កម្មករម្នាក់​ស្លាប់ និង​៦នាក់ទៀត​រងរបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ស្ពឺ

​គ្រោះថ្នាក់​​ចរាចរណ៍បុកគ្នារវាង​​រថយន្តកូរ៉េ២តោនកន្លះ​ ដឹកកម្មករ ​បុកជាមួយ​រថយន្តតូរីស នៅ​ចំណុច​កំណាត់ផ្លូវ​ជាតិ​លេខ​​៤១​ ចន្លោះ​គីឡូម៉ែត្រ៣៨​ និង៣៩ នៅក្នុង​ភូមិពោធិ៍ខ្ញែរ​ ឃុំពោធិ៍ម្រាល​ ស្រុក​បរសេដ្ឋ​ ខេត្តកំពង់ស្ពឺ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)

យ៉ាងហោចណាស់ កម្មករ​ម្នាក់ស្លាប់ និង៦នាក់​ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល​ ដោយសារ​ជួប​គ្រោះថ្នាក់​​ចរាចរណ៍បុកគ្នារវាង​​រថយន្តកូរ៉េ២តោនកន្លះ​ ដឹកកម្មករ ​បុកជាមួយ​រថយន្តតូរីស នៅ​ចំណុច​កំណាត់ផ្លូវ​ជាតិ​លេខ​​៤១​ ចន្លោះ​គីឡូម៉ែត្រ៣៨​ និង៣៩ នៅក្នុង​ភូមិពោធិ៍ខ្ញែរ​ ឃុំពោធិ៍ម្រាល​ ស្រុក​បរសេដ្ឋ​ ខេត្តកំពង់ស្ពឺ។

ប្រធាន​មន្ទីរ​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត​កំពង់ស្ពឺ លោក ចឹក បុរិន មានប្រសាសន៍​ថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅម៉ោងជាង៦ព្រឹកនេះ បាន​បណ្ដាលឱ្យកម្មករម្នាក់ស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈសាកសពត្រូវបានបញ្ជូនទៅក្រុមគ្រួសារនៅស្រុកជុំគិរី ខេត្តកំពត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកបន្តថា ​រថយន្តបង្កហេតុត្រូវបានអធិការនគរបាលស្រុកបរសេដ្ឋ យកទៅរក្សាទុក ដើម្បីចាត់វិធានការច្បាប់ ខណៈជនបង្កហេតុ លោក​នៅ​មិន​ទាន់​ដឹង​ថាត្រូវបានឃាត់ខ្លួនឬយ៉ាងណានោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ទាន់ទទួលបានរបាយការណ៍ថាមានការឃាត់ខ្លួនជនបង្កនៅឡើយ គ្រាន់តែដឹងថា ឡានគេយកទៅទុកនៅប៉ូលិសចរាចរណ៍ នៅអធិការស្រុកបរសេដ្ឋអស់ហើយ ដើម្បីចាត់វិធានការច្បាប់បន្ត»។

អធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លោក ចន សុភិត មានប្រសាសន៍បន្ថែម​ថា ក្រោយ​ជួប​ឧបទ្ទ​វហេតុ​​គ្រោះថ្នាក់ចរា​ចរណ៍នេះ ទាំងអ្នកបើកបរ​​រថយន្ត​​កូរ៉េ និងអ្នកបើកបរ​​រថយន្តតូរីស បាននាំគ្នា​រត់គេចខ្លួនបាត់។ ទោះ​យ៉ាងណា លោកថា មន្ត្រីជំនាញបានកំណត់មុខសញ្ញាបានខ្លះៗ​ហើយ ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

លោកថា៖ «អ្នកបើកបររត់គេចខ្លួនបាត់ យើងទៅអត់ទាន់ យើងបានត្រឹមតែឃាត់ទុកនូវវត្ថុតាង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។ បើតាមព័ត៌មានបឋម ឮថាជនបង្កហេតុនៅកំពត យើងដឹងអត្តសញ្ញាណខ្លះៗហើយ ទាំងពីរនាក់ហ្នឹង»។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរា​ចរណ៍​ផ្លូវ​គោក លោក ស ខេង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា គ្រោះថ្នាក់ចរា​ចរណ៍​ពេញមួ​យឆ្នាំ នា​ឆ្នាំ​​​២០២១ បានកើតឡើងចំនួន​​២ ៦៧០លើក ដែលបណ្ដាល​ឱ្យ​មនុស្ស១ ៤៩៧នាក់​ស្លាប់ និង​​រង​របួស​ចំនួន៣ ៦១៥នាក់។

ក្រុមអ្នកជំនាញ​​​បានរកឃើញពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១​ ដោយសារការ​បើកបរ​លើសល្បឿនកំណត់​ចំនួន​៣​៨​ភាគ​រយ, ការ​មិន​គោរព​សិទ្ធិ​​​ ២៤ភាគរយ, ការមិនប្រកាន់ស្ដាំ ១៤ភាគរយ, ការជែងដោយ​​គ្រោះថ្នាក់ ៨ភាគរយ, បត់​ឆ្វេង-ស្ដាំមិន​ប្រយ័ត្ន​​ ៨ភាគរយ, ស្រវឹង ៤ភាគរយ, កត្តាយានយន្ត​ ៣ភាគរយ និង​ងងុយ មាន១ភាគរយ។

ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​លោក ស ខេង ធ្លាប់បាន​បញ្ជាក់​​ដោយយោង​តាម​របាយការណ៍ថា ​គ្រោះថ្នាក់ចរាចរ​ណ៍​បាន​កើតឡើង៨៦៩ករណី ដែលចំនួននេះមានការ​កើន​ឡើង១០៦លើក ស្មើនឹង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំពោះចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី១​វិញ លោកថាមាន​ចំនួន៤៩៣​នាក់ ដែលចំនួននេះកើនឡើង៦០​នាក់ ឬស្មើនឹង១៤ភាគរយ ខណៈអត្រាអ្នករងរបួសមានចំនួន១ ២៦២នាក់ កើនឡើង១៤៩នាក់ ឬស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ