អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ស្នើឱ្យតុលាការកំពូលលើកលែងការផ្តន្ទាទោសខណៈដែលតុលាការជាន់ទាបបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំកាលពីឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការគាំទ្រដំណើរមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញ របស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកស្រី ប៉ែន មុំ ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិនៅឃុំកណ្តោល ខេត្តកំពត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដំបូងកាលពីខែតុលា ឆ្នាំ២០១៩ ដោយចោទប្រកាន់ថាបានគាំទ្រ មាតុភូមិនិវត្តន៍ចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី ដែលមិនទទួលបានជោគជ័យកាលពី ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្នកស្រីត្រូវបាន អនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅឆ្នាំនោះ ប៉ុន្តែអ្នកស្រីត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំពីបទរួមគំនិតក្បត់។
សាលាឧទ្ធរណ៍ព្រះសីហនុបានព្យួរទោសអ្នកស្រីរយៈពេលពីរឆ្នាំកាលពីខែសីហា ឆ្នាំ២០២១ ដោយបានសម្រេចឃុំខ្លួនអ្នកស្រីរយៈពេល ៣ ឆ្នាំ។
អ្នកស្រី ប៉ែន មុំ បានបង្ហាញខ្លួននៅតុលាការកំពូលកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា និងបាននិយាយថាអ្នកស្រីបានអុវត្តតាមលក្ខខណ្ឌនៃការត្រួតពិនិត្យរបស់តុលាការនៅពេល អ្នកស្រីនៅក្រៅឃុំ ហើយទើបតែនៅពេលអ្នកស្រីបានបង្ហោះវីដេអូមួយអំពីផ្លូវមួយខ្សែដែល មានហុយដីទ្រលោមនៅក្នុងស្រុកទឹកឈូរ ខេត្តកំពត ទើបអ្នកស្រីត្រូវបានចាប់ខ្លួនជាថ្មីនៅ ក្នុងឆ្នាំ២០២០។
អ្នកស្រីបាននិយាយនៅក្នុងតុលាការថា «[អ្នករស់នៅទីនោះ] បានសុំឱ្យខ្ញុំជួយធ្វើវីដេអូផ្សាយ ផ្ទាល់មួយដើម្បីសុំឱ្យអាជ្ញាធរបាញ់ទឹកដើម្បីកុំឱ្យមានធូលីដីហុយ»។
អ្នកស្រីក៏បានបដិសេធចំពោះការកៀរគរមនុស្សឱ្យមកគាំទ្រដំណើរមាតុភូមិនិវត្តន៍ចូលកម្ពុជា វិញរបស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩ ហើយអ្នកស្រីចង់ទៅជួបកូនទាំង ៥ នាក់របស់ អ្នកស្រីវិញ ដោយសុំការបន្ធូរបន្ថយទោសពីតុលាការ។
ខណៈលោក សំ សុគង់ ដែលជាមេធាវីរបស់អ្នកស្រីអវត្តមានក្នុងសវនាការ លោក ជុំ អ៊ៀក ជាមេធាវីតំណាងដោយអាណត្តិនៃគណៈមេធាវីបានថ្លែងថាអ្នកស្រីមានសេរីភាពក្នុងការបញ្ចេញមតិដើម្បីគាំទ្រគណបក្សណាដែលអ្នកស្រីពេញចិត្តហើយថារដ្ឋាភិបាលបានបញ្ជាឱ្យដោះលែងពលរដ្ឋដែលត្រូវចាប់ខ្លួនមុនពេលមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញរបស់លោក
សម រង្ស៊ី ឱ្យនៅក្រៅឃុំ ប៉ុន្តែតុលាការខេត្តកំពតបានបន្តកាត់ទោសអ្នកស្រី។
ព្រះរាជអាជ្ញារង លោក ឈួន ចន្ថា បានមានប្រសាសន៍ថា លោកយល់ស្របនឹងសេចក្តី សម្រេចរបស់តុលាការជាន់ទាបទាំងពីរ ហើយមិនចង់មានការផ្លាស់ប្តូរណាមួយនៅក្នុង ការកាត់ទោសអ្នកស្រីឡើយ។
អ្នកស្រី ប៉ែន មុំ គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ សមាជិក សកម្មជន និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិជាង ១០០ នាក់ ដែលត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០១៩ ហើយអ្នកទាំងនោះភាគច្រើនត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជាការរួមគំនិតក្បត់ និងការវាយប្រហារប្រឆាំងរដ្ឋាភិបាល ខណៈជាច្រើនអ្នកផ្សេងទៀតកំពុងនៅក្រៅប្រទេស និងមិនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារឡើយ។ រដ្ឋាភិបាលបានកាត់ទោសមនុស្ស៤នាក់ ពាក់ព័ន្ធនឹងមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី ហើយជាលទ្ធផលមនុស្ស ៣នាក់ក្នុងចំណោមទាំង៤នាក់នោះត្រូវបានកាត់ទោស។
នៅក្នុងការកាត់ទោសទ្រង់ទ្រាយធំកាលពីខែមិថុនា ឆ្នាំ២០២២ មនុស្សជាង ៥១ នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទញុះញង់ និងរួមគំនិតក្បត់។
ចៅក្រមនៃតុលាការកំពូលគ្រោងប្រកាសសាលដីកាសំណុំរឿងនេះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖៖ CNRP Member Asks Supreme Court to Overturn Conviction
បកប្រែដោយ៖ លោក លី សេងហន