ពិភពលោក​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

លោក Kyaw Min Yu ដែលគេស្គាល់ថាជា Ko Jimmy ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យទាំងបួននាក់ដែលត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថាចូលរួម “អំពើភេរវកម្ម” ក្នុងប្រទេស។ (REUTERS)

អង្គការសហប្រជាជាតិ និងបណ្ដាប្រទេស​មួយចំនួន​នៅលើពិភពលោក បានថ្កោលទោស​របបយោធាមីយ៉ាន់ម៉ា ដែលបានប្រហារជីវិត​សកម្មជន​បក្សប្រឆាំងចំនួន៤រូប ដោយ​ពួកគេចាត់ទុក​ករណីនេះថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង​ជា​អំពើដ៏ឃោរឃៅមួយ។

ដកស្រង់ចេញពីសារព័ត៌មាន Reuters ប្រធានផ្នែក​សិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក​ស្រី មីឆែល បាឆេលែត (Michelle Bachelet) បានហៅការប្រហារជីវិត​នេះ​ថា​ «អំពើដ៏​ឃោរ​ឃៅ»

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតធឺរ៉េស (Antonio Guterres) បាន​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការចំពោះការប្រហារជីវិ​ត​នេះ ហើយ​បានអំពាវនាវជាថ្មីម្តងទៀតដល់របបយោធាមីយ៉ាន់ម៉ាឱ្យមានការដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី កាណាដា ជប៉ុន នូវែលសេឡង់ ន័រវេស កូរ៉េខាងត្បូង អង់គ្លេស និងសហរដ្ឋអាមេរិក បានពណ៌នាការប្រហារជីវិតនេះថាជាអំពើហិង្សាដែលមិនអាចអត់ឱនបាន ដែលបង្ហាញពីការមិនគោរពសិទ្ធិមនុស្ស និងការមិនគោរពច្បាប់របស់របបនេះ។

ចំណែកតំណាង​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) លោក ឆៃរ៉ា សាន់ចចជីអូ (Chiara Sangiorgio) បាននិយាយថា ការប្រហារជីវិតនេះ គឺជាការដើរថយក្រោយ ហើយថារបបយោធានឹងមិនបញ្ឈប់ទង្វើនេះទេ។

លោក អេឡែន ភាសុន (Elaine Pearson) នាយកស្តីទីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី បាននិយាយថា វាគឺជាអំពើឃោរឃៅបំផុតដែលមានគោលបំណងបង្ក្រាបចលនាតវ៉ាប្រឆាំងរដ្ឋប្រហារ។

គួរបញ្ជាក់ថា អាជ្ញាធរ​យោធារបស់​ប្រទេសមីយ៉ាន់ម៉ាបាន​ប្រហារ​ជីវិត​សកម្មជន​ប្រជាធិបតេយ្យចំនួន៤នាក់ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចូល​រួម​អនុវត្ត «អំពើភេរវកម្ម» នៅក្នុងប្រទេស។

តាមរយៈការកាត់ទោសប្រហារជីវិត​ក្នុងសវនាការ​បិទទ្វារ​ កាលពីខែមករាកន្លងទៅ បុគ្គលទាំង៤នាក់​នេះត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថាបាន​ចូល​រួម​ចំណែក​ជួយ​ដល់​កង​ជីវពល​ ក្នុងការប្រយុទ្ធ​ដោយបង្ហូរឈាមតទល់នឹងកងទ័ព​ដែលទទួលបានអំណាចតាមរយៈរដ្ឋប្រហារ កាលពី​ឆ្នាំ​មុន។

យោង​តាម​សារព័ត៌មាន​របស់​មីយ៉ាន់​ម៉ា Global New Light ក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតដោយ​ព្យួរកទាំងនោះ រួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ លោក ក្យរ មីនយូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) អតីតសមាជិកគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw) និងពីរនាក់ផ្សេងទៀត គឺលោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ