាល​បរិច្ឆេទ​​នៃការចេញ​សេចក្ដីប្រកាស​ស្ដីពី «គម្រោង​អស្សាមិ​ករណ៍»។ ជាង​​នេះ​ទៅ​ទៀត សំណង​​ត្រូ​វ​ទូទាត់​​​ជា​សាច់ប្រាក់ ជាទ្រព្យ ឬ​ជា​សិទ្ធិ​ជំនួស​​ទៅ​តាម​​ភាព​ជាក់​​ស្ដែង ដោយ​​មានការយល់​ព្រមពីម្ចាស់​អចលនវត្ថុ ឬម្ចាស់កម្មសិទ្ធិ និងពីគណៈ​កម្មការ​អស្សាមិករណ៍ តាមមាត្រា២៤ នៃច្បាប់ដដែលនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ