អតីត​អ្នកសាធារណរដ្ឋ និង​អ្នកប្រជាធិបតេយ្យនិយម​នៅ​អាមេរិក បង្កើត​គណបក្ស​នយោបាយ​ទី៣​ថ្មីមួយ

លោក​ អែនឌ្រូ យ៉ាង  (Andrew Yang) ជួបអ្នកគាំទ្រគណបក្សរបស់ខ្លួន។ (ហ្វេសប៊ុក៖ Andrew Yang)

អតីតមន្ត្រីមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិករាប់សិបនាក់ បានប្រកាសកាលពីថ្ងៃពុធ អំពីការបង្កើតគណបក្សនយោបាយជាតិថ្មីមួយទៀត ដើម្បីអំពាវនាវដល់ម្ចាស់ឆ្នោតរាប់លាននាក់ដែលខកចិត្តជាមួយនឹងប្រព័ន្ធគណបក្សពីរដែលមិនដំណើរការរបស់ អាមេរិក។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី២៨ ខែកក្កដា។

គណបក្សថ្មីដែលមានឈ្មោះថា Forward នឹងមានសហប្រធានជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក​ អែនឌ្រូ យ៉ាង  (Andrew Yang) និងអ្នកស្រី គ្រីស្ទីន ថុត វីតមែន (Christine Todd Whitman) អតីតអភិបាលរដ្ឋញូឆើស៊ី (New Jersey) មកពីគណបក្សសាធារណរដ្ឋ។ សមាជិកស្ថាបនិកគណបក្សនេះបង្ហាញក្ដីសង្ឃឹមថា គណបក្សនេះនឹងក្លាយជាជម្រើសមួយសម្រាប់ពលរដ្ឋអាមេរិក។

ប្រធានគណបក្សថ្មីនេះនឹងរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងទីក្រុងចំនួនពីរ នៅរដូវស្លឹកឈើជ្រុះនេះ ដើម្បីចាប់ផ្តើមកម្មវិធីរបស់ខ្លួន និងទាក់ទាញការគាំទ្រ។ ពួកគេនឹងរៀបចំពិធីសម្ពោធបង្កើតគណបក្សជាផ្លូវការ នៅទីក្រុងហ៊ូស្តុន (Houston) នៅថ្ងៃទី២៤ ខែកញ្ញា និងសន្និបាតជាតិលើកដំបូងរបស់គណបក្ស នៅក្នុងទីក្រុងធំមួយរបស់សហរដ្ឋអាមេរិក នៅរដូវក្ដៅក្រោយ។

សសរស្ដម្ភពីរនៃកម្មវិធីនយោបាយរបស់គណបក្សថ្មីនេះ គឺការពង្រឹងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌និងរីកចម្រើន និងផ្តល់ឱ្យប្រជាជនអាមេរិកនូវជម្រើសកាន់តែច្រើននៅក្នុងការបោះឆ្នោត។

គណបក្ស​ថ្មីនេះ គឺជាគណបក្សកណ្ដាលនិយម។ គេរំពឹងថា មេដឹកនាំគណបក្សថ្មីនេះនឹង​ថ្លែង​អំពីកម្មវិធីនយោបាយរបស់ខ្លួននៅ​ក្នុងពិធីសម្ពោធបើកគណបក្ស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ។  

មិនមានភាពច្បាស់លាស់ទេ ថាតើគណបក្ស Forward អាចជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតរបស់គណបក្សណាមួយនៅអាមេរិក។ តែទោះជាយ៉ាងណាក៏ដោយ អ្នក​វិភាគ​នយោបាយ​ប៉ាន់ប្រមាណថា គណបក្សនេះនឹងទទួលបានជោគជ័យ។

មានប្រតិកម្មជាច្រើនពីសាធារណជននៅលើបណ្ដាញសង្គម Twitter។ អ្នកប្រជាធិបតេយ្យនិយមជាច្រើននាក់នៅលើបណ្ដាញសង្គមមួយនេះ បានសម្តែងការព្រួយបារម្ភថា គណបក្សថ្មីនេះនឹងទាញយកសន្លឹកឆ្នោតបានច្រើនពីគណបក្សប្រជាធិបតេយ្យ ជាជាងគណបក្សសាធារណរដ្ឋ និងអាចជួយឱ្យគណបក្សសាធារណរដ្ឋទទួលបានសន្លឹកឆ្នោតយ៉ាងប្រកៀក។

គណបក្ស Forward រំពឹងថាទទួលបានសន្លឹកឆ្នោតនៅក្នុងរដ្ឋចំនួន៣០ នៅចុងឆ្នាំ២០២៣ និងនៅក្នុងរដ្ឋទាំង៥០ នៅចុងឆ្នាំ២០២៤ ដែលជាពេលវេលាសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងរដ្ឋសភា នៅក្នុងឆ្នាំ២០២៤។ គណបក្សនេះមាន​គោលបំណង​ដាក់​បេក្ខជន​សម្រាប់​ការ​ប្រកួតប្រជែង​ក្នុង​តំបន់ ដូចជា ​ក្រុមប្រឹក្សា​សាលារៀន ​ក្រុមប្រឹក្សា​ក្រុង រដ្ឋសភា​សហរដ្ឋអាមេរិក និង​​រហូតដល់​តំណែងកំពូលរបស់ជាតិ គឺ​ប្រធានាធិបតី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ