ប្រជានេសាទ​នៅ​ខេត្តកំពត​ខ្លាច​បាត់បង់​កន្លែង​អាស្រ័យផល ខណៈ​មាន​ការ​ចាក់ដី​លុប​ព្រៃកោងកាង​ក្នុង​ដែន​សហគមន៍

រថយន្តដឹកដីដែលប្រជាសហគមន៍ព្រែកត្នោត អះអាងថាបានចាក់ដីលុបព្រៃកោងកាង នៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជានេសាទនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត បារម្ភពីការបាត់បង់កន្លែងអាស្រ័យផល​សម្រាប់​ការ​នេសាទ ខណៈ​មាន​បុគ្គលដែលពួកគាត់​មិនស្គាល់​អត្តសញ្ញាណបានធ្វើសកម្មភាព​​​ចាក់ដី​​លុប​​ព្រៃកោងកាងក្នុងដែនសហគមន៍។

ប្រធានសហគមន៍​ព្រែក​ត្នោត លោក អ៊ុក សុវណ្ណារិទ្ធិ ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ មាន​បុគ្គល​មិន​ស្គាល់​ឈ្មោះ បាន​ធ្វើសកម្មភាពចាក់ដីលុប​ព្រៃកោងកាង ក្នុង​សហគមន៍ព្រែកត្នោត ជិត១ ០០០ម៉ែត្រ​​ការ៉េ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​វិញ ក្រោយពីប្រជា​ពលរដ្ឋ​តវ៉ាប្រឆាំង។ ប្រធានសហគមន៍រូបនេះបន្តថា រូប​លោកក៏ដូចប្រជានេសាទផ្សេងទៀត មិនចង់ឱ្យមានការចាក់ដីលុប​ព្រៃ​កោង​កាង ឬ​ដី​ព្រៃស​ហគមន៍​ដែល​ពួកគាត់​ខំ​ការពារនោះទេ ដោយបារម្ភមានការរំលោភ​បន្ថែម​ទៀត និងប៉ះពាល់ដល់ការអាស្រ័យផល​របស់ប្រជានេសាទ។

លោកបន្ថែមថា៖ «អ្នកដែលមកធ្វើហ្នឹងមិនដឹង​ជាគាត់ឈ្មោះអីទេ។ ដីដែលគាត់ចាក់ហ្នឹងជាដីព្រៃកោងកាង​ ដែលដីរបស់គាត់​នៅ​ជាប់​ដី​ព្រៃកោ​ងកាង​ហ្នឹង​ដែរ ហើយ​កន្លែងដែលគាត់ចាក់លុប​ហ្នឹង ​គាត់​ថាគម្រោងធ្វើជាកញ្ចុះ។ ប្រជាសហគមន៍បារម្ភ​ខ្លាច​គាត់​ធ្វើ​អ៊ីចឹង​ទៅ ហើយ​គាត់បារម្ភខ្លាចថ្ងៃក្រោយមានការរំលោភយកកាន់តែធំទៅៗថែមទៀត។ វាមានផលប៉ះពាល់​ប្រជាពលរដ្ឋដែលនេសាទទឹករាក់»

ប្រជានេសាទម្នាក់ទៀត ​លោក ម៉ៅ ចូច និយាយថា លោកមិន​ពេញចិត្តចំពោះសកម្មភាពចាក់ដីលុប​​ព្រៃកោងកាង​នេះ​ទេ ដោយ​បារម្ភប៉ះ​ពាល់​ដី​ព្រៃ​សហគមន៍ និងការនេសាទរបស់ប្រជាពលរដ្ឋ។ លោក​ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរ​នៅសង្កាត់ព្រែកត្នោត ចាត់​វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យព្រៃកោងកាង និ​ង​ដីព្រៃសហគមន៍ព្រែកត្នោត​ បន្តរងការខូចខាតបន្ថែមទៀត ខណៈប្រជាពលរដ្ឋខំដាំនិងការពារ។

លោកបន្ថែមថា៖ «ខ្ញុំមិនអាចទទួលយក​បានទេ ​ដែលគេមកចាក់លុបអ៊ីចឹងនោះ ព្រោះដីសហគមន៍ជាដីរបស់រដ្ឋ ហើយប្រជា​ពលរដ្ឋ​ជា​អ្នក​ការ​ពារ ដល់​គេមកធ្វើអ៊ីចឹង​ យើង​មិន​អាច​ទទួលយក​បានទេ។ យើងបារម្ភខ្លាចនៅយូរៗទៅ វាកាន់តែរាលដាល​ទៅ ​ធ្វើឱ្យប៉ះពាល់ដល់កន្លែងប្រជាពលរដ្ឋ​គាត់ប្រកបមុខរបរនេសាទ អ្នក​រាវខ្យង រាវគ្រែង ​នៅតំបន់ជិតៗហ្នឹង»

ចៅសង្កាត់ព្រែកត្នោត លោក គង់ ប៊ុនរ៉ា បាន​ទទួល​ស្គាល់​ថា ពិត​ជាមានករណីចាក់ដីលុប​​ព្រៃកោងកាង​ក្នុង​សហគមន៍នេសាទ​ព្រែក​ត្នោត​មែន ប៉ុន្តែលោកមិនបានប្រាប់ឈ្មោះអ្នកធ្វើសកម្មភាពចាក់ដី​នោះ​ទេ។ លោកថា ការចាក់ដីលុប​ព្រៃកោងកាង​នេះ ជន​បង្ក​មិន​បាន​ជូន​ដំណឹងឬសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។

ចៅសង្កាត់រូបនេះបន្តថា អាជ្ញាធរសង្កាត់បានធ្វើរបាយការណ៍ជូនរដ្ឋបាលក្រុង​បូកគោរួចហើយ ថាតើ​ត្រូវមានវិធានការឬចំណាត់​ការយ៉ាងណាជុំវិញករណីនេះ ក្រោយសកម្មភាពចាក់ដីលុប​ព្រៃកោងកាងនោះត្រូវបានផ្អាក។

លោកបន្ថែមថា៖ «ក្រុមការងារយើងចុះពិនិត្យមើលរួចហើយ ប៉ុន្តែវិធានការយ៉ាងម៉េច​ទៀត​នោះ​ យើងរង់ចាំការ​ចូល​រួមសហការ​ឬការសម្រេចពីខាងក្រុងដែរ។ ការចាក់លុប​ហ្នឹង​វា​មិន​ច្រើន​ទេ តិចតួចដែរទេ បើតាមយើងចុះពិនិត្យមើលជាក់ស្តែង​ ព្រោះដីគាត់​ហ្នឹង​ជាប់ព្រៃកោងកាងហ្នឹងដែរ»

មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកំពត លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា នៅខេត្តកំពត ករណីចាក់ដីរំលោភយកឆ្នេរសមុទ្រ ចំណី​ព្រែក និងព្រៃកោងកាង បានកើតឡើងជាបន្តបន្ទាប់ ប៉ុន្តែហាក់​មិន​មាន​ចំណាត់​ការ​តឹងរ៉ឹងទៅលើអ្នករំលោភបំពានឡើយ។ លោក​បន្ត​ថា បើ​អាជ្ញាធរ​នៅ​តែ​ធូររ​លុង មិនមាន​ចំណាត់​ការឬ​វិធាន​ការ​ផ្លូវ​ច្បាប់​ណាមួយ​ឱ្យតឹងរ៉ឹងទៅលើជនប្រព្រឹត្តទេនោះ ធនធានដែលជា​សម្បត្តិ​សាធារណៈរបស់​រដ្ឋ ដូចជា ឆ្នេរ​សមុទ្រ មាត់​ព្រែក ព្រៃកោងកាង និងដីរដ្ឋ ជាដើម នឹងក្លាយជាសម្បត្តិឯកជន ហើយ​ធន​ធាន​ទាំង​នោះ​នឹងរងការបាត់បង់។

លោកបន្ថែមថា៖ «អាជ្ញាធរគួរតែយកចិត្តទុកដាក់ឱ្យមែនទែន ចំពោះការទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ជាពិសេស​ព្រៃកោងកាង ព្រោះយើងបានដឹងហើយថា​ នៅខេត្តកំពត ចំនួនព្រៃកោងកាងមានចំនួនតិចតួច ប៉ុន្តែការ​ទន្ទ្រានយកដី និងការកាប់ព្រៃកោងកាង ពីសំណាក់ពលរដ្ឋនិងក្រុមអ្នកមានលុយ​មាន​អំណាច​ផង ​មានចំនួន​ធំធេង។ អ៊ីចឹង បើ​អាជ្ញាធរនៅតែបណ្ដែតបណ្ដោយឱ្យក្រុមឈ្មួញ និង​អ្នកមានលុយមានអំណាច បន្ត​ធ្វើសកម្ម​ភាពអ៊ីចឹងទៀត អត់មានចំណាត់ផ្លូវច្បាប់ឱ្យតឹងរ៉ឹងទេ សម្បតិ្តសាធារណៈរបស់រដ្ឋទាំងនោះនឹងវិនាសហិនហោច»។

បើតាមប្រធានសហគមន៍ព្រែកត្នោត លោក អ៊ុក សុវណ្ណារិទ្ធិ សហគមន៍នេសាទព្រែកត្នោត​ មានផ្ទៃ​ដី​សរុប១ ១៦៨ហិ​ក​តា និងបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ និង​អាជ្ញាធរពាក់ព័ន្ធ នៅឆ្នាំ២០១១។

មាត្រា​៩៨ នៃច្បាប់ស្ដីពីជលផល បានចែងថា ការកាប់ឆ្ការ គាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់​កាប់​ព្រៃលិច​ទឹក និង​ព្រៃ​កោង​កាង ត្រូវផ្ដន្ទាទោសពី៣ឆ្នាំទៅ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ​ឬបំផ្លាញ​ចោល។ ចំណែកមាត្រា១០២ នៃច្បាប់ដដែលនេះ​ បានបញ្ជាក់ថា បើ​បទល្មើសនោះប្រព្រឹត្តឡើងដោយអាជ្ញាធរដែនដី មន្ត្រីនគរបាល មន្ត្រីយោធា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥លាន​រៀល ទៅ​៥០លា​ន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ