ពលរដ្ឋ​១៣១​គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ​បារម្ភ​ពី​ការ​បណ្ដេញចេញ​ទាំង​បង្ខំ ក្រោយ​អាជ្ញាធរ​ឈូសឆាយ​ដំណាំ​និង​ផ្ទះ

ផ្ទះសម្បែងនិងដំណាំរបស់ពលរដ្ឋនៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរធ្វើការឈូសឆាយ ដោយអះអាងថាពលរដ្ឋទាំងនោះ​រស់​នៅនិងអាស្រ័យ​ផល​លើ​ដី​របស់​ក្រុម​ហ៊ុន «សិលាដាម៉ិច» ដោយខុសច្បាប់។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋចំនួន១៣១គ្រួសារ នៅស្រុកគូលែន ខេត្តព្រះវិហារ បារម្ភ​ពីការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ក្រោយ​អាជ្ញាធរ​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្ទះនិង​ផល​ដំណាំ ដែល​ពួក​គេ​អះអាងថា​បាន​អាស្រ័យ​ផល​ជាង១០ឆ្នាំមក​ហើយ​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ-ឃុំស្រយ៉ង់ ស្រុកគូលែន លោក ភ្លូ បោន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា អ្នក​ភូមិ​១៣១​គ្រួសារ នៅ​ឃុំ​ស្រយ៉ង់ និង​ឃុំត្បែង​ពីរ កំពុង​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ក្រោយ​អាជ្ញាធរ​ប្រកាស​ថា ពួក​គាត់​រស់​នៅនិងអាស្រ័យ​ផល​លើ​ដី​របស់​ក្រុម​ហ៊ុន «សិលាដាម៉ិច» ដោយខុសច្បាប់។ លោកថា នៅថ្ងៃនេះ អ្នកភូមិប្រហែល៤០នាក់ តំណាង​ឱ្យ​ពលរដ្ឋទាំង​១៣១គ្រួសារ បានប្រមូលផ្តុំគ្នាលើដីចម្ការ ដើម្បីតវ៉ា ក្រោយអាជ្ញាធរប្រកាសដាក់គ្រឿងចក្រឈូសឆាយផលដំណាំនិងផ្ទះសម្បែងរបស់ពួកគាត់ជាថ្មី។

ពលរដ្ឋរូបនេះអះអាងថា អ្នកភូមិបានចូលទៅរស់នៅនិងអាស្រ័យផលលើដីកំពុងមានជម្លោះនេះតាំងពីឆ្នាំ២០១២ ដោយបានបង្កបង្កើនផលដាំដំណាំហូបផ្លែ ដូចជា ចេក ស្វាយ ខ្នុរ ដំឡូង​មី ធ្វើស្រែ និងដំណាំផ្សេងៗទៀត រហូតមកដល់បច្ចុប្បន្ន។ លោកថា ចាប់តាំងពីពលរដ្ឋចូលអាស្រ័យផលរហូតមកដល់បច្ចុប្បន្ននេះ គឺមិនធ្លាប់មានបញ្ហាអ្វីនោះទេ ទើបតែនៅដើមខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តព្រះវិហារបានដាក់គ្រឿងចក្រឈូសឆាយផ្ទះពលរដ្ឋអស់ប្រហែល៦០ខ្នង និងផលដំណាំ​ប្រហែល៤៥០ហិកតា។

លោក ភ្លូ បោន បន្ថែមថា ករណីអាជ្ញាធរខេត្តព្រះវិហារដាក់គ្រឿងចក្រឈូសឆាយផ្ទះនិងផលដំណាំរបស់​ពលរដ្ឋនេះ គឺមិនបាន​ជូន​ដំណឹង​ជា​មុ​ន​នោះ​ទេ ហើយក្រោយការឈូសឆាយកាលពីខែមីនា ​ឆ្នាំ២០២២នោះ អ្នកភូមិនាំគ្នាទៅដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី រដ្ឋសភា ក្រសួងមហាផ្ទៃ និងស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីសុំអន្តរាគមន៍ដោះស្រាយ ប៉ុន្តែរហូតមក​ដល់​ពេលនេះ ពុំមានដំណោះស្រាយណាមួយសម្រាប់ពួកគាត់ឡើយ។

លោកបន្ថែមថា៖ «ដំណាំដាំដុះរបស់ប្រជាពលរដ្ឋនិងផ្ទះមាន​ប៉ុន្មាន គេឈូសចោលទាំងអស់។ មុនៗ ប្រជាពលរដ្ឋគាត់បង្កបង្កើនផលដាំដុះ មិនដែលមានអ្នកណាមករំខានអីទេ។ ឥលូវនេះ ខ្ញុំមិនទាន់ដឹងថា ខាងរដ្ឋបាលខេត្តគេចុះមកនេះ គេដោះស្រាយតាមរបៀបណា ខ្ញុំមិនដឹងទេ! ប៉ុន្តែបើការ​ដោះស្រាយនោះ​មិន​សម​រម្យទេ ពួកខ្ញុំជាប្រជាពលរដ្ឋក៏មិនព្រមដែរ ព្រោះពួក​ខ្ញុំបានអាស្រ័យផលដាំដុះ​ច្រើន​ឆ្នាំ​មក​ហើយ។ ពួកខ្ញុំនឹងឡើងទៅរកកិច្ចអន្តរាគមន៍ពីសម្តេច ហ៊ុន សែន បន្ត​ទៀត»

លោក ឃ្លោក លាំ ជាពលដ្ឋរស់​នៅឃុំត្រយ៉ង់ដែរនោះ​ និយាយថា ការចុះឈូស​ឆាយ​ដំណាំនិង​ផ្ទះពលរដ្ឋ​កន្លង​មក គឺអាជ្ញាធរ​បាន​គំរាម​កំហែង​ចាប់ និង​ប្តឹង​ពលរដ្ឋទៅតុលាការ ប្រសិនបើពលរដ្ឋហ៊ានតវ៉ា និង​ថតរូបភាពអំពីសកម្មភាពឈូសឆាយនោះ​។

ពលរដ្ឋរូបនេះឱ្យដឹងថា គ្រួសារលោកមានផ្ទះនិងដីចម្ការចំនួន៦ហិកតា ពេញដោយដំណាំហូប​ផ្លែ ត្រូវបានអាជ្ញាធរ​ខេត្តព្រះវិហារដាក់គ្រឿងចក្រអម​ដោយ​កម្លាំង​សមត្ថកិច្ចចម្រុះ ប្រដាប់​ដោយ​កាំភ្លើង​ ចុះឈូសឆាយចោល កាលពីខែមីនា ឆ្នាំ២០២២នេះ ដោយមិនបានដោះស្រាយសំណងជូនគាត់ឡើយ។

លោកបន្ថែមថា៖ «កាលពីថ្ងៃឈូសឆាយនោះ អាជ្ញាធរគេគំរាមថា បើប្រជាពលរដ្ឋយើងហ៊ានតែ​ចូលទៅ​តវ៉ា​ គេនឹង​ចាប់ដាក់​គុក។ ដល់​អ៊ីចឹង​ពលរដ្ឋគាត់អត់ហ៊ាន ឱ្យគេឈូសឆាយតាមចិត្ត។ បើទូរសព្ទវិញ បើអ្នកណាមាន គេចាប់ដកហូតអស់ គេអត់ឱ្យថតរូបទេ ទុកឱ្យគេឈូសតាមដំណើររបស់គេ។ ពលរដ្ឋម្នាក់ៗបានយំស្រែកមិនដឹងធ្វើម៉េច​ បើយើងអត់មានសិទ្ធិមានអំណាចដូចគេ មិនដឹងធ្វើអីគេកើត»

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ប្រជាពលរដ្ឋចំនួន១៣១គ្រួសារ និងមានដីសរុប៦៤៩​ហិកតា នៅភូមិក្ដាក់ ឃុំត្បែង​ពីរ និង​ភូមិម្រេច ភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បាននាំគ្នា​ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្រសួងមហាផ្ទៃ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំឱ្យស្ថាប័នទាំងនេះ អន្តរាគមន៍ទៅរដ្ឋបាលខេត្តព្រះវិហារដោះស្រាយដីធ្លីជូនពួកគេ។

ក្នុងញត្តិនោះបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ កម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយអភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុទ្ធី បានបញ្ជាកម្លាំងនិងគ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះសម្បែងនិងផលដំណាំរបស់ពលរដ្ឋអស់​គ្មានសល់ ហើយបានបណ្តេញពលរដ្ឋចេញពីលំនៅ​ និងបាន​គំរាមប្តឹងនិងចាប់ពលរដ្ឋដាក់ពន្ធនាគារថែមទៀត។

វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញការចោទប្រកាន់នេះពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ខណៈ​អភិបាលរងខេត្ត លោក អ៊ុង វុទ្ធី បដិសេធឆ្លើយតបតាមទូរសព្ទ ដោយ​តម្រូវឱ្យអ្នកសារព័ត៌មានទៅជួបផ្ទាល់។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ករណីអាជ្ញាធរ​ដាក់​គ្រឿង​ចក្រឈូសឆាយផ្ទះនិងដំណាំពលរដ្ឋនោះ ជាទង្វើ​រំលោភ​សិទ្ធិ​ពលរដ្ឋធ្ងន់ធ្ងរក្នុងការទទួលបានដីធ្លី ដែលធានា​ដោយរដ្ឋធម្មនុញ្ញ និង​ច្បាប់អន្តរជាតិ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា នៅខេត្តព្រះវិហារ ភាគច្រើនក្រុមហ៊ុននិងអាជ្ញាធរ​ជាអ្នកដែលទៅរំលោភបំពាន​យកដីធ្លីរបស់​ប្រជាពលរដ្ឋ និងតែងតែប្រើប្រាស់កម្លាំងបង្ក្រាបលើទៅពលរដ្ឋ។

លោកបន្ថែមថា ៖«អាជ្ញាធរគួរតែកោះហៅពលរដ្ឋមកប្រជុំ ដើម្បី​រកដំណោះស្រាយជូនពួកគាត់ គឺអាជ្ញាធរមិនត្រូវប្រើកម្លាំង ប្រើ​អំណាច​ទៅឈូសឆាយដីធ្លីរបស់ពួកគាត់នោះទេ។ អាជ្ញាធរគួរណារកដំណោះស្រាយ​ដោយសន្តិវិធី ជាជាងប្រើហិង្សាលើ​ពលរដ្ឋ។ ប៉ុន្តែយើងឃើញថា កន្លងមក អាជ្ញាធរខេត្តព្រះវិហារមិនដែលហៅពលរដ្ឋមកដោះស្រាយតាមនីតិវិធីនោះទេ ទោះ​ពួកគាត់បានដាក់ញត្តិក៏ដោយ»

ប្រធាន​​ក្រុមហ៊ុន​​សិលាដាម៉ិច លោក សំណាង សីម៉ា ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីឆ្នាំ២០១៥ ថាក្រុមហ៊ុននេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នៅឆ្នាំ២០០៩ លើ​ផ្ទៃដី​ទំហំ៩ ០០០ហិកតា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដាំ​កៅស៊ូ ស្ថិតក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ប៉ុន្តែមន្ត្រី​សង្គមស៊ីវិល រកឃើញថា គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះបានធ្វើឱ្យប៉ះពាល់ដល់​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ជាពិសេសសិទ្ធិទទួលបានការកាន់កាប់​ដីធ្លី និងបញ្ចេញមតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ