ពលរដ្ឋ​ជាង​៣០០នាក់​ប្រមូលផ្ដុំ​មុខ​សាលាស្រុក​ស្រែអំបិល ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការ​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច

ពលរដ្ឋជាង៣០០នាក់ តំណាងឱ្យអ្នកភូមិជិត១ ០០០គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នាមុខសាលាស្រុក ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីសម្បទានសង្គមកិច្ចដល់ពួកគាត់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋអះអាងថា ពួកគាត់ជាង៣០០នាក់ តំណាងឱ្យអ្នកភូមិជិត១ ០០០គ្រួសារ មកពីឃុំចំនួន៤ នៃស្រុកស្រែអំបិល ខេត្តកោះកុង បានប្រមូលផ្ដុំគ្នាមុខសាលាស្រុក នៅថ្ងៃចន្ទនេះ ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីសម្បទានសង្គមកិច្ចដល់ពួកគាត់ ខណៈពួកគាត់កំពុងខ្វះដីសម្រាប់បង្កបង្កើនផល។

ពលរដ្ឋម្នាក់នៅឃុំដងពែង លោក ឡាំង ចៀវ ប្រាប់វីអូឌីនៅថ្ងៃទី២៥ ខែកក្កដានេះថា អ្នកភូមិចំនួន៩៥៥គ្រួសារ នៅឃុំដងពែង ឃុំជីខលើ ឃុំជីខក្រោម និងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចទៅអាជ្ញាធរស្រុកនិងខេត្តរយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែរហូតពេលនេះ អាជ្ញាធរទាំងនោះមិនទាន់មានការដោះស្រាយណាមួយសម្រាប់ពលរដ្ឋឡើយ។

ពលរដ្ឋរូបនេះបន្តថា អ្នកភូមិជាង៣០០នាក់បានប្រមូលផ្ដុំនៅមុខសាលាស្រុកស្រែអំបិល ថ្ងៃចន្ទនេះ ដើម្បីតាមដានញត្តិរបស់ពួកគាត់ និងជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយជូនពលរដ្ឋ។

លោកបន្ថែមថា៖ «ដោយសារប្រជាពលរដ្ឋយើងកំពុងខ្វះខាតដីសម្រាប់បង្កបង្កើនផលធ្វើស្រែចម្ការ ហើយកូនចៅរបស់ពួកគាត់ក៏ច្រើន។ អ្នកខ្លះគាត់អត់មានដីសម្រាប់ធ្វើលំនៅឋាន អ្នកខ្លះទៀតកំពុងរស់នៅលើចំណីព្រែករបស់រដ្ឋ ដោយពួកគាត់គ្មានដីសម្រាប់ការរស់នៅ»។

ពលរដ្ឋនៅឃុំដងពែងម្នាក់ទៀត លោក ចី រឿន និយាយថា គ្រួសារលោកមានដីសម្រាប់ធ្វើស្រែតិចតួចប៉ុណ្ណោះ ខណៈសមាជិកគ្រួសារមានចំនួនច្រើន និងកំពុងមានជីវភាពខ្វះខាត។ លោកថា នៅខេត្តកោះកុងមានដីទំនេរជាច្រើនកន្លែង​ ដែលរដ្ឋគួរតែបែងចែកជាដីសម្បទានសង្គមកិច្ចជូនពលរដ្ឋកំពុងខ្វះខាតដីអាស្រ័យផល ដើម្បីឱ្យពួកគាត់បានបង្កបង្កើនផលធ្វើស្រែចម្ការផ្គត់ផ្គង់ជីវភាពគ្រួសារ។ ​

លោកបន្ថែមថា៖ «ខ្ញុំរាល់ថ្ងៃនេះប្រកបមុខរបរធ្វើស្រែបន្តិចបន្តួច ខ្វះមុខខ្វះក្រោយ ហើយប្រជាពលរដ្ឋយើងដែលស្នើដីសម្បទានសង្គមកិច្ចហ្នឹង ព្រោះយើងវាអត់។ អត់មានដីធ្លីសម្រាប់កសិកម្មបង្កបង្កើនផល។ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយដីធ្លីជូនពួកខ្ញុំបានបង្កបង្កើនផលផង»

សូមលោកអ្នកនាងរង់ចាំតាមដានព័ត៌មានពិស្តារអំពីរឿងនេះនៅពេលបន្តបន្ទាប់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ