របប​យោធា​មីយ៉ាន់ម៉ា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រយៈពេល​៦ខែ​បន្តទៀត

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Stringer)

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃចន្ទនេះថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងបន្តដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀត ហើយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់របបយោធាក៏បានអនុម័តរួចហើយដែរ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែសីហា នេះ។

របប​យោធា​បាន​ប្រកាស​ដាក់​ប្រទេសក្នុងគ្រាអាសន្ន​ជា​លើក​ដំបូង ​បន្ទាប់​ពី​បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដោយ​រដ្ឋ​ប្រហារ ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​មុន។

សារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ា បានរាយការណ៍ថា សមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ បានគាំទ្រជាឯកច្ឆន្ទចំពោះសំណើបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។

សារព័ត៌មាននេះបានដកស្រង់សម្តីលោក មីន អ៊ុងឡាំង (Min Aung Hlaing) ថា៖ «នៅក្នុងប្រទេសរបស់យើង យើងត្រូវបន្តពង្រឹងប្រព័ន្ធប្រជាធិបតេយ្យពហុបក្សពិតប្រាកដ និងប្រកបដោយវិន័យ ដែលជាបំណងប្រាថ្នារបស់ប្រជាជន»។

ប្រទេសមីយ៉ាន់ម៉ាមានភាពចលាចលចាប់តាំងពីមានរដ្ឋប្រហារដោយក្រុមយោធា ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំគណបក្សសម្ពន្ធជាតិប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលបានបណ្តាលឱ្យប្រទេសនេះធ្លាក់ទៅក្នុងជម្លោះនយោបាយនិងប្រដាប់អាវុធរីករាលដាលស្ទើរទូទាំងប្រទេស បន្ទាប់ពីកងទ័ពបានបង្ក្រាបការតវ៉ាដោយសន្តិវិធីនៅក្នុងទីក្រុងនានា។

របបយោធាបានអះអាងការពារខ្លួនថា ការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ ដោយសារតែគណបក្សមួយនេះបានលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយដែលនាំឱ្យគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បានឈ្នះឆ្នោតនៅពេលនោះ។

ប៉ុន្តែក្រុម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​​រកមិន​ឃើញ​ភស្តុតាង​ដែលបញ្ជាក់ពីការ​ក្លែង​បន្លំ​នោះឡើយ។

ក្រោយរដ្ឋប្រហារ របបយោធាបានសន្យាថានឹងរៀបចំឱ្យមានការបោះឆ្នោតថ្មីទៀតនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ។ 

ទោះយ៉ាងណាក៏ដោយ ក្រុមប្រឆាំងមិនជឿថា ការបោះឆ្នោតដែលបានគ្រោងទុកនឹងប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ