ក្រុមស្ត្រីថ្ងៃសុក្រ សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ឱ្យ​មាន​ការ​ដោះលែង​សាច់ញាតិ​ដែល​កំពុង​ជាប់ឃុំ

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណ១០នាក់​ បាន​នាំគ្នា​ដាក់ញត្តិ​នៅក្រសួង​ព្រះបរមរាជវាំង ដើម្បីស្នើ​សុំព្រះរាជអន្តរាគមន៍ពី​ព្រះមហាក្សត្រ លើកលែងទោស និងដោះលែង​​ស្វាមី​ និង​សាច់ញាតិរបស់​ខ្លួនដែលកំពុងជាប់ឃុំ ឱ្យ​មានសេរីភាពវិញ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណ១០នាក់​ បាន​នាំគ្នា​ដាក់ញត្តិ​នៅក្រសួង​ព្រះបរមរាជវាំង ដើម្បីស្នើ​សុំព្រះរាជអន្តរាគមន៍ពី​ព្រះមហាក្សត្រ លើកលែងទោស និងដោះលែង​​ស្វាមី​ និង​សាច់ញាតិរបស់​ខ្លួនដែលកំពុងជាប់ឃុំ ឱ្យ​មានសេរីភាពវិញ។

ក្នុងញត្តិថ្វាយ​ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី តាមរយៈ​ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៥ ខែកក្ក​ដា ឆ្នាំ២០២២នេះ ក្រុមស្ត្រីថ្ងៃសុក្រ បានលើក​ឡើងថា ស្វាមី ឪពុក និងសាច់ញាតិ​របស់ពួកគេ កំពុងជាប់ពន្ធនាគារដោយ​សារ​រឿងនយោបាយយ៉ាងអយុត្តិធម៌។ ញត្តិ​ដដែល​បន្តថា អាជ្ញាធរ​បាន​ចាប់​គ្រួសារ​ពួក​គេតាមតែអំពើចិត្ត និង​មាន​ការ​ចោទប្រកាន់​ពី​បទ «រួម​គំនិតក្បត់» ដែលការចោទនេះ ពួកគេថាជារឿងប្រតិដ្ឋមួលបង្កាច់​ចាប់​កំហុស​ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាង​ច្បាស់​លាស់ឡើយ។

សមាជិកក្រុមស្ត្រីថ្ងៃសុក្រ អ្នកស្រី អ៊ុក ចន្ធី ប្រាប់វីអូឌីនៅ​កន្លែងដាក់ញត្តិថា ស្វាមីរបស់​អ្នកស្រី គឺ​លោក យឹម សារ៉េត ជាអតីត​ក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ​ នៅឃុំ​ចន្ទ្រា​ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង។ អ្នក​ស្រីថា​ ស្វាមីរបស់អ្នកស្រី និង​អតីតសកម្មជនបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​​ផ្សេងទៀត ត្រូវបានតុលាការកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារចន្លោះ​​ពី៥​ទៅ​៧ឆ្នាំ​យ៉ាង​អយុត្តិធម៌ ដោយ​គ្រាន់តែពួកគេជាអ្នកនយោបាយ និងជួបជុំគ្នាបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញនោះ។

អ្នកស្រី​​បន្ថែមថា៖ «អ៊ីចឹងហើយ ពួកខ្ញុំមិនដឹងទៅពឹងអ្នកណា មានតែព្រះមហាក្សត្រហ្នឹងហើយដែលជាម្លប់ដល់កូនចៅ។ កូនចៅមានទុក្ខលំបាក អត់មានស្ថាប័នណាជួយបានឡើយ មានតែស្ថាប័នព្រះមហាក្សត្រ ដូច្នេះទើបពួកខ្ញុំមករកព្រះអង្គជួយលើក​លែងទោសដល់ពួកគាត់»

ភរិយា​លោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ គឺអ្នកស្រី ព្រំ ចាន់ថា បាន​ឱ្យដឹងថា ស្វាមី​របស់​អ្នក​ស្រីជាអតីតប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំយ៉ាង​អយុត្តិធម៌។

អ្នកស្រីបន្តថា ការដែល​ពួកគាត់​ទៅស្វែងរកព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ តាមរយៈក្រសួងព្រះបរមរាជវាំង​នេះ ដោយ​សារ​តែ​ពួក​គាត់​អស់​ជំនឿលើ​អាជ្ញាធរ​ពាក់​ព័ន្ធ និង​ប្រព័ន្ធ​តុលាការ។ អ្នកស្រីមានជំនឿ​ថា ព្រះមហាក្សត្រនឹងអាចជួយពួកគាត់​បាន ខណៈព្រះអង្គ​ក៏ធ្លាប់បានឡាយ​ព្រះហស្តលេខា​លើកលែង​ទោស​ដល់​អ្នកទោស​ជាច្រើន​មក​ហើយ​នោះ។

បើតាម​អ្នក​ស្រី ព្រំ ចាន់ថា រហូតមកដល់ពេលនេះ សកម្មជនជាង៤០នាក់ហើយ​របស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ត្រូវបានតុលាការចោទប្រកាន់និងចាប់ឃុំខ្លួន។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំមិនអាចទៅរកឱ្យក្រសួងណាមក​ជួយពួកខ្ញុំទេ ព្រោះក្រសួងទាំងនោះជាបក្ខពួករបស់បក្សកាន់អំណាចទាំងអស់ ដល់អ៊ីចឹងវាអត់មានយុត្តិធម៌សម្រាប់​ក្រុម​គ្រួសាររបស់ពួកខ្ញុំទេ។ អ៊ីចឹងពួកខ្ញុំត្រូវតែរត់រកព្រះមហាក្សត្រឱ្យ​ជួយដល់ពួកខ្ញុំ ព្រោះជាឪពុកម្តាយ។ អ៊ីចឹង មានតែព្រះមហាក្សត្រទេ ដែលអាច​ជួយពួកខ្ញុំបាន ឬក៏លើកលែងទោសបាន»

ជុំវិញ​ការប្រមូលផ្តុំដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រ នៅព្រឹកមិញនេះ មន្ត្រីក្រសួងព្រះ​បរមរាជវាំង​បា​ន​អនុញ្ញាត​ឱ្យ​តំណាងពលរដ្ឋ​២នាក់ចូល​ទៅដាក់ញត្តិ​ដល់ក្នុ​ង​ក្រសួង។ បើតាមតំណាងពលរដ្ឋ មន្ត្រីក្រសួងបានទទួលញត្តិ ប៉ុន្តែមិនបានសន្យាអ្វី​នោះ​ទេ។

នាយក​​​ទទួល​​បន្ទុក​​កិច្ចការ​ទូទៅ​​ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដើរដាក់ញតិ្តរបស់ក្រុម​ស្រ្តីថ្ងៃ​សុក្រ នៅតាម​ស្ថាន​ទូត​នានាកន្លងមក និងស្ថាប័នព្រះមហាក្សត្រនៅថ្ងៃនេះ គឺមិនមែនជាកំហុសរបស់ពួកគេនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់រឿងនេះ គឺ​ការ​អនុវត្តវិធានការច្បាប់ខ្វះតម្លាភាព និងក្រោមរូបភាពនយោបាយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះ​បន្តថា អ្នក​ជាប់ឃុំទាំងនោះអាចមាន​ការដោះលែងបាន លុះត្រាតែមានការសម្របសម្រួលផ្នែកនយោបាយ​ណាមួយរវាងអ្នកនយោបាយបក្សប្រឆាំង និងបក្សកាន់អំណាច។

លោកបន្ថែមថា៖ «រឿងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ឬក៏សកម្មជនគណបក្សប្រឆាំង ការចោទប្រកាន់ ការឃុំខ្លួនភាគច្រើនហ្នឹង ទាក់ទងរឿងនយោបាយច្រើនជាង​ការអនុវត្តច្បាប់។ អ៊ីចឹង​ជាដំណោះស្រាយរួម ត្រូវស្វែងរកកិច្ចចរចាផ្នែក​នយោបាយ ឬសន្ទនាផ្ទៃក្នុង​នយោបាយ ដើម្បីបញ្ចប់​វិបត្តិនយោបាយ​ដែល​នៅ​សេសសល់ ហើយ​រួម​គ្នាកសាង​ជាតិមាតុ​ភូមិ​ ដើម្បីអនុវត្តទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»

កាលពីពេល​កន្លង​មក ក្រុមស្ត្រីថ្ងៃសុក្រ ធ្លាប់បាន​នាំ​គ្នា​រកកិច្ចអន្តរាគមន៍ពីស្ថានទូតប្រទេសលោកសេរីមួយ​​ចំនួន​ប្រចាំនៅ​កម្ពុជា​ ដើម្បីស្នើ​ឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា​ និងតុលាការទម្លាក់ចោលបទចោទប្រកាន់​ទាំង​អស់ និងដោះលែងស្វាមីនិង​សាច់ញាតិរបស់ពួកគេឱ្យមានសេរីភាពវិញ។

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ កាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។

ក្រោយពីមានការ​កាត់ទោស​ក្រុម​សកម្មជនបក្សប្រឆាំងក្នុងទ្រង់ទ្រាយធំចំនួន៤៣នាក់រួចមក អ្នកជំនា​ញ​សិ​ទ្ធិមនុស្សនៅ​អង្គ​ការសហប្រជាជាតិ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បាន​ស្នើទៅរ​ដ្ឋាភិបាល​កម្ពុ​ជាឱ្យពិនិត្យឡើ​ង​វិញ​​លើ​ករ​ណីនេះ ដោ​​​​យ​ស​ម្អា​​​ងថា​ វិ​​​ធានការនោះមិនបានភ្ជាប់កាតព្វកិច្ច​នៃការគោរព​សិទ្ធិមនុស្ស​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ