ក្រោយ​រំលាយ​បក្សសង្គ្រោះជាតិ សកម្មជន​គណបក្សនេះ​ជាង​៣០នាក់​រងអំពើ​ហិង្សា

គ្រូពេទ្យគ្លីនិកឯកជនមួយកន្លែង កំពុងដេរមុខរបួសឱ្យជនរងគ្រោះឈ្មោះ ស៊ិន ខុន ក្រោយលោករងរបួសដោយត្រូវជនមិនស្គាល់មុខមានគ្នា៤នាក់ព្រួតវាយបណ្ដាលឱ្យរងរបួស ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

មេធាវីការពារ​សិទ្ធិ​ឱ្យ​គណបក្សប្រឆាំង លើក​ឡើង​ថា សកម្មជនគណបក្សរបស់ខ្លួន​មិន​តិច​ជាង៣០​នាក់​ទេ ត្រូវបានជនមិនស្គាល់មុខលបវាយ​ប្រហារ រហូត​បង្ក​ឱ្យ​មាន​របួស​ស្នាម​​​ក្នុង​កម្រិត​​​ស្រា​លនិង​ធ្ងន់​ធ្ងរ ហើយ​មាន​អ្នក​ខ្លះទៀតត្រូវ​ទទួលមរណ​ភាព ប៉ុន្តែជនដៃដល់ក្នុង​​​អំពើ​​​ហិង្សាកន្លង​ទៅ​​នេះមិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសម្ដងណានៅឡើយទេ។

លោក សំ សុគង់ មេធាវីការពារសិទ្ធិឱ្យគណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​ ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា មានជនរង​​គ្រោះ​​មិន​​តិ​​ចជាង៣០នាក់​ទេដែល​ត្រូវ​បាន​គេ​លប​វាយ​ប្រហារ ហើយ​​សកម្ម​ភាព​បែប​​​នេះបានកើតឡើងជាញឹកញាប់ ជាពិសេសនៅ​ក្រោយ​ពេល​ដែល​ «គណបក្ស​សង្រ្គោះ​​ជាតិ» ត្រូវ​​បាន​​​តុលា​ការកំពូលរំលាយ កាលពីចុងឆ្នាំ២០១៧មក។ ប្រភពដដែល​បន្ត​ថា អំពើ​ហិង្សា​ភាគ​ច្រើនប្រឆាំង​ស​​​កម្ម​​ជន​​គណបក្សក្រៅរដ្ឋាភិបាលកន្លងមកនេះ គឺត្រូវបាន​​ជន​​​​​មិន​​​ស្គាល់មុខ​លបវាយ​​ពី​ក្រោយ ហើយ​​ជួន​​កាល​​​វាយដោយចំពោះមុខក៏មានដែរ ប៉ុន្តែអ្នកប្រព្រឹត្តបទល្មើសតែងរួចខ្លួនជាដរាប។

លោកបន្តថា៖ «និយាយទៅ បើយើងគិតមកដល់ពេលនេះ ទាក់ទងករណីហ្នឹងមានជាង៣០​ករណី​​​ហើយ​​។ ​​អំពើហិង្សាកើតឡើងមានវាយពីក្រោយ មានហិង្សាអីផ្សេងៗ វាមានជាង៣០ករណី​​​ហើយ។​ ​​បើ​និយាយ​ឱ្យត្រង់ទៅ បញ្ហានេះកើតឡើងតាំងពីឆ្នាំ២០១៨មក រហូតមកដល់ពេល​​​បច្ចុប្បន្ននេះ​។​​ យើងសង្កេតឃើញតាំងពីមានការរំលាយបក្សសង្គ្រោះជាតិមក កើតមានអំហិង្សា​​ហ្នឹងជាហូរ​​ហែ​​មក​​ហើយ »។

ឆ្លើយតបរឿងនេះ មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ឱ្យដឹង​ថា ក្នុង​​​នា​​ម​​​​​សមត្ថកិច្ច ពិតជា​​មិន​ចង់​​​ឃើញ​​ហេតុការណ៍ហិង្សា​​បែបនេះ​​កើតឡើង​​ទាល់តែសោះ។​ ​លោក​បន្តថា ឱ្យតែ​ពលរដ្ឋ​កម្ពុជា មិនថា​​​សកម្មជន​​គ​ណ​​​​បក្សប្រឆាំង ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា​នោះ​ទេ​ គឺ​ពួកគេសុទ្ធតែ​​​ទទួល​បាន​​​នូវការការពារដូចគ្នា ដោយ​មិនរើស​អើងនិន្នាការ​នយោបាយ​ណា​មួយ​នោះឡើយ។ ប៉ុន្តែចាប់តាំងពីមានហេតុការណ៍កើតឡើង លោកបញ្ជាក់ថា មិន​ដែល​ឃើញ​​​ម្ចាស់​​​បណ្ដឹងប្ដឹងមកសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ឬស្វែងរកយុត្តិធម៌ម្តងណានោះទេ។

លោកបន្តថា៖ «រឿងនេះ ខ្ញុំគិតថា​ជារួម ខ្ញុំនិងសមត្ថកិច្ចក៏​មា​នការសោកស្តាយ និងសូមចូលរួម​​ និ​យា​យ​​​​រួម ពិបាកដូចតែជនរងគ្រោះអ៊ីចឹងដែរ នៅពេលដែលរកមិនឃើញ ព្រោះយើងមិន​​ទាន់បាន​រក​យុត្តិធម៌​ឱ្យជនរងគ្រោះ។ ក្នុង​នាម​ជា​សមត្ថ​កិច្ច​ យើង​មិន​គិត​ថាអ្នក​ណាជា​អ្នក​ណា​ទេ។ ប៉ុន្តែ​វា​មាន​កន្លែង​សម្រាប់​ជន​រង​គ្រោះ​នោះ​ ពេល​ដែល​គាត់​រង​គ្រោះ​ហើយ ភាគច្រើនគាត់មិនដែល​​មក​រក​​​សមត្ថ​​កិច្ចយើងមុនទេ។ គាត់តែងតែចេញសេចក្តីថ្លែងការណ៍ថាជាការគំរាមកំហែង ជារឿង​នយោ​បាយ និងបំបិទសិទ្ធិសេរីភាព ហើយគាប​សង្កត់បក្សប្រឆាំងអ៊ីចឹងទៅ»។

បើតាមលោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ដើម្បី​អាច​ឱ្យសមត្ថកិច្ចមានតម្រុយក្នុងការបើកផ្លូវ ដើម្បី​​​ឈាន​ទៅកំណត់អត្តសញ្ញាណជងសង្ស័យក្នុងសំណុំរឿងនីមួយៗបាន លុះត្រាតែភាគីពាក់ព័ន្ធ​​ចូ​ល​​​​រួមសហការជាមួយសមត្ថកិច្ចជាមុន ទើបជួយឱ្យដំណើរការក្តីនេះបានលឿននិងមានប្រសិទ្ធភាព​​។ ប៉ុន្តែលោកសង្កេតឃើញថា រាល់មានរឿងក្តីកើតឡើង ជនរងគ្រោះតែងផ្តល់ព័ត៌មានទៅ​​​អង្គ​ភាព​​​ព័ត៌​​​មាន ហើយចាត់ទុកថា សំណុំរឿងនេះគឺជារឿងនយោបាយ ក្នុងទិសដៅ​​វាយប្រហារ​​មក​​លើ​​​ស​​មត្ថ​កិច្ច។

តែយ៉ាងណា​ សម្រាប់មេធាវីការពារសិទ្ធិ​​ឱ្យ​គណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​ លោក សំ សុគង់ អះអាងថា តាមពិ​ត​ទៅ ជនរងគ្រោះ​​បានដាក់បណ្តឹង​​​ជា​​​ហូរហែ​ ទាំង​ក្នុង​តំណាក់​កាល​នគរ​បាល​យុត្តិធម៌ និង​តុលាការ ប៉ុន្តែគ្រប់ករណីមិនដែល​​ឃើញ​​មាន​​ចំណាត់​ការ ឬ​មាន​ការ​ឆ្លើយ​តប​បែប​ណា ជុំវិញបណ្តឹងទាំងនោះនៅឡើយទេ ក្នុងរយៈពេល​​ជិត៥ឆ្នាំមកនេះ។

លោកបន្តថា៖ «មកដល់ពេលនេះ ជនរងគ្រោះតែងតែ​ប្តឹង​ទៅ​អាជ្ញាធរមានសមត្ថ​កិច្ច ហើយ​បណ្តឹង​​​ខ្លះ​​​​នៅ​​​អាជ្ញាធរ ហើយបណ្តឹងខ្លះនៅតុលាការ ប៉ុន្តែមកដល់ពេលនេះ ​មិន​ទាន់​មាន​ចំណាត់​ការ ឬ​ក៏​​គេ​ហៅថាធ្វើ​​បច្ចុប្បន្នភាពនៃការស៊ើបអង្កេតឱ្យបាន​​លម្អិតនៅឡើយទេ។ ទាក់​ទង​ការ​ចាប់​​​ជន​​​ល្មើ​​ស​មកអនុវត្តទោសហ្នឹង ក៏មិនទាន់ឃើញមានដែរ»

បើតាមការបញ្ជាក់របស់លោកមេធាវី សំ សុគង់ ក្នុងចំណោមការប្រើប្រាស់ហិង្សាទាំងជាង​៣០​ករ​​​ណី​នេះ មានប្រមាណ១០សំណុំរឿងគឺជាហិង្សាក្នុងកម្រិតធ្ងន់ធ្ងរបំផុត រហូតបណ្តាល​​ឱ្យ​​ជន​​រង​​គ្រោះត្រូវពិការអស់មួយជីវិតក៏​មានដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមខែ​មេសា ឆ្នាំ២០២២កន្លងទៅ បាន​ព្រមាន​ដោយ​ផ្ទាល់​មាត់ ដោយ​បញ្ជា​ឱ្យ​សមត្ថកិច្ចកុំញញើតបំផ្លាញមនុស្ស ដែល​លោក​​​ចាត់​​ទុក​​ថា ជាក្រុម​បំផ្លាញ​សន្តិភាពក្រោមការគ្រប់គ្រងរបស់លោក ដើម្បី​ទប់​ស្កាត់កុំឱ្យកម្ពុជា​​វិលទៅ​​រក​​​​សង្រ្គាម​ស៊ីវិលឡើងវិញ។ ថ្មីៗទៀតនេះ កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា នៅក្នុងមហា​​សន្និ​​បាត​​​​វិសាមញ្ញនៃមជ្ឈិមបក្សរបស់គណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងពីការបរាជ័យ​​​នៃ​​ផែន​ការរបស់​ក្រុមប្រឆាំង ដែលគណបក្សកាន់អំណាចហៅថាជា «ក្រុមជ្រុលនិយម» ហើយ​​ប៉ុន​​ប៉ង​​ចង់​​បំផ្លាញ​​​ការ​​ដឹកនាំ​របស់គណបក្សចាស់វស្សាមួយនេះ។

នាយក​ចាត់ការទូទៅ ​នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា គ្រប់​ករណី​ព្រហ្ម​ទណ្ឌមិនចាំបាច់ជនរងគ្រោះប្តឹង​ទាមទារយុត្តិធម៌ទេ ព្រោះ​បើ​​ផ្អែកតាម​​​គោ​ល​​​ការណ៍និង​នីតិវិធី គឺ​សមត្ថកិច្ចនគរបាលយុត្តិធម៌ និងតំណាងអយ្យការទៅវិញទេ ដែល​​​​​ជាអ្នក​​ខ្វល់​​​ខ្វាយ​ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ នៅពេលណាទទួលព័ត៌មានស្តីពីអំ​​ពើ​​​ហិង្សា​កើតឡើង។

លោកបន្តថា៖ «មន្រ្តីនគរបាលយុត្តិធម៌ ហើយនិងព្រះរាជអាជ្ញា គឺជាអ្នកធានា​​ការស្វែងរកយុត្តិ​​ធម៌​​សម្រា​​ប់សង្គម និងសម្រាប់ជនរងគ្រោះ។ អ៊ីចឹងបទល្មើសព្រហ្មទណ្ឌ ព្រះរាជអាជ្ញាគឺជាដើមបណ្តឹងនៃ​បណ្តឹងព្រហ្មទណ្ឌ ចំណែកឯជនរងគ្រោះគ្រាន់​​​តែជាដើមបណ្តឹងរដ្ឋប្បវេណីទេ​។ អ៊ីចឹងការស្វែង​​រក​​ភស្តុតាង​​នៅក្នុងរឿងព្រហ្មទណ្ឌ មិនមែនជាជនរងគ្រោះទេ គឺនគរបាលយុត្តិធម៌ និងព្រះរាជ​​​អាជ្ញា​​។ វា​​ខុសពីរឿងរដ្ឋប្បវេណី។ អ៊ីចឹងករណីព្រហ្មទណ្ឌលដែលបានកើតឡើង ទោះបីជាបាន​ទទួល​បណ្តឹងពីជនរងគ្រោះ ឬមិនបានទទួល ប៉ុន្តែបានទទួលព័ត៌មានសង្ស័យអំពីព្រហ្មទណ្ឌ​​បទ​​ល្មើសដែលកើតឡើង ព្រះរាជអាជ្ញាលោកអាចដឹកនាំនគរបាលយុត្តិធម៌ បើកការស៊ើបអង្កេតបឋម ដើម្បី​ស្វែងរកការពិត»។

បើទោះបែបណា លោក អំ សំអាត នៅ​​តែមើលឃើញថា អំពើ​ឃាតកម្ម​ដែល​បាន​កើត​ឡើង​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង អ្នកការពារ​​សិទ្ធិ​​​​មនុស្ស និងអ្នកវិភាគសង្គម ជាដើម យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​ពួក​គេនៅ​តែ​មិន​ទាន់ទទួល​​បាន​​នៅ​​ឡើយ។ ការណ៍នេះ លោកចាត់ទុកថា នាំឱ្យ​រដ្ឋាភិ​បាល​រង​នូវ​ការ​ទិតៀនថា​ជា​រដ្ឋាភិបាលដែល​បណ្តុំ​ទៅ​ដោយ​អំពើ​និទណ្ឌភាព​ចាក់​ស្រែះនៅ​ក្នុង​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ